ព្រះអង្គ​ម្ចាស់​ក្សត្រី សុរិន​ថន ផ្តល់​រថយន្ត​សង្គ្រោះ​ ដល់​ខេត្ត​រតន​គីរី

រថយន្ត​សង្គ្រោះ បន្ទាន់​មួយគ្រឿង​តម្លៃ ៧ម៉ឺនដុល្លារ ដែល​ជា​​អំណោយ​របស់​ព្រះអង្គម្ចាស់​ក្សត្រី​មហាចក្រី សុរិន ថន នៃ​ព្រះរាជា​ណាចក្រថៃ បាន​ប្រគល់​ដល់មន្ទីរពទ្យ​បង្អែក​ខេត្ត​រតនគិរី ទុកប្រើ​ប្រាស់​ក្នុងការ​ដឹកជញ្ជួន​អ្នកជំងឺ ។

Thai Ratanak Kiri

រូបភាព គេហទំព័រ សុខភាពកម្ពុជា

ពិធី​ប្រគល់​រថយន្តនេះ​បានធ្វើ​ឡើង​កាលរសៀល​ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ​២០១៤ រវាង​លោក​ ប្រាឈុន ភុំភ្លង មន្ត្រី ទំនាក់ទំនង​គំរោង​របស់​ព្រះអង្គ​ម្ចាស់ក្សត្រី​មហាចក្រី សុរិនថន និង​លោក អ៊ុង រតនា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តរតន​គីរី ។

លោក អ៊ុង រតនា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​រតនគិរី បានថ្លែង​អំណរគុណ​ដល់តំណាង​របស់​ព្រះអង្គ​ម្ចាស់ក្សត្រី​មហាចក្រី សុរិន ថន ដែលបាន​ផ្តល់​រថយន្ត​សង្គ្រោះ​បន្ទាន់​មានលក្ខណៈ​ទំនើប សំរាប់​មន្ទីរពេទ្យ ក៏ដូចជា​ប្រជាពលរដ្ឋ​ខេត្ត​រតនគិរី។ រថយន្តនេះ​សំរាប់​ជួយដល់​ស្ត្រី និង​កុមារ​ ជាពិសេស​អ្នកជំងឺ​គ្រុនចាញ់។

លោក ប្រា ឈុនភ្លុំភ្លង បានមាន​ប្រសាសន៍ថា រថយន្ត​សង្គ្រោះនេះ គឺសំរាប់​ដឹកអ្នក​ជម្ងឺចល័ត​ក្នុងខេត្ត ឫពី​ខេត្តមួយ​ទៅខេត្ត​មួយ។ លោកថា រថយន្ត​ប្រភេទ​​ដូចគ្នានេះ ត្រូវបាន​ប្រគល់​មួយគ្រឿង​រួចមក​ហើយ នៅក្នុង​ខេត្តមណ្ឌល​គិរី។ រថយន្តនេះ​ប្រភេទ​ម៉ាកតូ​យ៉ូតា ផលិត​នៅក្នុង​ប្រទេស​ជប៉ុន​ដែលមាន​តម្លៃ៧​ម៉ឺន​ដុល្លា។

លោក​ប្រធាន​មន្ទីរ​សុខាភិបាល​បានណែនាំ​ដល់ប្រធាន​មន្ទីរពេទ្យ​បង្អែក សូមអោយ​យករថយន្ត​ទៅប្រើប្រាស់​ឲ្យចំ​គោលដៅ ថែរក្សា និងជួយ​សម្រាល​ដល់បន្ទុក​របស់​ប្រជាពលរដ្ឋ។

លោក ហ៊ីង ផានសុគន្ធា ប្រធាន​មន្ទីរពេទ្យ​បង្អែកខេត្ត រតន​គីរី បានសន្យា​ថានឹង​ប្រើប្រាស់​រថយន្ត​ដែលបាន​ប្រគល់​នៅពេលនេះ​អោយសម​តាមបំណង​ប្រាថ្នា​របស់ម្ចាស់​ជំនួយ ប្តេជ្ញា​ថែរក្សា​រថយន្តនេះ​អោយបាន​យូរអង្វែង។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៤

Google Analytics Alternative