នៅ​កម្ពុជា មនុស្ស​៨០០នាក់​ស្លាប់​ដោយសារ​ជំងឺ​ឆ្កែឆ្កួត ជា​រៀង​រាល់​ឆ្នាំ

យោងតាម​ការសិក្សា​របស់​វិទ្យាស្ថាន​ប៉ាស្ទ័រ​ប្រចាំ​ប្រទេស​កម្ពុជា​បាន​សន្និដ្ឋាន​ថា​ នៅក្នុង​ប្រទេស​កម្ពុជា​មានមនុស្ស​ប្រមាណ​៨០០នាក់ បានស្លាប់​ដោយសារ​ជំងឺ​ឆ្កែឆ្កួត​ជារៀង​រាល់ឆ្នាំ។

រូបភាព គេហទំព័រ សុខភាពកម្ពុជា

រូបភាព គេហទំព័រ សុខភាពកម្ពុជា

ភាគច្រើន​នៃអ្នក​ជំងឺនេះ​កម្រត្រូវ​បានបញ្ជូន​ទៅមន្ទីរពេទ្យ និងស្លាប់​នៅផ្ទះ។ម្យ៉ាងវិញ​ទៀតប្រជាជន​កម្ពុជា​ភាគច្រើន​រស់នៅ​ខេត្តដាច់​ស្រយាល​មិនមាន​លទ្ធភាព​ទៅទទួល​ការព្យាបាល​ជំងឺនេះ​ឲ្យបាន​ត្រឹមត្រូវ​ឡើយ។

នៅលើ​សកល​លោក​របួស​ដោយសារ​សត្វខាំ​ធ្វើឲ្យ​មនុស្សជាង​១០លាន​នាក់​ទទួលការ​ព្យាបាល​ក្នុងមួយឆ្នាំៗ និងមាន​មនុស្ស​ប្រមាណ​៥៥០០០នាក់​ស្លាប់​ដោយសារ​ជំងឺ​ឆ្កែឆ្កួត​ក្នុងមួយឆ្នាំៗ​ទូទាំង​ពិភពលោក។

ទិវា​ជំងឺឆ្កែឆ្កួត​ពិភពលោក​នឹងប្រារព្វ​ធ្វើនៅ​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ២០១៤ ខាង​មុខនេះ។ នៅថ្ងៃ​ទី១៩ ខែកញ្ញា​នេះ​វិទ្យាស្ថាន​ប៉ាស្ទ័រ​ប្រចាំ​ប្រទេស​កម្ពុជា បាន​សហការ​ជាមួយ​នាយកដ្ឋាន ប្រយុទ្ធ​នឹងជំងឺ​ឆ្លង ក្រសួង​សុខាភិបាល​ក្រោមការ​ជួយឧបត្ថម្ភ​ពីក្រុមហ៊ុន​សាណូហ្វី បានប្រារព្វ​ទិវានេះ នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ។ អ្នកស្រី Nguyen Thi Ngoc Minh នាយក​គ្រប់គ្រង​ក្រុមហ៊ុន​សាណូហ្វី​កម្ពុជា​បានមាន​ប្រសាសន៍​ថា“​ទិវាជំងឺ​ឆ្កែឆ្កួត​ពិភពលោក ដែល​ប្រារព្ធ​ទៅនៅ​ថ្ងៃទី២៨ ខែកញ្ញា គឺជាការ​ក្រើនរំលឹក​ដល់​មនុស្ស​គ្រប់រូប​ពីស្ថានភាព​បន្ទាន់ និងការ​ចូលរួម​លុបបំបាត់​នូវ​ជំងឺនេះ”។

ជំងឺ​ឆ្កែឆ្កួត​នៅតែ​ជាបញ្ហា​សុខភាព​ដ៏ធ្ងន់ធ្ងរ​នៅក្នុង​ប្រទេស​ជាច្រើន​លើ​ពិភពលោក។ ប៉ុន្តែ​នៅក្នុង​នោះ​មនុស្ស​ច្រើនជាង​៩៩%​នៃអ្នក​ស្លាប់​ទាំងអស់​ដោយ​សារ​ឆ្កែឆ្កួត​ខាំច្រើន​កើតមាន​នៅក្នុង​តំបន់​អាហ្វ្រិក និង​អាស៊ី ជាពិសេស​នៅក្នុង​តំបន់​ដែលមិនបាន​ទទួល​វ៉ាក់សំាង និង​សំបូរ​ឆ្កែក្នុង​ស្រុក។ ការ​ប៉ាន់​ប្រមាណ​ពី​អត្រា​ស្លាប់​ដោយសារ​ជំងឺ​ឆ្កែឆ្កួត គឺច្រើន​ជាង​ជំងឺ​គ្រុនចាញ់ និង​ជំងឺ​គ្រុនឈាម។

ជំងឺ​ឆ្កែឆ្កួត គឺជា​ជំងឺ​ដែលបង្ក​ឡើង​ដោយ​វីរុស​លីសាវីរុស ធ្វើឲ្យ​ប៉ះពាល់​ដល់ប្រព័ន្ធ​សរសៃ​ប្រសាទ​កណ្តាល និង​បណ្តាល​ឲ្យស្លាប់ ប្រសិន​បើពុំបាន​ទទួលការ​ព្យាបាល​ត្រឹមត្រូវ។ ទោះបីជា​មាន​វ៉ាក់សាំង​ការពារ​ដ៏មាន​ប្រសិទ្ធភាព​យ៉ាងណា​ក៏ដោយ ក៏ជំងឺ​ឆ្កែឆ្កួត​នៅតែ​ជាបញ្ហា​សុខភាព​សាធារណៈ​ទូទាំង​សកលលោក​ ជាពិសេស​នៅប្រទេស​កំពុង​អភិវឌ្ឍន៍​ដែលសត្វ​ឆ្កែនៅតែ​ជាភ្នាក់ងារ​ចម្លង​ដ៏សំខាន់​ដល់​មនុស្ស។

លោក​វេជ្ជបណ្ឌិត Arnaud Tarantola នាយក ផ្នែក​អេពីដេមីសាស្ត្រ និងសុខភាព​សាធារណៈ​ប្រចាំ​នៅវិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា មានប្រសាសន៍​ថា៖​ “ចាប់​តាំង​ពីឆ្នាំ​២០០៨ វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ប្រចាំ នៅទី​ក្រុង​ភ្នំពេញ គឺជា​ប្រភព​ដ៏សំខាន់​ក្នុងការផ្តល់​សេវា​ព្យាបាល​ដោយឥត​គិតថ្លៃ​ក្រោយ​សត្វខាំ ព្រមទាំង​ជាកន្លែង​ស្រាវជ្រាវ​កំណត់​រោគវិនិច្ឆ័យ​ជំងឺ​ឆ្កែឆ្កួត ទាំងលើ​មនុស្ស និងសត្វ”។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៤

Google Analytics Alternative