ជំងឺ​ឆ្កែឆ្កួត និងវិធី​ការពារ

ជំងឺឆ្កែឆ្កួត​នៅតែជា​បញ្ហា​សុខភាព​ដ៏ធ្ងន់ធ្ងរ​នៅក្នុងប្រទេស​ជាច្រើន​លើ​ពិភពលោក។មានមនុស្ស​ច្រើនជាង​៩៩%នៃ​អ្នកស្លាប់​ទាំងអស់​ដោយសារ​ឆ្កែឆ្កួត​ខាំច្រើន​កើតមាន​នៅក្នុង​តំបន់​អាហ្វ្រិក និងអាស៊ី ជាពិសេស​នៅក្នុងតំបន់​ដែលមិន​បានទទួល​វ៉ាក់សំាង និងសំបូរ​ឆ្កែ​ក្នុង​ស្រុក។

តើជំងឺឆ្កែឆ្កួតជាអ្វី?

រូបភាព គេហទំព័រ សុខភាពកម្ពុជា

រូបភាព គេហទំព័រ សុខភាពកម្ពុជា

ជំងឺឆ្កែឆ្កួត គឺជា​ជំងឺដែល​បង្កឡើង​ដោយវីរុស​លីសាវីរុស ធ្វើឲ្យ​ប៉ះពាល់​ដល់ប្រព័ន្ធ​សរសៃ​ប្រសាទ​កណ្តាល និង​បណ្តាល​ឲ្យស្លាប់ ប្រសិនបើ​ពុំបានទទួល​ការព្យាបាល​ត្រឹមត្រូវ។ ទោះបីជា​មានវ៉ាក់សាំង​ការពារ​ដ៏មាន​ប្រសិទ្ធភាព​យ៉ាងណា​ក៏ដោយ ក៏ជំងឺឆ្កែឆ្កួត​នៅតែជា​បញ្ហា​សុខភាព​សាធារណៈ​ទូទាំង​សកលលោក​ ជាពិសេស​នៅប្រទេស​កំពុងអភិវឌ្ឍន៍​ ដែលសត្វ​ឆ្កែនៅតែ​ជាភ្នាក់ងារ​ចម្លងដ៏​សំខាន់​ដល់មនុស្ស។

នៅលើ​សកលលោក​របួស​ដោយសារ​សត្វខាំ​ធ្វើឲ្យ​មនុស្ស​ជាង១០​លាន​នាក់​ទទួល​ការព្យាបាល​ក្នុងមួយឆ្នាំៗ និងមាន​មនុស្ស​ប្រមាណ​៥៥០០០​នាក់ស្លាប់​ដោយសារ​ជំងឺឆ្កែឆ្កួត​ក្នុងមួយឆ្នាំៗ​ទូទាំង​ពិភពលោក។

យោងទៅ​តាមការសិក្សា​របស់វិទ្យាស្ថាន​ប៉ាស្ទ័រ​ប្រចាំ​កម្ពុជា បានសន្និដ្ឋាន​ថា​មានមនុស្ស​ប្រមាណ​៨០០នាក់ បានស្លាប់​ដោយសារ​ជំងឺឆ្កែឆ្កួត​ជារៀង​រាល់ឆ្នាំ។ ប៉ុន្តែនៅ​ក្នុងប្រទេស​កម្ពុជា បន្ទុកនៃ​ជំងឺនេះ គឺភាគច្រើន​ស្ថិតនៅ​ក្រោមការ​ព្យាករដោយសារ​តែអ្នកជំងឺ​កម្រ​ត្រូវបាន​បញ្ជូន​ទៅមន្ទីរពេទ្យ និង​ស្លាប់​នៅផ្ទះ។ ម្យ៉ាងវិញទៀត ប្រជាជន​កម្ពុជា​ភាគច្រើន​រស់នៅ​ខេត្តដាច់​ស្រយាល មិនមាន​លទ្ធភាព​ទៅទទួល​ការព្យាបាល​ជំងឺនេះឲ្យ​បានត្រឹមត្រូវ​ឡើយ។ តាមការ​ប៉ាន់ប្រមាណ​ពីអត្រា​ស្លាប់​ដោយសារ​ជំងឺ​ឆ្កែឆ្កួត​មាន​ចំនួន​ច្រើន​ជាង​ជំងឺ​គ្រុនចាញ់ និង​គ្រុនឈាម ។ លោក​វេជ្ជបណ្ឌិត Arnaud Tarantola នាយក​ផ្នែកអេពី​ដេមីសាស្ត្រ និង​សុខភាព​សាធារណៈ ប្រចាំនៅ​វិទ្យាស្ថាន​ប៉ាស្ទ័រកម្ពុជា មានប្រសាសន៍​ថា៖ “ចាប់តាំង​ពីឆ្នាំ២០០៨ វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ប្រចាំនៅ​ទីក្រុង​ភ្នំពេញ គឺជាប្រភព​ដ៏សំខាន់​ក្នុងការផ្តល់​សេវាព្យាបាល​ដោយឥត​គិតថ្លៃ​ក្រោយ​សត្វខាំ ព្រមទាំង​ជាកន្លែង​ស្រាវជ្រាវ​កំណត់​រោគ​វិនិច្ឆ័យ​ជំងឺ​ឆ្កែឆ្កួត​ទាំងលើ​មនុស្ស និងសត្វ”។ លោកបាន​បន្តថា នៅប្រទេស​កម្ពុជា មានសត្វ​ឆ្កែ ចំនួន​៥លាន​ក្បាល។ មានន័យថា​ក្នុងចំណោម​មនុស្ស​៣នាក់​មានសត្វ​ឆ្កែមួយ​ក្បាល ហើយក្នុង​១ឆ្នាំ​ មាន​មនុស្ស​ប្រមាណ​៧សែននាក់ ត្រូវបាន​ឆ្កែខាំ​ក្នុងនោះ​មានតែ​៧ម៉ឺន​នាក់ទេ ដែលបាន​មកចាក់​ថ្នាំការពារ​នៅភ្នំពេញ រីឯអ្នក​ផ្សេងទៀត​ចាក់នៅ​តាមខេត្ត។

