លោក ធា គ្រុយ ប្រាប់កុំ​ឲ្យគ្រូពេទ្យ​រួមគ្នា​ព័ទ្ឋអ្នក​ជំងឺស៊ី

ក្នុងគោលដៅ​ពង្រឹង​ក្រម​សីលធ៌ម​វិជ្ជាជីវៈ និង​ពង្រឹង​គុណភាព និង​ប្រសិទ្ឋិភាព​នៃការ​ព្យាបាល មន្រ្តី​ជាន់ខ្ពស់​ក្រសួង​សុខាភិបាល បានជំរុញ​ឲ្យគ្រូពេទ្យ​គោរព​ក្រម​សីលធ៌ម​របស់​ខ្លួន និង​កុំឃុបឃិត​គ្នាបំភ័យ​អ្នកជំងឺ​ និង​ព័ទ្ឋ​អ្នកជំងឺ​ស៊ី។

លោកសាស្រ្តា​ចារ្យ ធា គ្រុយ

លោកសាស្រ្តា​ចារ្យ ធា គ្រុយ

លោកសាស្រ្តា​ចារ្យ ធា គ្រុយ បានមាន​ប្រសាសន៍​ឲ្យគេហទំព័រ​សុខភាពកម្ពុជា ដឹងកាល​ពីពេល​ថ្មីៗនេះថា គ្រូពេទ្យ​បរទេស​ម្នាក់ បាន​និយាយថា លោក​ចង់ឲ្យ​គ្រូពេទ្យ​ថែទាំ​អ្នកជំងឺ ដូចជា​គ្រូពេទ្យ​ថែទាំ ម្តាយ​របស់ខ្លួន​នៅពេល​ឈឺដូចគ្នា។ សូម​ទទួល​ការព្យាបាល​អ្នកជំងឺ ដោយស្មារតី​ទទួល​ខុសត្រូវ​លើវិជ្ជាជីវៈ​របស់​ខ្លួន ដោយ​កុំយក​ម្តាយ​របស់​ខ្លួនទៅ ព្យាបាល​នៅពេទ្យ​ដទៃ ហើយខ្លួន​ឯង​ទទួល​ព្យាបាល​អ្នកជំងឺ​នៅផ្ទះ​រ​បស់ខ្លួន។

លោកបន្តថា “សូមកុំ​គិតយក​វិជ្ជាជីវៈ​ធ្វើជំនួញ ព្រោះជំនាញ​របស់​គ្រូពេទ្យ​គេមិន​ឲ្យធ្វើ​ជំនួញទេ ហើយ​មិនត្រូវ​នាំគ្នាគាប​ព័ទ្ឋអ្នក​ជំងឺ​ស៊ី​នោះទេ ”។
លោក​សាស្រ្តាចារ្យ ធា គ្រុយ បាន​បន្តថា ដើម្បី​ដំណើរ​​ការមន្ទីរពេទ្យ បានជោគ​ជ័យ គឺអាស្រ័យ​លើវិន័យ និង​មានផែនការ​អភិវឌ្ឈន៍​ត្រឹមត្រូវ គឺមិនបាច់​ប្រើប្រាស់​លុយ​នោះទេ តែបើ​រង់ចាំ​សហសេវិក​ជាគ្រូពេទ្យ​ភ្ញាក់​រលឹក គឺពិបាក​ណាស់ និងមិន​អាចធ្វើ​បាននោះទេ។ ការ​ទទួល​ខុសត្រូវ​របស់​គ្រូពេទ្យ គឺការ​ថែរទាំ និង​ព្យាបាល​អ្នកជំងឺ ហើយអស់​លោកត្រូវ​ព្យាបាល​អ្នកជំងឺ​ដូចគ្នា​នឹង​អ្នកចង់​ឲ្យគ្រូពេទ្យ ជួយថែទាំ​ម្តាយរបស់​អ្នកឲ្យ​បានល្អ​ដូចគ្នា។

ទាក់ទង​ការប្រារព​ទិវា​វេជ្ជសាស្រ្ត សល្យ​សាស្រ្ត​របស់មន្ទីរពេទ្យ​រុស៊ី លោកសាស្រ្តាចារ្យ ធា គ្រុយ បាន​បន្តថា អ្វីដែល​យើង​មោទនភាព ព្រោះ​ឃើញដំនើរ​ការអភិវឌ្ឈន៍​មន្ទីរពេទ្យ​កាន់តែ​មានភាព​មាំទាំ​ជាងមុន និង​ការអភិវឌ្ឈន៍​សមត្ថភាព​របស់​គ្រូពេទ្យ​បានបន្ត​ធ្វើជាប់​ជាប្រចាំ។ លោក​បន្តថា ការចូលរួម​នាពេល​នេះ បង្ហាញពី​សារៈសំខាន់​របស់ទិវានេះ ព្រោះ​ប្រសិនទិវានេះ​មិនមាន​សារៈសំខាន់ អស់លោក លោកស្រី​នឹងមិនមក​អង្គុយ​ស្តាប់​នោះទេ។ ការ​រៀបចំ​ទិវា​វេជ្ជសាស្រ្ត សល្យសាស្រ្ត​បែបនេះ​មិនបាន​ធ្វើច្រើន​នោះទេ នៅតាម​មន្ទីរពេទ្យ​នានា ប៉ុន្តែ​យើងមាន​គំរោងឲ្យ​មន្ទីរពេទ្យ​ធំៗទាំងអស់​ប្រារព​ទិវាដ៏មាន​សារៈសំខាន់​នេះ។

លោក​សាស្រ្តាចារ្យ ងី ម៉េង នាយក​មន្ទីរពេទ្យ​មិត្តភាពខ្មែរ សូវៀត បានមាន​ប្រសាសន៍​ក្នុងពិធី​បើកទិវា​នៅព្រឹក​ថ្ងៃទី២០ មិនា​កន្លងមក​ថា ជារៀងរាល់​ឆ្នាំ​មន្ទីរពេទ្យ​មិត្តភាពខ្មែរ សូវៀត តែងប្រារព​ទិវានេះ​ទ្បើង ដើម្បី​ផ្លាស់ប្តូរ​យោបល់ និង​ផ្លាស់ប្តូរ​បច្ចេកទេស បទពិសោធន៍​ពីគ្នាទៅវិញ​ទៅមក ក្នុងគោល​បំណង​ជំរុញឲ្យ​មានការ​យកចិត្ត​ទុកដាក់ ដុសខាត់​បច្ចេកទេស​ជាប់ជា​ប្រចាំ ដើម្បី​ឲ្យការផ្តល់​សេវា​ថែទាំ ព្យាបាល​កាន់តែ​មានគុណភាព និង​ប្រសិទ្ឋិភាព​ជូនដល់​ប្រជាពលរដ្ឋ​យើង ជាពិសេស​គឺបាន​ផ្តោត​ជាពិសេស​លើជំងឺ​មហារីក ជំងឺរលាក​សួត និងផលវិបាក ដែលកើត​ទ្បើង​នៅក្នុង​ប្រទេស​កំពុងមាន​ការរីក​ចំរើន។

លោកបន្តថា “ខ្ញុំសង្ឃឹម​ថាក្រោយ​ការប្រារព​ទិវានេះ អស់លោក លោកស្រី នឹងទទួល​បាននូវ​អ្វីៗ​ដែលថ្មី​ដើម្បី​ជំរុញ​ឲ្យការ​ថែទាំ​ព្យាបាល​របស់​យើងកាន់​តែមាន​ប្រសិទ្ឋិភាពខ្ពស់ ”៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៤

Google Analytics Alternative