ការបំប៉ន​​សិស្សធ្លាក់​​បាក់ឌុប​ ប្រលង​លើកទី២ បាន​និង​កំពុងបន្ត

ក្រសួងអប់រំ យុវជន និង​កីទ្បា បាននិង​កំពុង​សហការ​ជាមួយ​សហភាព​សហព័ន្ឋ​យុវជន​កម្ពុជា លើការ​បំពាក់​បំប៉ន​សិស្ស​ធ្លាក់​បាក់ឌុប ដើម្បី​ឲ្យពួកគេ​មានឳកាស​បានចូលរួម​ប្រលង​លើក​ទី២ ខណៈ​សិស្សា​នុសិស្ស​ជាង៦៧.០០០​នាក់ បាននិង​កំពុង​ត្រៀមខ្លួន​ចូលប្រលង​លើក​ទី២។

រូបភាព សហការី

រូបភាព សហការី

លោក រស់ សាលីន អ្នកនាំពាក្យ​ក្រសួងអប់រំ យុវជន និង​កីទ្បា បានមាន​ប្រសាសន៍​ឲ្យគេហទំព័រ​សុខភាពកម្ពុជា ដឹងតាម​ទូរស័ព្ទ​នៅព្រឹក​ថ្ងៃទី២៦ កញ្ញា​កន្លងមក​ថា ការបំប៉ន​សិស្សប្រលង​ធ្លាក់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នឹងបន្ត​រហូតដល់​ថ្ងៃទី១០ ឬថ្ងៃ​ទី១១ តុលា មុនការ​ប្រលង​ចាប់ផ្តើម​នៅថ្ងៃ​ទី១៣ និង​១៤តុលា​ខាងមុខនេះ។ លោកបន្ត​ថា តាមសេចក្តី​រាយការណ៍​ពីសាលានានា បានឲ្យ​ដឹងថា មាន​សិស្សានុ​សិស្ស​ប្រលង​ធ្លាក់​ពី៨០ ទៅ៨៥​ភាគរយ បានសស្រាក់​សស្រាំ ចូលរួម​វគ្គបំប៉ន​នៅតាម​សាលារៀន​នានា។

ការបំពាក់​បំប៉ននេះ មានការ​ចូលរួម​ដោយស្ម័គ្រចិត្ត​ពីយុវជន ដែលជា​សមាជិក​សហភាព​សហព័ន្ឋ​យុវជន​កម្ពុជា និង​គ្រូបង្រៀន​នៅតាម​សាលារៀន​និមួយៗ ហើយ​ក្រសួង​បានអនុញ្ញាត្ត​ឲ្យសាលារៀន​និមួយៗ ប្រើប្រាស់​ថវិការ​ដំណើរការ​សាលារៀន​សម្រាប់​ដំណើរការ​វគ្គបំពាក់​បំប៉ននេះ។ លោក សាលីន​បញ្ជាក់។

Student 2nd examination 2

រូបភាព សហការី

លោក​បន្តថា “ការប្រលង​លើកទី២​នេះ យើងសង្ឃឹម​ខ្ពស់ថា​នឹងមាន​យុវជ​ន​ប្រលង​ជាប់ច្រើន ព្រោះតាម​​​​​ការសង្កេត​យើងរក​ឃើញថា យុវជន​ប្រលងធ្លាក់​មានភាព​សកម្ម​ជាងមុន មានការ​យល់ដឹង​និងឆន្ទៈ​ខ្ពស់ជាងមុន”។ លោកបន្តថា “ម្នាក់ៗ​ទាល់តែ​ប្រឹង​ខ្លួនឯង ទើបពួកគាត់​អាចជួយ​ខ្លួនឯង​បានជោគជ័យ។ ពេលនេះ គាត់ដឹង​ខ្លួនហើយ ហើយយើង​មានមធ្យោយបាយ​ជួយគាត់​តាមរយៈ​ការបំពាក់​បំប៉ន​បែបនេះ”។

ការប្រលងលើកទី២នេះ​នឹងមាន​មណ្ឌល​ប្រលង​សរុប​១១៧​មណ្ឌល និងមាន​អ្នកសង្កេត​ការណ៍ចូលរួម​ដូចលើក​ទី១ផង​ដែរ ហើយអង្គភាព​ប្រឆាំងអំពើ​ពុករលួយ ជាអ្នក​សម្រប​សម្រួល​ការងារនេះ។ លោកបន្តថា ក្រសួង​អប់រំ​នឹងប្រើ​ប្រាស់យន្តការ​ដដែល ដើម្បី​ពង្រឹង​ដំណើរការ​ប្រលង​នេះ​ទទួលបាន​គុណភាព និង​លទ្ឋផល​អាចទទួល​យកបាន។ ការប្រលង​នេះ​ក្រសួង​ផ្តល់និទ្ទេស​តាមលទ្ឋផល​ពិន្ទុជាក់​ស្តែង ជូន​ដល់បេក្ខជន​ប្រលង​ដូចការ​ប្រលង​លើកទី១​ផងដែរ។ លោក រស់ សាលីន បញ្ជាក់ឲ្យដឹង។

