កម្មវិធីជាតិ​ប្រយុទ្ឋ​ជំងឺរបេង នឹងបំពាក់​ម៉ាស៊ីន​G Expert នៅទូទាំង​ប្រទេស

ក្នុងឆ្នាំ​២០១៨ ក្នុងគោលដៅ​ស្រាវជ្រាវ​រកឃើញ​ជំងឺរបេង​ឲ្យបាន​កាន់តែ​ឆាប់រហ័ស និង​ព្យាបាល​បានលឿន និងជា​សះស្បើយ​ កម្មវិធីជាតិ​កំចាត់រោគ​របេង​នឹងពង្រាយ​ម៉ាស៊ីន (G Expert) ឲ្យបាន​ទូទាំង​ប្រទេស​នៅឆ្នាំ​២០១៨​ខាងមុខនេះ។

លោកវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង

លោកវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង

លោកវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង ប្រធាន​មជ្ឈមណ្ឌល​ជាតិប្រយុទ្ឋ​នឹងជំងឺ​របេង​និង​ហង់សិន ក្រសួង​សុខាភិបាល​បានមាន​ប្រសាសន៍ឲ្យ​គេហទំព័រ​សុខភាពកម្ពុជា ដឹងកាលពី​ព្រឹកថ្ងៃ​ទី២៧ កញ្ញានេះ​ថា ការពិនិត្យ​កំហាក និងការ​ពិនិត្យរក​ជំងឺរបេង​ដោយប្រើប្រាស់​ម៉ាស៊ីន G Expert ជាផ្នែកមួយ​ជួយ​បង្កើន​ល្បឿន​ក្នុងការ​ស្រាវជ្រាវ​រកអ្នកជំងឺ​របេងផង​ដែរ ដែល​បច្ចុប្បន្ននេះ​កម្មវិធីជាតិ​ប្រយុទ្ឋជំងឺ​របេង បានពង្រីក​ម៉ាស៊ីន G Expert នៅតាម​ការិយាល័យ សុខាភិបាល​ស្រុកប្រតិបត្តិ​ចំនួន១១​កន្លែង​ទូទាំង​ប្រទេស និងគ្រោង​ដាក់ចំនួន​៧កន្លែង​ទៀត​នៅដំណាច់​ឆ្នាំនេះ។ កម្មវិធីជាតិ​គ្រោងពង្រីក​ម៉ាស៊ីន G Expert នៅតាម​គ្រប់​មន្ទីរពេទ្យ​ទូទាំង​ប្រទេស​នៅដំណាច់​ឆ្នាំ២០១៨​ខាងមុខនេះ។

លោកបាន​បន្តថា កាលពី​បណ្តាឆ្នាំ​កន្លងមក​ការធ្វើ​រោគវិនិច្ឆ័យ​ជំងឺរបេង ធ្វើទ្បើង​លើអ្នកមាន​រោគសញ្ញា​ក្អករយៈ​ពេលពីរ​សប្តាហ៍​ប៉ុណ្ណោះ ប៉ុន្តែ​តាមរយៈ​ការអង្កេត​ថ្នាក់ជាតិ​កាលពី​ឆ្នាំ២០១១ បានរក​ឃើញថា ការធ្វើ​រោគវិនិច្ឆ័យ​បែបនេះ នឹងធ្វើ​ឲ្យលទ្ឋភាព នៃការរក​ឃើញជំងឺ​របេងមាន​ភាពចន្លោះ​ប្រហោង ហេតុនេះ​ទើបកម្មវិធី​ជាតិ បានពង្រីក​ការធ្វើ​រោគវិនិច្ឆ័យ​លើករណី​សង្ស័យ​ចំនួន៦ ដូចជា ទី១ ធ្វើរោគ​វិនិច្ឆ័យ​លើអ្នកក្អក​លើសពីរ​សប្តាហ៍ ទី២ ធ្វើរោគ​វិនិច្ឆ័យ​លើអ្នក​ក្តៅខ្លួន​លើសពីរ​សប្តាហ៍ ទី៣ ធ្វើរោគ​វិនិច្ឆ័យ​លើអ្នក​ស្រកទម្ងន់​លើសពីរ​សប្តាហ៍ ទី៤ ធ្វើរោគ​វិនិច្ឆ័យលើ​អ្នកបែកញើស​នៅពេល​យប់ ទី៥ ធ្វើរោគ​វិនិច្ឆ័យ​លើអ្នកមាន​ទ្បើងកូន​កណ្តុរ​នៅលើក និងទី៦ ធ្វើរោគ​វិនិច្ចឆ័យ​លើអ្នកមាន​អាការៈហើម​សន្លាក់ឆ្អឹង ឬឈឺ​ឆ្អឹងខ្នង។ ការផ្លាស់ប្តូរ​វិធីសាស្រ្ត​នៃការធ្វើ​រោគវិនិច្ឆ័យ បានធ្វើឲ្យ​កម្មវិធីជាតិ​ប្រយុទ្ឋជំងឺ​របេងឆ្នាំនេះ​រកឃើញ​ករណី​ជំងឺរបេង​ឆ្នាំនេះ​ច្រើនឆ្នាំមុន។

លោក​វេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង បាន​បន្តថា នៅឆ្នាំ​២០១៤នេះ កម្មវិធីជាតិ​ប្រយុទ្ឋនឹង​ជំងឺរបេង រំពឹងថា នឹងអាច​ស្រាវជ្រាវ​រកជំងឺ​របេងបាន​ជាង៤០.០០០​ករណី កើនទ្បើង​ពី៣៩.០៥៥​ករណី ដែលបាន​រកឃើញករណី​ជំងឺរបេង​សរុបកាល​ពីឆ្នាំមុន។ គិតត្រឹម​រយៈពេល​ត្រីមាសទី១​ឆ្នាំនេះ កម្មវិធីជាតិ​ប្រយុទ្ឋ​ជំងឺរបេង​បានរកឃើញ​ករណីរបេង​សរុបចំនួន​១០.៩០៣​ករណី។ លោក​បន្តថា ការរក​ឃើញករណី​ជំងឺរបេង​កើនទ្បើងនេះ ដោយសារ​កម្មវិធីជាតិ​ប្រយុទ្ឋ​ជំងឺរបេង បានធ្វើ​ការបណ្តុះ​បណ្តាល ពីរបៀប​ធ្វើរោគ​វិនិច្ឆ័យ​ជំងឺរបេង​ថ្មី ដល់មន្រ្តី​កម្មវិធីជាតិ​ជាង២៦០០​នាក់ និងការ​ផ្លាស់ប្តូរ​ ព្រមទាំង​ពង្រីកវិធីសាស្រ្ត​ស្រាវជ្រាវ​រកករណី​ជំងឺរបេង។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៤

Google Analytics Alternative