រដ្ឋមន្ត្រី​សុខាភិបាល អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ចំណី​អាហារ​ក្នុង​ឪកាស​បុណ្យ​បិណ្ឌ​ភ្ជុំ

ដោយសារ​តែនៅក្នុង​ពិធីបិណ្ឌ​ភ្ជុំដែល​សំបូរ​ទៅដោយ​ចំណី​អាហារ​ច្រើន នោះលោក​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​បានធ្វើ​ការអំពាវ​នាវដល់​ប្រជាពលរដ្ឋ​នៅទូទាំង​ប្រទេស ឲ្យមាន​ការប្រុង​ប្រយ័ត្ន​ខ្ពស់ចំពោះ​ចំណី​អាហារ និង​ការទទួល​ទានគ្រឿង​ស្រវឹង ព្រោះវា​អាចធ្វើ​ឲ្យគ្រោះ​ថ្នាក់ដល់​សុខភាព ឬឈាន​ទៅដល់​បាត់បង់​ជីវិតបាន។

លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង

លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង

ការលើក​ឡើងរបស់​លោករដ្ឋមន្រ្តី​ក្រសួង​សុខាភិបាលនេះ ធ្វើឡើង​បន្ទាប់ពី​មានបងប្អូន​ប្រជាពលរដ្ឋ​យើងមួយ​ចំនួន​កន្លងមក​បានធ្លា្កក់​ខ្លួនឈឺ​ដោយសារ​តែបរិភោគ​ចំណីអាហារ​មិនមាន​អនាម័យ និងមាន​ខ្លះទៀត​ស្លាប់បង់​ជីវិតដោយ​សារការ​បរិភោគ​ស្រាស​ដែលបញ្ហា​នេះក្រសួង​សុខាភិបាល​ក៏ធ្លាប់​បានចេញ​សេចក្តី​ណែនាំ​ជាច្រើន​លើកច្រើន​សាររួចមក​ហើយ​ ពាក់ព័ន្ធ​ទៅនឹង​ការបរិភោគ​ស្រានេះដែរ។

លោក​រដ្ឋមន្រ្តី បានមាន​ប្រសាសន៍​ប្រាប់គេហទំព័រ សុខភាពកម្ពុជា ថាកន្លងមក​ដោយសារ​ការបរិភោគ​ចំណីអហារ​មិនមាន​អនាម័យ​ត្រឹមត្រូវ​ធ្វើឲ្យ​ពលរដ្ឋ​យើង​មួយចំនួន បានកើត​ជំងឺរាករូស ឬក្អួត​ចង្អោរ​នៅក្នុង​រដូវបុណ្យ​បិណ្ឌភ្ជុំ​នេះ។

លោករដ្ឋមន្រ្តី​បានចាត់​ទុកថា​ការធ្វើ​អនាម័យ ដូចជា​ការបរិភោគ​ទឹកដាំ​ពុះ ការ​លាងសំអាត​ចំណីអហារ​ឲ្យបាន​ស្អាត​ ឬគ្រប​ និង​វេចខ្ចប់​ម្ហូបអាហារ​ឲ្យមាន​អនាម័យ​ពិតជាមាន​សារៈសំខាន់​ខ្លាំងណាស់​ក្នុងការ​ការពារ​ពីជំងឺ​ដង្កាត់​ផ្សេងៗ ពិសេស​ជំងឺ​រាករូស ព្រោះថា​នៅរដូវ​បុណ្យភ្ជុំ​ជារដូវ​ដែលមាន​មនុស្សប្រមូល​ផ្តុំគ្នា​កកកុញ មានអាហារ​ស្អាត និងមិនស្អាត​នៅឡាយ​ឡំគ្នា។

