កម្ពុជា នឹង​ប្រារព្វ​ទិវាជំងឺ​ឆ្កែឆ្កួត​ពិភពលោក នៅថ្ងៃ​ទី២៨​កញ្ញា

ក្រសួង​សុខាភិបាល និង អង្គការ​សុខភាព​ពិភពលោក នឹងរៀបចំ​ទិវាជំងឺ​ឆ្កែឆ្កួត​ពិភពលោក នៅថ្ងៃទី ២៨ ខែកញ្ញា ខាងមុខនេះ ដើម្បី​រំលឹក​ថាជំងឺ​ឆ្កែឆ្កួត នៅ តែជា​បញ្ហា​គ្រោះថ្នាក់ ផ្នែកសុខភាព​សាធារណៈ នៅក្នុង​តំបន់​ជាច្រើន ក្នុង​ពិភពលោក។

រូបភាព គេហទំព័រ សុខភាពកម្ពុជា

រូបភាព គេហទំព័រ សុខភាពកម្ពុជា

ជំងឺនេះ​បានសម្លាប់​មនុស្ស យ៉ាងហោច​ណាស់​៥៥០០០ នាក់ និងជាង​៩០% នៃករណី​ប្រមូលផ្តុំ​ទ្វីបអាស៊ី និង​អាហ្រ្វិក។ នេះបើយោង​តាមសេចក្តី​ប្រកាស​ពត៌មាន​រួមគ្នាមួយ រវាង​ក្រសួង​សុខាភិបាល និង អង្គការ​សុខភាព​ពិភពលោក កាលពី​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៤។

ដោយឡែក​សំរាប់​ប្រទេសកម្ពុជា បើយោង​តាមការ​សិក្សាមួយ ធ្វើឡើង​ដោយវិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា នៅឆ្នាំ​២០០៧ បាន​បង្ហាញថា មានប្រជាជន​ប្រមាណ ៨០០ នាក់ អាចស្លាប់​ដោយ​ជំងឺនេះ។ សត្វឆ្កែ គឺជាអ្នក​ផ្ទុកវីរុស​ឆ្កែឆ្កួត​សំខាន់​បំផុត បើតាម​ការសិក្សា​នោះ ក្នុងប្រជាជន​បីនាក់ មាន សត្វឆ្កែ​មួយក្បាល ដែលមាន​ប្រមាណ ៤,៧ លានក្បាល​ហើយ ត្រូវបាន​ប៉ាន់ប្រមាណ​ថា យ៉ាងហោច​ណាស់ មានសត្វ​ឆ្កែខាំ ៧០០ ០០០ នាក់ ដែលកើត​ឡើងជា​រៀងរាល់​ឆ្នាំ។

ព័ត៌មានពាក់ព័ន្ធ នៅកម្ពុជា មនុស្ស៨០០នាក់ស្លាប់ដោយសារជំងឺឆ្កែឆ្កួត ជារៀងរាល់ឆ្នាំ

វិទ្យាស្ថាន​ប៉ាស្ទ័រ នៅរាជធានី​ភ្នំពេញ ជាមជ្ឈ​មណ្ឌល​បង្ការ​ជំងឺឆ្កែឆ្កួត​ធំបំផុត​នៅកម្ពុជា ក្នុងការ​ផ្តល់ការ​ចាក់វ៉ាក់សាំង ដ៏មាន​ប្រសិទ្ធភាព ដែលធ្វើ​ការរយៈ​ពេល ៦ថ្ងៃ ក្នុងមួយ​សប្តាហ៍។ នៅក្នុង​ឆ្នាំ២០១៣ មានប្រជាជន​ប្រមាណជា ២១០៧៦​នាក់ បានមក​ចាក់វ៉ាក់សាំង​ជំងឺឆ្កែឆ្កួត ក្នុងនោះ 93.5 % បានខាំ​ដោយ​ឆ្កែ និង 5.5 % ខាំ​ដោយឆ្មា។

លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​ឆ្លង នៃក្រសួង​សុខាភិបាល បាន​ពន្យល់ថា “ ជំងឺឆ្កែឆ្កួត នៅតែ​ជាការ​គំរាមកំហែង​ដ៏ធ្ងន់ធ្ងរ ដល់​សុខភាព របស់​ប្រជាជន​កម្ពុជា និងដែល​ភាគច្រើន បណ្តាលឲ្យ​ស្លាប់ មានន័យ​ថា គ្មានការ​ព្យាបាល​សម្រាប់​ជំងឺនេះ។ បន្ទាប់ពី​មានរោគ​សញ្ញា មានតែ​ការចាក់​វ៉ាក់សាំងទេ ទើបអាច​ការពារ​ជំងឺឆ្កែឆ្កួត មាន​ប្រសិទ្ធិភាព ទាំង​មនុស្ស និងសត្វ ដែលអាច​ប្រើមុន​ពេល និងបន្ទាប់​ពីការ​ប៉ះពាល់”។

លោក​ថា វិធីសាស្រ្ត​ក្នុងការ​ការពារ មានដូចជា ត្រូវលាង និង ដុសម្អាត​របួសភ្លាមៗ ជាមួយ​សាប៊ូ និងទឹក​រយៈពេល​១៥នាទី។ ប្រសិន​គ្មានសាប៊ូ លាងសម្អាត​ជាមួយទឹក។ នេះជា​ការព្យាបាល ដ៏មាន​ប្រសិទ្ធភាព​បំផុត ប្រឆាំង​និងជំងឺ​ឆ្កែឆ្កួត។ ចំណែក​របួស គួរតែ​សម្អាត​យ៉ាងហ្មត់ចត់ ជាមួយ​អាល់កុល អេតាណុល ឬបេតាឌីន បើអាច​រកបាន។

ព័ត៌មានពាក់ព័ន្ធ ជំងឺឆ្កែឆ្កួត និងវិធីការពារ

សូមទៅកាន់​គ្រឹះស្ថាន​សុខាភិបាល ឲ្យបាន​ឆាប់តាម​ដែលអាច​ធ្វើទៅ​បាន សម្រាប់​ការព្យាបាល និង​ការចាក់​វ៉ាក់សាំង​បន្ថែមទៀត។ កុំដាក់​អ្វីលើ​របួស ដូចជា​ម្ទេស ទឹកផ្លែឈើ កុំបិទរបួស​ជាមួយ​ក្រណាត់ ឬបង់រុំ និងដេរ​របួស។

វេជ្ជបណ្ឌិត ដុង អៀលអាញ តំណាង​អង្គការសុខាភាព​ពិភពលោក ប្រចាំកម្ពុជា ក៏បាន​ថ្លែងថា “ ការត្រួត​ពិនិត្យ​ជំងឺឆ្កែឆ្កួត នៅលើ​សត្វឆ្កែ គឺមិនមែន​ជាការ​ងាយស្រួល​នោះទេ វាជា​បញ្ហា​ប្រឈម​ក៏ពិត​ប្រាកដ ដែលទាម​ទារកិច្ច សហ​ប្រតិបត្តិការ បន្ថែមទៀត រវាង​សុខភាព​សាធារណៈ និង សុខភាពសត្វ និង​ការ​ប្តេជ្ញា​ចិត្ត​ខាង​នយោបាយ​ដ៏រឹងមាំ និង​បង្កើន​ការយល់ដឹង របស់​ប្រជាជន ក៏ដូចជា​ការចូលរួមពី​ថ្នាក់ដឹកនាំ​តំបន់ ដើម្បី​ដោះស្រាយ​ជំងឺនេះ”។

ប្រទេស​ជាសមាជិក​អាស៊ាន​ទាំងអស់​បានសន្យា​ថានឹងលប់​បំបាត់​ជំងឺ​ឆ្កែឆ្កួតនេះ ឲ្យអស់​នៅឆ្នាំ​២០២០​ខាងមុខនេះ។ ប្រទេស​កម្ពុជា​ក៏បាន​ប្តេជា្ញដែរ​ថានឹង​ធ្វើឲ្យ​បានតាម​ផែនការ​ខាងលើនេះដែរ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៤

Google Analytics Alternative