គ្រុនឈាម​នៅមិន​ទាន់មាន​វ៉ាក់សាំង​នៅឡើយទេ

តាមឯកសារ​របស់ អង្គការសុខភាព​ពិភពលោក​បានឲ្យ​ដឹងថា រហូត​មក​ដល់នេះ ពិភពលោក មិនទាន់​មានវ៉ាក់​សាំង​ការពារ ឬ ឧិសថ​ប្រឆាំង វីរុស គ្រុនឈាម នៅឡើយទេ។ ហេតុនេះ​មានតែ​ព្យាបាល ផ្អែកជា​សំខាន់ ដើម្បី​សម្រន់​រោគសញ្ញា​ប៉ុណ្ណោះ។ មាន​ប្រជាជន ២៥០០​លាននាក់ កំពុង​​ប្រឈមនឹង​ការឆ្លង វីរុស​គ្រុនឈាម​ក្នុងនោះ​៧០% នៅក្នុង​តំបន់ អាស៊ី​ប៉ាស៊ីហ្វិក។

រូបភាព សហការី

រូបភាព សហការី

តាមការ​ក្រាស​លទ្ធផល​ស្រាវជ្រាវ​ថ្មីៗនេះ​របស់​សកល​វិទ្យាល័យ​អុកស្វ័ត និង​មូលនិធិ​វែលខម​ត្រឺស​ បានឲ្យ​ដឹងថា ក្នុង១ឆ្នាំៗ មាន​ប្រជាជន​៣៩៦លាន​នាក់ ក្នុងសកល​លោក បានឆ្លង​វីរុស​គ្រុនឈាម ក្នុងនោះ មាន៩៦​លាននាក់ (១ភាគ​៤) មានរោគ​សញ្ញា​ដែលតម្រូវ​ឱ្យចូល​សំរាក​ពេទ្យ ហើយមាន ២៩៤​លាន​នាក់ បានឆ្លង​វីរុស​គ្រុនឈាមដែរ ប៉ុន្តែ​មានអ្នកខ្លះ មានរោគ​សញ្ញា​ស្រាល ឬគ្មាន​រោគសញ្ញា​តែម្តង។

តាមទិន្នន័យ​នេះ កាលណា​ឃើញមាន កុមារ​ម្នាក់ចូល សំរាក​ពេទ្យ​ដោយសារ រោគសញ្ញា​គ្រុនឈាម​នោះ យើងអាច​ប៉ាន់ស្មាន​ថា នៅមជ្ឍដ្ឋាន​ដែល​កុមារនេះ រស់នៅ​អាច មានអ្នក​ដែលឆ្លង​វីរុស​គ្រុនឈាម ប្រហែល​៣នាក់ ជាអ្នក​បានឆ្លង​វីរុស​គ្រុនឈាម ប៉ុន្តែ​អ្នកខ្លះ​មានរោគ​សញ្ញាស្រាល ឬគ្មាន​រោគ​សញ្ញា ហើយពួក​គេ៣នាក់ ដែលជា ភ្នាក់ផ្ទុក​វ៉ីរុស​ដោយមិន​ដឹងខ្លួន ដែលមូស​ខ្លាញី​ខាំ អាចខាំ​ចំលងទៅ​អ្នកដ៏ទែ បានយ៉ាង​ងាយ។ ហេតុនេះ​កាលណា​ឃើញមាន​ករណី​គ្រុនឈាម ចូលសំរាក​ពេទ្យកាន់​តែច្រើន ហានីយ​ភ័យ ក្នុងការ​ឆ្លងមានកំរិត​កាន់តែខ្ពស់​ណាស់​សំរាប់​សហគមន៏ ដែល​អ្នកជំងឺ ទាំងនោះ​រស់នៅ។

តាមទិន្នន័យ​អង្គការ​សុខភាព​ពិភពលោក សរុប​ករណី​ឈឺ​ក្នុង៣​តំបន់ គឺអាមេរិក អាស៊ីអាគ្នេហ៏ និង ប៉ាស៊ីហ្វិក​ខាងលិច កើន​ប្រហែល​៩០% ក្នុងរយៈ​កាលតែ​២ឆ្នាំ គឺឆ្នាំ​២០០៨-២០១០។ ក្នុង​រយៈកាល​ទសវត្ស ឆ្នាំ២០០០-​២០១០​ ចំនួន​ករណី​គ្រុនឈាម ក្នុងតំបន់​អាស៊ាន​កើន១៩% ជាមធ្យម​ក្នុង១ឆ្នាំៗ ក្នុងនោះ​កម្ពុជា​កើន១០% ក្នុង១ឆ្នាំៗ ក្នុង​ទសវត្ស​ដូចគ្នា។

យោងតាម​របាយការណ៍​របស់​មជ្ឈមណ្ឌល​ជាតិប្រយុទ្ធ​នឹងជំងឺ​គ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ បាណកសាស្ត្រ បានឲ្យ​ដឹងថា​ចំនួនករណី​គ្រុនឈាម​នៅកម្ពុជា​ក្នុងរយៈពេល​៦ខែឆ្នាំ​២០១៤នេះ មាន១០០៥ នាក់ក្នុង​នោះស្លាប់​៦នាក់។ ចំនួននេះ​មានការ​ថយចុះ​៨៣ភាគរយ បើប្រៀបធៀប​ទៅនឹង​រយៈពេល​ដូចគ្នា ឆ្នាំ២០១៣ ដែលមាន​៦០៣៩​នាក់ ក្នុងនោះ ស្លាប់​២៥នាក់៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៤

Google Analytics Alternative