រូបភាព​ សហការី

រូបភាព​ សហការី

លោក​រដ្ឋមន្រ្តី​បានណែ​នាំថា​ ដូចនេះ​មិនត្រូវ​បរិភោគ​ចំណីអហារ ឬទឹក​ដែលមិន​ស្អាតនោះទេ ព្រោះចំណី​អាហារ និងទឹក​ទាំងអស់នោះ​ពេលយើង​បរិភោគ​ទៅនឹង​ធ្វើឲ្យ​ប៉ះពាល់​ដល់​សុខភាព។ លោករដ្ឋមន្ត្រី​ផ្តាំផ្ញើរ​ថាសូម​បងប្អូន​ប្រកាន់ខ្ជាប់ នូវវិធាន​ការអនាម័យ​ឲ្យបាន​ខ្ជាប់ខ្ជួន រួមមាន​ផឹកស្អាត​រស់នៅស្អាត និង​បរិភោគ​ស្អាត​ដើម្បី​ការពារ​សុខភាព​ខ្លួនយើង ក៏ដូចជា​ក្រុមគ្រួសារ​យើង ចៀសផុត​ពីជំងឺ​ផ្សេងៗ ដូចជា​ជំងឺរាក​រូស, ក្អួតចង្អោរ​ជាដើម។

ពាក់ព័ន្ធ​នឹងការ​ទទួលទាន​គ្រឿងស្រវឹង​វិញ លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានបញ្ជាក់​ថា​កន្លងមក​​មានប្រជាពលរដ្ឋ​មួយចំនួន​បានស្លាប់​រួចមកហើយ​ដោយសារ​ការទទួលទាន​ស្រា ពិសេស​ស្រាស ដូចជា​នៅខេត្ត​ពោធិសាត់ និងខេត្ត​កំពង់ចាម​ជាដើម។ ប៉ុន្តែស្លាប់​ច្រើនជាងគេ គឺនៅ​ខេត្ត​ពោធិសាត់។

លោក​រដ្ឋមន្ត្រី​បានបន្តថា ស្រាស​ដែលធ្វើឲ្យ​ប្រជាពលរដ្ឋ​ស្លាប់ទាំងនោះ ដោយសារ​ក្នុងស្រា​នោះ គេរកឃើញ​មានដាក់​ជាតិគីមី​ម្យ៉ាងដែល​ធ្វើឲ្យ​ស្រាខ្លាំង តែវាធ្វើ​ឲ្យប៉ះពាល់​ដល់អ្នក​បរិភោគ។

លោក​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានបន្ត​ឲ្យដឹង​ទៀតថា «នៅក្នុង​ឪកាសពិធី​បុណ្យបិណ្ឌ​ភ្ជុំនេះ ប្រជាពល​រដ្ឋគួរ​តែផ្អាក ឬឈប់​ផឹកស្រា​ដើម្បីកុំឲ្យ​មានបញ្ហា​ដល់សុខភាព និងប៉ះ​ពាល់ដល់​អាយុជីវិត​យើងផង និងអ្នក​ដ៏ទៃទៀត»។ ព្រោះថា​បើទទួលទាន​គ្រឿងស្រវឹង​ទៅ វាបង្ក​ការគ្រោះ​ថ្នាក់ពេល​បើកបរ​ដោយសារ​បាត់បង់​ស្មារតី​មិនអាច​គ្រប់គ្រង​បាន។

ពិធីបុណ្យភ្ជុំ​នៅឆ្នាំនេះ​នឹងប្រព្រឹត្តិ​ទៅនៅថ្ងៃ​ទី២១, ២២ និង២៣ ខែកញ្ញា ឆ្នាំ២០១៤ នាពេល​ដ៏ខ្លី​ខាងមុខនេះ ហើយដែល​ប្រជាពលរដ្ឋ​មកពីគ្រប់​ទឹសទី​ទៅស្រុក​កំណើត​ជួបជុំគ្នា ដែលបណ្តាល​ឲ្យមាន​បញ្ហាគ្រោះថ្នាក់​ចរាចរណ៍ បានកើត​មានយ៉ាង​ច្រើន គួរឲ្យ​ព្រួយបារម្ភ​ ភាគច្រើន​កើតឡើង​ដោយសារ​តែអ្នក​បើកបរ​ទទួលទាន​គ្រឿង​ស្រវឹង។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៤

Google Analytics Alternative