អង្គការ​​វប្បធម៌​ជាតិ និង​សីលធម៌​សង្គម ​ចុះ​ផ្សព្វផ្សាយ​​ច្បាប់​​ចរាចរណ៍​​ដល់ម្ចាស់​​រថយន្ត​​ឈ្នួល​ ​ក្នុង​ឪកាស​​បុណ្យ​ភ្ជុំ​បិណ្ឌ

ខណៈពេល​ដែលពិធី​បុណ្យភ្ជុំ​បិណ្ឌ​ខិតជិត​ចូលមក​ដល់ដ៏ខ្លី​ខាងមុខនេះ អង្គការ​វប្បធម៌​ជាតិ​និង​សីលធម៌​សង្គម សហការ​ជាមួយ​ការិយាល័យ​ចរាចរណ៍​នៃ​ស្នង​ការដ្ឋាន​រាជធានី​ភ្នំពេញ នៅព្រឹក​ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៤ បានចុះ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍ និងបិទ​ស្ទីកឃ័រ «ថ្ងៃនេះ​ថ្ងៃស្អែក​កុំឲ្យ​មាន​គ្រោះ​​ថ្នាក់​ចរាចរណ៍» ដល់ម្ចាស់​រថយន្ត​ឈ្នួលនៅ​បេនឡាន​ផ្សារធំថ្មី ដើម្បី​ចូលរួម​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍ នៅក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ។

រូបភាព គេហទំព័រ សុខភាពកម្ពុជា

រូបភាព គេហទំព័រ សុខភាពកម្ពុជា

លោក​ ប៉ូ សំណាង ប្រធាន​អង្គការ​វប្បធម៌ជាតិ និង​សីលធម៌សង្គម​បានមាន​ប្រសាសន៍​នៅក្នុង​ឪកាសនោះ​ថា​ការចុះចែក​សៀវភៅ​ជំនួយ​ស្មារតី​ស្តីពី​ច្បាប់​បើកបរ​ដល់​ម្ចាស់រថយន្ត​ឈ្នួលនា​ពេលនេះ ក្នុងគោល​បំណង​ដើម្បី​ទប់ស្កាត់​ការគ្រោះ​ថ្នាក់​ចរាចរណ៍​ នាឪកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ នាពេល​ខាងមុខ។

ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​នឹងប្រព្រឹត្តិ​ទៅនៅ​ថ្ងៃទី២១, ២២ និង២៣ ខែកញ្ញានេះ ហើយបងប្អូន​ប្រជាពលរដ្ឋ​រាប់ម៉ឺន​នាក់ដែល​បានមក​ធ្វើការ​នៅតាម​បណ្តាខេត្ត និងនៅ​រាជធានី​ភ្នំពេញ នឹងត្រូវ​ទៅចូលរួម​ និងជួប​ជុំគ្នា​នៅស្រុក​កំណើត​នៅតាម​ភូមិរៀងៗ​ខ្លួន។ ដូចនេះ​បើកាលណា អ្នកបើក​រថយន្ត​ឈ្នួលបើកបរ​មានការ​ធ្វេសប្រហែស​នោះ អ្នកដំណើរ​ដែលពឹង​ផ្អែកលើ​ពួកគេ​ នឹងជួប​គ្រោះថ្នាក់​ជាមិនខាន។

រូបភាព គេហទំព័រ សុខភាពកម្ពុជា

រូបភាព គេហទំព័រ សុខភាពកម្ពុជា

លោក​បានបន្ត​ថា​ ដើម្បីចូលរួម​ចំណែកកាត់​បន្ថយអត្រា​គ្រោះថ្នាក់​ចរាចរជាមួយ​រាជរដ្ឋាភិបាល អង្គការ​វប្បធម៌ជាតិ​និងសីលធម៌​សង្គម ដោយមាន​ការជួយ​ឧបត្ថម្ភគាំទ្រ​ពីលោក​នាយឧត្តសេនីយ៍ នេត សាវឿន អគ្គស្នង​ការនគរបាល​ជាតិ លោក គៀត ច័ន្ទថារិទ្ធ លោកស្រី យុ សុខា និង​សប្បុរស​ជននានា រួមមាន​លោក ស៊ឹម ស៊ីថា និង​លោកស្រី លោក ម៉ក់ ពេជ្ររិទ្ធ អ្នកឧញ្ញ៉ា ពុង ឃាវសែ និងលោកស្រី និងសប្បរស​ជនជាច្រើន​នាក់ទៀត បានបើក​យុទ្ធនាការ​ផ្សព្វផ្សាយ​ស្តីពីច្បាប់​ចរាចរដល់​សាធារណជន​នៅរាជធានី​ភ្នំពេញជាច្រើន​លើកច្រើន​សារមកហើយ​ ដើម្បីឲ្យ​ពួកគេ​បានយល់ដឹង​ក្នុងការរួម​ចំណែកកាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរ ដែល​កំពុងក្លាយ​ជាបញ្ហា​ដ៏ក្តៅគគុក​របស់រាជ​រដ្ឋាភិបាល។

