ក្រោយបុណ្យ​ភ្ជុំបិណ្ឌ ចំនួន​កុមារ​ចូលសម្រាក​ក្នុង​មន្ទីរពេទ្យ​គន្ឋបុប្ផា​កើន ទ្បើង​យ៉ាង​គំហុក

ចំនួនកុមារ​ចូលសម្រាក​នៅមន្ទីរពេទ្យ​គន្ឋបុប្ផា​រាជធានី​ភ្នំពេញ និង​មន្ទីរពេទ្យ​ជ័យវរ្ម័ន​ទី៧ ខេត្ត​សៀមរាប បានកើន​ទ្បើងយ៉ាង​គំហុកខុស​ពីពេល​ធម្មតា បន្ទាប់ពី​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​បានបញ្ចប់​កាលពី​សប្តាហ៍មុន។

រូបភាព​ សហការី

រូបភាព​ សហការី

លោកសាស្រ្តាចារ្យ យ៉ៃ ចន្ទនា នាយក​មន្ទីរពេទ្យ​ជ័យវរ្ម័នទី៧ ខេត្តសៀមរាប​បានមាន​ប្រសាសន៍ឲ្យ​គេហទំព័រ​សុខភាពកម្ពុជា ដឹងតាម​ទូរស័ព្ទ នៅព្រឹក​ថ្ងៃទី​២៩ កញ្ញា​នេះថា ចំនួន​កុមារចូល​សម្រាក​ក្នុងមន្ទីរពេទ្យ និង​មកពិគ្រោះ​ជំងឺក្រៅ​មានការ​កើនទ្បើង​យ៉ាងគំហុក​ក្រោយពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ទើបបញ្ចប់​កាលពី​ពេលថ្មីៗ​នេះ។ ស្ថានភាព​នេះដូចគ្នា​នឹងឆ្នាំមុន ប៉ុន្តែឆ្នាំមុន​ជំងឺគ្រុន​ឈាមមាន​ចំនួនច្រើន តែឆ្នាំនេះ​ជំងឺគ្រុនឈាម​ធ្លាក់ចុះ ហើយជំងឺ​ធម្មតាកើន​ទ្បើងច្រើន​ទៅវិញ។ លោកបន្ត​ថា ជំងឺរលាក​ខួរក្បាល​នៅតែឈាន​មុខគេ ក្នុងចំណោម​កុមារមក​ពិគ្រោះជំងឺ​ក្រៅ និងចូល​សម្រាក​ក្នុង​មន្ទីរពេទ្យ។

លោកបន្ត​ថា “ក្នុងមួយថ្ងៃ​ មន្ទីរពេទ្យ​ទទួល​អ្នកជំងឺ​ចូលសម្រាក​ចំនួន​២០០​ទៅ២៥០​នាក់ និង​ពិគ្រោះជំងឺ​ក្រៅគិត​ជាមធ្យម​ប្រមាណ​១៥០០នាក់ និង​ពិនិត្យ​ផ្ទៃពោះ​៥៥០នាក់​ជាប្រចាំ​ក្នុងមួយ​ថ្ងៃមួយថ្ងៃ”។ លោក​បន្តថា “លើសពីនោះ​មន្ទីរពេទ្យ​បានផ្តល់​សេវាសម្ភព ដល់ស្រ្តី​ត្រូវសម្រាល​កូនចំនួន​៧០នាក់ ឬ​ច្រើន​ជាងនេះ​ជាប្រចាំ​ក្នុងមួយថ្ងៃ​មួយថ្ងៃ”។

លោក​សាស្រ្តាចារ្យ យ៉ៃ ចន្ទនា បានបន្ត​ថា អត្រា​ប្រើប្រាស់​គ្រែក្នុង​មន្ទីរពេទ្យ​មានលើស​១០០ភាគរយ​ជាប្រចាំ ក្នុងចំណោម​គ្រែសរុប​ចំនួន៩៥០​គ្រែ នៅមន្ទីរពេទ្យ​ជ័យវរ្ម័នទី៧​ខេត្តសៀមរាប និង​មន្ទីរពេទ្យ​គន្ឋបុប្ផា​នៅរាជធានី​ភ្នំពេញមាន​សរុបចំនួន​​​១០០០​គ្រែផងដែរ ហើយគ្រែ​ទាំងនោះ​មិនដែល​មានពេល​ទំនេរ​នោះទេ។

