GE បង្ហាញ​ពីសុឆន្ទៈ​ជួយលើ​វិស័យ​សុខាភិបាល​នៅ​កម្ពុជា

កម្មវិធី​អភិវឌ្ឈន៍​វិស័យ​សុខាភិបាល​ជាសាកល នៃក្រុមហ៊ុន​យក្ស​ដែល​មាន​មូលដ្ឋាន​​នៅសហរដ្ឋ​អាមេរិក GE បាន​បង្ហាញ​សុឆន្ទៈ​ក្នុងការ​ជួយពង្រឹង​វិស័យ​សុខាភិបាល​​នៅកម្ពុជា និង​មានបំណង​ចាប់ផ្តើម​ជួយពង្រឹង​ប្រព័ន្ឋ​អគ្គិសនី​នៅកម្ពុជា ដើម្បីបំរើ​សេចក្តី​ត្រូវការ​របស់​ប្រជាជន​ប្រទេសនេះ។

រូបភាព សហការី

រូបភាព សហការី

លោក ចន ជីរ៉ាយ (John. G. RICE) អនុប្រធាន និងជា​នាយក​ប្រតិបត្តិ​ ប្រតិបត្តិការ​និង​អភិវឌ្ឈន៍​ជាសាកល និងជា​សមាជិក​ក្រុមប្រឹក្សាភិបាល​មូលនិធិ​GE បានមាន​ប្រសាសន៍ ឲ្យដឹង​បន្ទាប់ពី​ពិធីចុះ​ហត្ថលេខា​លើកម្មវិធី​ទឹកស្អាត និង​ប្រគល់​ឧបករណ៍ និង​បរិក្ខា​វេជ្ជសាស្រ្ត​ដល់មន្ទីរពេទ្យ​កាល់ម៉ែត តំលៃ​ជាង​១លាន​ដុល្លារ កាលពី​ថ្ងៃទី១៨ កញ្ញា​កន្លង​មកថា យើងមាន​សង្ឃឹមថា​វេជ្ជបណ្ឌិត​នៅកម្ពុជា បានធ្វើការ​ងារ​ប្រកប​ដោយ​ប្រសិទ្ឋិភាព​ខ្ពស់ តាមរយៈ​ការផ្តល់​ឧបករណ៍ និង​បរិក្ខាពេទ្យ​ទាំងនេះ ដើម្បីជួយ​ប្រជាជន​កម្ពុជា​ទាំងអស់​ឲ្យមាន​អាយុវែង។ យើងពិត​ជាយល់​ពីអាទិភាព ដែលជា​បំណង​របស់​លោកនាយក​រដ្ឋមន្រ្តី​កម្ពុជា និង​លោករដ្ឋមន្រ្តី​សុខាភិបាល​កម្ពុជា ដើម្បី​ធ្វើយ៉ាង​ណា​ឲ្យមាន​សេវា​សុ​ខាភិបាល​គ្របដណ្តប់​ទូទាំង​ប្រទេស​ឲ្យមាន​គុណភាព និង​ប្រសិទ្ឋិ​ភាព​ខ្ពស់។

លោកបន្ត​ថា “យើងបាន​ចំណាយ​មូលនិធិ​របស់​យើងលើ​ការបណ្តុះ​បណ្តាល​ធនធាន​មនុស្ស​ផ្នែក​ជីវវេជ្ជសាស្រ្ត ដើម្បីថែ​រក្សា​ឧបករណ៍​ពេទ្យបាន​ល្អ ប្រើបាន​យូរ និងមាន​ប្រសិទ្ឋិភាព​ខ្ពស់”។

លោក​ John G RICE បានបន្ត​ថា ក្រុមហ៊ុន​GE​បានស្តាប់​និងស្វែង​យល់ពី​សេចក្តី​ត្រូវការ​របស់​ប្រជាជន​កម្ពុជា ឧទាហរណ៍ ដូចជា​ការជួយ​ផ្នែក​ថាមពល​អគ្គិសនី ព្រោះ​ឧបករណ៍ និង​បរិក្ខាពេទ្យ​ទាំងនេះ​សុទ្ឋតែ​ត្រូវការ​អគ្គិសនី​ដើម្បីអាចប្រើ​ប្រាស់​បាន។