ព័ត៌មានពាក់ព័ន្ធ នៅកម្ពុជា មនុស្ស៨០០នាក់ស្លាប់ដោយសារជំងឺឆ្កែឆ្កួត ជារៀងរាល់ឆ្នាំ

តើធ្វើយ៉ាង​ណា​ដើម្បី​គ្រប់គ្រង​ព្យាបាល​ជំងឺឆ្កែឆ្កួត?

រូបភាព គេហទំព័រ សុខភាពកម្ពុជា

រូបភាព គេហទំព័រ សុខភាពកម្ពុជា

លោក​វេជ្ជបណ្ឌិត Arnaud Tarantola បានបញ្ជាក់​ថា​ប្រសិនបើ​មនុស្សម្នាក់​ត្រូវបាន​ខំា ឬខ្វាច ដោយសត្វ​ដែល​សង្ស័យថា​មានវីរុស​ជំងឺ​ឆ្កែឆ្កួត អង្គការ​សុខភាព​ពិភពលោក បានផ្តល់​អនុសាសន៍​ឲ្យសម្អាត​មុខរបួស​ដោយហ្មត់​ចត់ភ្លាមៗ និង​វាយតម្លៃ​ផ្នែកវេជ្ជសាស្ត្រ​ឲ្យបាន​ត្រឹមត្រូវ​ដោយក្រុម​អ្នកជំនាញ​ដើម្បី​ធ្វើការ​ប៉ាន់​ស្មាន​ពីគ្រោះថ្នាក់​ដោយជំងឺ​ឆ្កែឆ្កួត និង​អនុវត្ត​វិធីបង្ការ​ក្រោយ​សត្វខាំ។

វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ប្រចាំនៅ​ទីក្រុង​ភ្នំពេញ គឺជាមជ្ឈ​មណ្ឌលយោងថ្នាក់​ជាតិ សម្រាប់​ធ្វើការ​កំណត់រោគ​វិនិច្ឆ័យ​ជំងឺឆ្កែឆ្កួត​ទាំងមនុស្ស និងសត្វ និងបាន​ផ្តល់នូវ​ការព្យាបាល​ដល់អ្នក​ជំងឺចំនួន​២ម៉ឺននាក់​ក្នុងឆ្នាំ​២០១២។ ចំពោះអ្នក​ជំងឺដែល​មិនបាន​ទទួល​ការព្យាបាល​ត្រឹមត្រូវ និងមាន​រោគសញ្ញា​នៃជំងឺ​ឆ្កែឆ្កួត ត្រូវបញ្ចូន​ទៅកាន់​មន្ទីរពេទ្យ​កាល់ម៉ែត ដែលមាន​ទីតាំងនៅ​ជាប់វិទ្យាស្ថាន​ប៉ាស្ទ័រ។

សត្វឆ្កែ​ជាប្រភព​ចម្បង​នៃជំងឺ​ឆ្កែឆ្កួត
លោកវេជ្ជបណ្ឌិត Arnaud Tarantola បានបន្ថែម​ថាសត្វឆ្កែ​នៅតែជា​ប្រភព​ចម្លង​នៃជំងឺ​ឆ្កែឆ្កួត និងនៅ​ប្រទេស​កម្ពុជា​មានចំនួន​សត្វឆ្កែ​ច្រើនគួរ​ឲ្យកត់​សម្គាល់ បើធៀប​ទៅនឹង​ចំនួន​ប្រជាជន។ វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បានបញ្ជាក់​ថាក្នុង​ចំណោម​ប្រជាជន​៣នាក់​មាន​ឆ្កែ១ក្បាល។ សមាមាត្រ​នេះខ្ពស់​ជាង​ប្រទេស​ជិតខាង​៣ទៅ​៤ដង។ បញ្ហា​សុខភាពនេះ​អាចលុប​បំបាត់បាន​នៅក្នុង​ប្រទេស​កម្ពុជា​តាមរយៈ​ការចាក់​វ៉ាក់សាំង​បង្ការដ៏​ធំមួយ​លើសត្វ​ឆ្កែក្នុង​ស្រុក។