រូបភាព​ សហការី

រូបភាព​ សហការី

លោក​សាស្រ្តាចារ្យ គី សន្ទទី ប្រធាន​មន្ទីរពេទ្យ​គន្ឋបុប្ឆា​រាជធានី​ភ្នំពេញ​បានមាន​ប្រសាសន៍ថា នៅរាជធានី​ភ្នំពេញ​កុមារចូល​សម្រាក​ក្នុងមន្ទីរ​ពេទ្យនៅ​តែមាន​ការកើន​ទ្បើង​ជាប្រចាំ ដោយមួយថ្ងៃៗ មន្ទីរពេទ្យ​ទទួល​កុមារ​មកពិគ្រោះ​ជំងឺក្រៅ​ពី១៥០០​ទៅ១៨០០​នាក់​ជាប្រចាំ និង​ថយចុះ​ទាបជាង​នេះបន្តិច ចំពោះ​ថ្ងៃ​អាទិត្យ។ លោកបន្តថា មន្ទីរពេទ្យ​ទទួលកុមារ​ចូលសម្រាក់​ជារៀងរាល់​ថ្ងៃ ចន្លោះពី​៣៥០​ទៅ៤០០​នាក់​ជាប្រចាំ ហើយអត្រា​ប្រើប្រាស់​គ្រែមាន​ជាង១០០​ភាគរយ ដោយគ្រែ​មួយតែង​មានដាក់​កុមារឲ្យ​សម្រាក​ពីរនាក់ ប្រសិនជា​ចំនួនអ្នក​ជំងឺកើន​ទ្បើងគំហុក​ខ្លាំង។

លោក​សាស្រ្តាចារ្យ បេអាត រីចនើ (Beat Richner) ប្រធាន​មូលនិធិ​គន្ឋបុប្ផា​ធ្លាប់បាន​មាន​ប្រសាសន៍​ថា មន្ទីរពេទ្យ​នេះចំណាយ​មួយថ្ងៃ​ក្នុងរង្វង់​១២០.០០០​ដុល្លារ​អាមេរិក​ជាប្រចាំ ដើម្បី​ដំណើរការ​ផ្តល់សេវា​ពិនិត្យ​ព្យាបាល​ដោយឥត​គិតថ្លៃ ហើយគ្មាន​គ្រូពេទ្យណា​ម្នាក់ក្នុង​មន្ទីរពេទ្យនេះ​ទទួល​ប្រាក់ពី​អ្នកជំងឺ និងគ្មាន​គ្រូពេទ្យ​ណាម្នាក់​បើកគ្លីនិក​រកស៊ី​ផ្ទាល់ខ្លួន​នៅខាង​ក្រៅទ្បើយ។ លោក​សាស្រ្តាចារ្យ​បាននិង​កំពុងស្វែង​រកប្រាក់​ជាច្រើន​ទៀត សម្រាប់​ដំណើរការ​មន្ទីរពេទ្យ​នេះនៅ​រយៈពេល​១០ទៅ​២០ឆ្នាំ​ខាងនមុខ ដែលជា​ពេលវេលា​ដ៏លំបាក​ក្នុងការ​រកមូលនិធិ​សម្រាប់​មន្ទីរពេទ្យ​នេះ។

លោក​ធ្លាប់​បានមាន​ប្រសាសន៍​ថា “ខ្ញុំចាស់​ហើយ ខ្ញុំមិនដឹង​ថាអាច​លេងសែលទ្បូ ដើម្បីរក​មូលនិធិ​ជួយទ្រទ្រង់​ដល់មន្ទីរពេទ្យ​នេះដល់​ពេលណា​នោះទេ តែខ្ញុំ​សង្ឃឹមថា​ប្រជាជនកម្ពុជា​នឹងជួយ​ខ្លួនឯង”។ លោក​បន្តថា “នៅ​កម្ពុជា​មានអ្នកមាន​ប្រាក់ច្រើន​ណាស់ ដែលអាច​ជួយគាំទ្រ​ដល់មន្ទីរពេទ្យ​នេះ ហើយវា​មានអារម្មណ៍​អាម៉ាស់​ខ្លាំងណាស់ ដែលមាន​វត្តមាន​រថយន្ត​រុលរ៉យ​នៅកម្ពុជា ហើយមាន អ្នកជិះ​ព្រោងព្រាត​តាមដងផ្លូវ ខណៈប្រជាជន​នៅជន​បទក្រីក្រ”៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤

Google Analytics Alternative