លោក សុខ សុវណ្ណា អតីតៈ​នាយក​វិទ្យាល័យ​បាក់ទូក ដែលបាន​តាមដាន​ដំណើរ​ការប្រលង និង​វគ្គបំពាក់​បំប៉ននេះ បានមាន​ប្រសាសន៍ថា សិស្សា​នុសិស្ស​ភាគច្រើន នៅសាលា​បាក់ទូក បានទៅ​រៀនគួរ​បន្ថែមនៅ​សាលា​ឯកជន ដែលគ្រូ​របស់ពួកគេ​បានបើក​បង្រៀនគួរ ដែលធ្វើ​ឲ្យដំណើរការ​បំពាក់​បំប៉ន​នៅក្នុង​វិទ្យាល័យ​បាក់ទូក មិនមាន​សិស្សានុសិស្ស​នោះទេ។ លោក​បន្តថា មាន​សិ​ស្សានុសិស្ស​ច្រើនបាន​ចូលរួម​រៀនគួរ ដើម្បីឲ្យ​ប្រលងជាប់​លើកទី២​នៅពេល​ខាងមុខ​នេះ តែក៏មាន​សិស្សមួយ​ចំនួននៅ​តែមានភាព​ខ្ជិលច្រអូស​ដដែល។

លោកបន្តថា “ការធ្វើ​កំណែ​ទម្រង់​នេះល្អ​ណាស់ ព្រោះវា​ធ្វើឲ្យ​សិស្សក្រោក​ភ្ញាក់រលឹក វាប្រឹង​រៀនដោយ​ខ្លួនឯង ហើយមាន​ឥទ្ឋិពល​តាំងពី​សិស្សថ្នាក់​ទី១១មក ព្រោះពួកគេ​ដឹងថា​លុយមិនអាច​ទិញសញ្ញាបត្រ​បានទៀត​ទេ”។ លោក​បន្តថា “បើគ្មាន​កំណែទម្រង់​ទេយើង​នឹងស្លាប់ នៅពេល​យើងធ្វើ​សមាហរណកម្ម​សង្គម និង​សេដ្ឋកិច្ច​ជាមួយបណ្តា​ប្រទេសក្នុង​តំបន់​អាស៊ាន​នៅឆ្នាំ​២០១៥​ខាងមុខ”។

លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ដែលមិន​គាំទ្រ​ចំពោះការ​ប្រលង​លើកទី២​នេះ បានមាន​ប្រសាសន៍ថា ប្រសិនជា​សិស្សានុ​សិស្ស​បាន​ប្រឹងប្រែង បានយក​ចិត្តទុកដាក់​ចូលរួម​វគ្គបំពាក់​បំប៉នលើក​ទី២នេះ ពួកគាត់​នឹងទទួល​បានផល​ប្រយោជន៍ពី​ការប្រលង​លើកទី២នេះ តែ​ក្រសួង​អប់រំ គួរតែ​ផ្តល់និទ្ទេស​កម្រិតក្រោម ឬមិនផ្តល់​និទ្ទេស​ដល់ពួកគេ ដោយគ្រាន់​តែឲ្យ​ពួកគេ​ប្រលងជាប់​ជាការ​ប្រសើរ ដើម្បីកុំ​ឲ្យប៉ះពាល់​ដល់អ្នក​ប្រលងជាប់​លើកទី១។ លោកបន្តថា បើអ្នក​ប្រលង​លើកទី២ បាន​និទ្ទេសA ពួកគេ​អាចចំអក​ឲ្យអ្នកបាន​និទ្ទេសB ឬC កាលប្រលង​លើកទីមួយ ហេតុនេះ​ការឲ្យ​និទ្ទេសE ឬមិនផ្តល់និទ្ទេស​ដល់អ្នក​ប្រលងលើក​ទី២ជា​ការប្រសើរ។

ទោះជា​យ៉ាងណា លោក រ៉ុង ឈុន មិនគាំទ្រ​ការប្រលង​លើកទី២​នេះទេ ដោយលោក​បានមាន​ប្រសាសន៍ថា “ខ្ញុំមិនគាំទ្រ​ការប្រលង​លើកទី២​នេះទេ ព្រោះ​ការងារនេះ នាយករដ្ឋ​មន្រ្តី​ដែលជា​អ្នកនយោបាយ គួរតែទុក​ឲ្យអ្នក​បច្ចេកទេស​ជាអ្នកធ្វើ​ការងារនេះ”។ លោកបន្តថា “ការប្រលង​លើកទី២នេះ អាចធ្វើ​ឲ្យកំណែ​ទម្រង់វិស័យ​អប់រំទទួល​បរាជ័យ”។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៤

Google Analytics Alternative