លោក ប៉ូ សំណាង បានចាត់​ទុកការ​អប់រំស្តីពី​ច្បាប់ចរាចរ​ដល់សាធារណជន និងអ្នកបើកបរ ពិសេសអ្នក​បើកបរ​រថយន្តឈ្នួល ពិតជា​មានសារៈ​សំខាន់ណាស់​ក្នុងការកាត់​បន្ថយគ្រោះ​ថ្នាក់ចរាចរ​ នាពេល​បច្ចុប្បន្ន​និងទៅ​ថ្ងៃអនាគត ព្រោះថា​មានអ្នក​បើកបរ​ប្រមាណ៤០% ចេះបើកបរ​ដោយមិន​មានការ​ឆ្លងកាត់​សាលាទេ។

លោកថា​បញ្ហា​គ្រោះថ្នាក់​ចរាចរ គឺជាបញ្ហា​ក្តៅមួយ​នៅក្នុង​សង្គម ព្រោះវា​បានធ្វើ​ឲ្យមាន​ការប៉ះពាល់​ជាច្រើន ដូចជា​សេដ្ឋកិច្ច​គ្រួសារនឹង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ។ ទោះយ៉ាងណា​ក៏ដោយ​បញ្ហាគ្រោះ​ថ្នាក់​ចរាចរនេះ មិនមែន​ជាបញ្ហា​របស់រាជ​រដ្ឋាភិបាល​តែម្នាក់ឯង​នោះទេ។ ដូចនេះ​យើងត្រូវ​រួមគ្នាធ្វើ​ទាំងអស់គ្នា ទាំងរដ្ឋាភិបាល និងសហគមន៍​នៅមូលដ្ឋាន។ លោក​បាន​បញ្ជាក់​ថា «យើងមិន​អាច​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​បានទេ ដរាបណា​យើងមិន​អាចគ្រប់គ្រង​យានយន្ត​បានច្បាស់លាស់ ដូចនេះ​សូមឲ្យ​ក្រសួង​សាធារណៈការ និងដឹក​ជញ្ជួន​គ្រប់គ្រង​យានយន្ត​ឲ្យបាន​ច្បាស់លាស់ ដើម្បី​ទប់ស្កាត់​បញ្ហា​គ្រោះថ្នាក​ចរាចរណ៍នេះ»។

លោកវីរ​សេនីយទោល សុខ សុផា នាយរង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃស្នង​ការដ្ឋាន​រាជធានី​ភ្នំពេញ បានឲ្យ​ដឹងថា នៅប្រទេស​កម្ពុជា​បញ្ហា​គ្រោះថ្នាក់​ចរាចរ​នៅតែជា​បញ្ហាចំបង​មួយ ព្រោះវាបាន​សំលាប់​ប្រជាពលរដ្ឋ​យើងជាច្រើន​ដែលគ្រោះថ្នាក់​នេះគឺ បណ្តាលមក​ពីកក្តា​ជាច្រើន ដូចជា​បើកបរ​ពេលស្រវឹង បើកបរ​មិនពាក់​មួកសុវត្តិភាព បើកបរ​ធ្វេស​ប្រហែស បើកបរ​ប្រជែងគ្នា និងកក្តា​ជាច្រើន​ទៀត។ លោក​បាន​សំណូម​ពរ​ដល់ម្ខាស់​រថយន្តឈ្នួល​ទាំងអស់​ ត្រូវបើកបរ​គោរពច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ពោលគឺ​ត្រូវមាន​ការយោគយល់​គ្នា​នៅពេល​បើកបរ​ដើម្បីការពារ​កុំឲ្យមាន​គ្រោះថ្នាក​ចរាចរណ៍។

លោក ប៉ូ សំណាង បានឲ្យ​ដឹងទៀត​ថា «តាមគំនិត​របស់ខ្ញុំ ប្រសិនបើ​មិនមាន​ការផ្សព្វផ្សាយ​ស្តីពី​គ្រោះថ្នាក់​ចរាចរនេះ ឲ្យបាន​ទូលំទូលាយ​ទេនោះ យើងប្រាកដ​ជាមិនអាច​ទប់ស្កាត់​បញ្ហានេះ​បានឡើយ។ ដូចនេះ​យើងត្រូវ​ចូលរួម​ទាំងអស់គ្នា ដើម្បីធ្វើ​យ៉ាងណា​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរ​ឲ្យបាន​កាន់តែ​ថយចុះ​ថែមទៀត»។
លោក ប៉ូ សំណាង បានធ្វើ​ការអំពាវនាវ​ដល់បងប្អូន​ប្រជាពលរដ្ឋ​កម្មករ កម្មការី​រោងចក្រ​សហគ្រាស ដែលធ្វើ​ដំណើរ​ទៅចូលរួម​បុណ្យភ្ជុំ​បិណ្ឌ​នៅតាម​ភូមិ​ សូមគោរព​​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ដើម្បី​ការពារ​អាយុជីវិត​ខ្លួនឯងផង និងជីវិត​អ្នកដ៏ទៃ​ផង។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៤

Google Analytics Alternative