រូបភាព សហការី

រូបភាព សហការី

លោក​ដេវីត បារ៉ាសហ៍ (David Barash) នាយកផ្នែក​វេជ្ជសាស្រ្ត​នៃមូលនិធិ​GE បានមាន​ប្រសាសន៍​ថា សេចក្តី​ប្រកាសនេះ គឺជា​សក្ខីភាពមួយ​ថាតើ​ភាពជា​ដៃគូ គណនេយ្យ​ភាព និង​ភាពជា​អ្នក​ដឹកនាំ​ក្នុងចំណោម​ភាគី​ទាំងអស់ ក្រសួង​សុខាភិបាល ស្ថាប័ន​មិនរក​ប្រាក់​ចំណេញ ស្ថាប័ន​អប់រំ និង​សហគមន៍​មូលដ្ឋាន​មាន​សារៈ​សំខាន់​យ៉ាងណា​ចំពោះ​វឌ្ឈនភាព វិសាលភាព និងការ​កែលម្អ​ប្រកប​ដោយនិរន្តរភាព​ដែលអាច​វាស់វែង​បាន ក្នុង​លទ្ឋផល​និង​ផល​ប៉ះពាល់​ផ្នែក​សុខាភិបាល។ លោកបន្តថា មូលនិធិ​GEបាន​ចាប់ផ្តើម​កម្មវិធី​អភិវឌ្ឈន៍​វិស័យ​សុខាភិបាល​ជាសាកល នៅក្នុង​ប្រទេសកម្ពុជា​នៅឆ្នាំ​២០០៩ តាម​រយៈការ​សហការ​របស់​មូលនិធិ​GE ជាមួយ​ក្រសួង​សុខាភិបាល កម្មវិធី​អភិវឌ្ឈន៍​វិស័យ​សុខាភិបាល​ជាសាកល បានធ្វើ​ឲ្យហេដ្ឋា​រចនា​សម្ព័ន្ឋ​នៅ​មន្ទីរពេទ្យ​ចំនួន៣១​កន្លែង ក្នុងខេត្តក្រុង​ចំនួន​២៥​មានស្ថានភាព​ប្រសើរ​ទ្បើង។

កម្មវិធី​អភិវឌ្ឈ​វិស័យ​សុខាភិបាល​ជាសាកល បានផ្តល់​ឧបករណ៍ បច្ចេកវិទ្យា និង​ការបណ្តុះ​បណ្តាល​ដើម្បីជួយ​បង្កើន​គុណភាព​មូលដ្ឋាន​សុខាភិបាល​នៅក្នុង​ប្រទេស​កម្ពុជា ឥណ្ឌូនេស៊ី មីយ៉ាន់មា និង​អនុវត្តន៍​ដំណោះ​ស្រាយ​សាមញ្ញ និងមាន​និរន្តរភាព​នៅក្នុង​សហគមន៍ ដែលទទួល​បានការ​ថែទាំមិន​គ្រប់គ្រាន់។ កម្មវិធី​នៅក្នុង​តំបន់​ទាំងនេះ​ បានធ្វើ​ឲ្យសុខភាព​មាតា និង​ទារក​ល្អប្រសើរ លទ្ឋភាព​ទទួលបាន​ទឹកស្អាត បរិក្ខាពេទ្យ ការថែទាំ​ទូទៅ តាមរយៈ​ការផ្តល់​នូវការ​បណ្តុះបណ្តាល​ទូលំទូលាយ​ដល់បុគ្គលិក​សុខាភិបាល​នៅមូលដ្ឋាន។ កម្មវិធី​អភិវឌ្ឈន៍​វិស័យ​សុខាភិបាល​ជាសាកល​របស់​មូលនិធិ​GE បានបង្កើត​ទ្បើង​កាលពីឆ្នាំ​២០០៤​កន្លង​មកនេះ។

លោក​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តី​សុខាភិបាល​បានមាន​ប្រសាសន៍​ថា ក្រុមហ៊ុន​GE​បានជួយ​កម្ពុជា​ជាយូរ​មកហើយ តាមរយៈ​ការផ្តល់​ឧបករណ៍​និង​បរិក្ខាពេទ្យ​ចំនួន៣១​កន្លែង នៅទូទាំង​ប្រទេស​កម្ពុជា។ លោក​បន្តថា បរិក្ខារពេទ្យ​ទាំងនេះ​ជាមធ្យោបាយ​សម្រាប់​ធ្វើរោគវិនិច្ឆ័យ ជាមធ្យោបាយ​សម្រាប់​ថែទាំ​អ្នកជំងឺ​ឲ្យមាន​ប្រសិទ្ឋិភាព។​ សូមអាន ក្រសួងសុខាភិបាល និងមន្ទីរពេទ្យកាល់ម៉ែត្របានទទួលជំនួយជាង៤លានដុល្លារ ពីមូលនិធិ GE

លោកបន្តថា ក្រសួង​សុខាភិបាល​មានទិសដៅ​ពីរតាមរយៈ​យុទ្ឋសាស្រ្ត​ចតុកោណ​របស់​ប្រមុខរាជ​រដ្ឋាភិបាល​កម្ពុជា គឺការ​គ្របដណ្តប់​សេវា​សុខាភិបាល​ទូទាំង​ប្រទេស និងគ្រប​ដណ្តប់លើ​ប្រជាជន​ទាំងអស់ និងទី២ ផ្តល់សេវា​ឲ្យមាន​គុណភាព និងប្រសិទ្ឋិ​ភាពខ្ពស់៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៤

Google Analytics Alternative