ភស្តុតាង​កាន់តែច្រើន​ឡើងបង្ហាញ​ថាការលុប​បំបាត់​ជំងឺឆ្កែឆ្កួត​ថ្នាក់​តំបន់ គឺអាច​ធ្វើទៅ​បានតាម​រយៈយុទ្ធនា​ការ​ប្រចាំឆ្នាំ​ប្រកប​ដោយចីរភាព​នៃការចាក់​ថ្នាំបង្ការ​ដល់សត្វ​ឆ្កែយ៉ាងហោច​ណាស់ក៏​៧០​ភាគរយ។ វ៉ាក់សាំង​សម្រាប់​សត្វឆ្កែ​មានតម្លៃ​ត្រឹមតែ​២០០០​រៀល​សម្រាប់​សត្វឆ្កែ​មួយក្បាល​ ហើយការ​វ៉ាក់សាំងនេះ​ជាបទ​អន្តរាគមន៍​មួយដ៏​មានប្រសិទ្ធភាព អាចការពារ​ដល់ម្ចាស់​របស់សត្វ​ឆ្កែក្រុម​គ្រួសារ និងសហគមន៍​របស់ពួកគេ​ ព្រោះថា​ការព្យាបាល​ក្រោយសត្វ​ខាំមិនមាន​ភាពចំាចាច់​សម្រាប់​តំបន់​ដែលគ្មាន​ជំងឺឆ្កែឆ្កួត។

នៅក្នុង​រយៈពេល​ជាង២០ឆ្នាំ​នៅក្នុង​ប្រទេស​ជាង១០០ និង​មនុស្សច្រើន​ជាង២០​លាននាក់ ត្រូវបាន​ការពារ​ទប់ទល់​នឹងជំងឺ​ឆ្កែឆ្កួត​ដោយវ៉ាក់សំាង និងសេរ៉ូម​អ៊ីមីណូគ្លូប៊ុយលីន របស់​សាណូហ្វី ។

លោកវេជ្ជ​បណ្ឌិត លី សូវ៉ាន់ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធនឹង​ជំងឺឆ្លង​នៃក្រសួង​សុខាភិបាល បានមាន​ប្រសាសន៍ថា​ពេលឆ្កែខាំ​ ត្រូវលាង​ទឹកនឹង​សាប៊ូដោយ​ទុកក្នុង​រយៈពេល​១៥នាទី ឬលាង​នឹងទឹកថ្នាំ​សំរាប់លាង​របួស និងទឹក​អាកុល។ កុំប្រើប្រាស់​វិធីសាស្ត្រ​បូរាណ ពិសេសកុំ​រុំលើមុខ​របួស ឬប៉ះពាល់​លើមុខ​របួស។

ចុងក្រោយ​ត្រូវនាំ​អ្នកដែល​ត្រូវឆ្កែខាំ​មកវិទ្យាស្ថាន​ប៉ាស្ទ័រ ឬវិទ្យាស្ថាន​ជាតិសុខភាព​សាធារណៈ ព្រោះថា​នៅកម្ពុជា​មានតែ​ស្ថាប័នពីរ​នេះ ដែលមាន​ថ្នាំ​វ៉ាក់សាំង​ការពារ និង​ព្យាបាល​ជំងឺឆ្កែឆ្កួត​ប្រកប​ដោយ​ប្រសិទ្ធភាព។
ក្នុងការ​ទប់ស្តាត់ និងលុប​បំបាត់​ជំងឺឆ្កែឆ្កួត ប្រទេស​នៅក្នុង​តំបន់​អាស៊ាន​បានរួមគ្នា​ថា នឹងធ្វើ​ឲ្យបាន​នៅឆ្នាំ​២០២០​ខាងមុខ​នេះ។ បញ្ហានេះ​លោកវេជ្ជ​

បណ្ឌិត លី សូវ៉ាន់ បានបញ្ជាក់​ថាយើង​សង្ឃឹមថា នឹងអនុវត្ត​តាមផែន​ការយុទ្ធសាស្ត្រ​របស់អាស៊ាន​ដោយសារ​បច្ចុប្បន្ននេះ​ក្រសួង​សុខាភិបាល សហការ​ជាមួយ​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ វិទ្យាស្ថាន​ប៉ាស្ទ័រ និងអង្គការ​សុខភាព​ពិភពលោក បង្កើត​ប្រព័ន្ធ​តាមដាន​ជំងឺនេះ។ តែនៅ​មិនទាន់​មានការ​គ្រប់គ្រង​ឆ្កែ និងការ​ចាក់វ៉ាក់សាំង​លើឆ្កែ​នៅឡើយទេ។

ទិវាជំងឺ​ឆ្កែឆ្កួត​ពិភពលោក នឹងប្រព្រឹត្តទៅនៅ​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ២០១៤​ខាងមុខនេះ ដើម្បីជា​ការក្រើន​រំលឹក​ដល់មនុស្ស​គ្រប់រូប​ពីស្ថានភាព​បន្ទាន់ និងការ​ចូលរួម​លុបបំបាត់​នូវជំងឺ​នេះ៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៤

Google Analytics Alternative