ក្រសួង​សុខាភិបាល និង​មន្ទីរពេទ្យ​កាល់ម៉ែត្រ​បានទទួល​ជំនួយ​​ជាង៤លាន​ដុល្លារ ពីមូលនិធិ GE

ក្រសួង​សុខាភិបាល និង​មន្ទីរពេទ្យ​កាល់ម៉ែត​ នៅល្ងាច​ថ្ងៃទី១៨ កញ្ញានេះ បានទទួល​​ទឹកប្រាក់ និង​ឧបករណ៍ និង​បរិក្ខារ​ពេទ្យ​ជាង​៤លាន​ដុល្លារ ពី​ក្រុមហ៊ុន​យក្ស​សហរដ្ឋ​អាមេរិក​ឈ្មោះ​GE ។

photo GE n MoH

រូបភាព គេហទំព័រ សុខភាពកម្ពុជា

លោកសាស្រ្តាចារ្យ ឈាង រ៉ា អគ្គនាយក​មន្ទីរពេទ្យ​កាល់ម៉ែត​បានមាន​ប្រសាសន៍​បន្ទាប់ពី​ពិធីចុះ​ហត្ថលេខា លើគម្រោង​កម្មវិធី​ទឹកស្អាត​នៅតាម​មន្ទីរពេទ្យ​បង្អែក​កម្ពុជា និង​ពិធី​ប្រគល់​ឧបករណ៍​វេជ្ជសាស្រ្ត និង​សម្ភារៈ​បរិក្ខារពេទ្យ​ដល់​មន្ទីរពេទ្យ​កាល់ម៉ែត កាលពី​ល្ងាច​ថ្ងៃទី​១៨ កញ្ញា​កន្លង​មកថា សព្វថ្ងៃ​មន្ទីរពេទ្យ​កាល់ម៉ែត មាន​គ្រែជូន​អ្នក​ជំងឺ​សម្រាក​ព្យាបាល​សរុប​ចំនួន​៥០០គ្រែ ដែលមាន​អត្រា​ប្រើប្រាស់​គ្រែប្រមាណ​១១០​ភាគរយ ក្នុងនោះ​អ្នកជំងឺ​ជាជន​ក្រីក្រ​មានចំនួន​២៥​ភាគរយ​នៃចំនួន​អ្នកជំងឺ​ប្រចាំថ្ងៃ។ លោក​បន្តថា ការពិនិត្យ​ព្យាបាល​ជំងឺគឺ​ជា​ភារកិច្ច​ចម្បង​របស់​មន្ទីរពេទ្យ ដោយទ្បែក​មន្ទីរពេទ្យ​នៅបាន​បំពេញ​ភារកិច្ច​ដ៏សំខាន់​បន្ថែមទៀត ក្នុងការ​ទ្រាំទ្រ​​រាល់​សភាពការណ៍​លំបាក​ស្មុគ្រស្មាញ​ទាំងទ្បាយ​នៅកម្ពុជា ក្នុងភាព​ម៉ឺងមាត់​ជានិច្ច ដើម្បី​ស្រោចស្រង់​ជីវិត​ប្រជាពលរដ្ឋ ក៏ដូចជា​ទ្រទ្រង់​គោល​នយោបាយ​របស់​ក្រសួង​សុខាភិបាល។

លោក​សាស្រ្តាចារ្យ​បានបន្ត​ថា “ថ្ងៃវិសេស​វិសាលនេះ មន្ទីរពេទ្យ​កាល់ម៉ែត ព្រមទាំង​មន្រ្តី​រាជការ ខ្ញុំមាន​មោទនភាព​យ៉ាង​ក្រៃលែង ដោយបាន​ទទួល​ឧបករណ៍​វេជ្ជសាស្រ្ត និង​បរិក្ខារពេទ្យ​ គិតជា​ទឹកប្រាក់​ជាង​១.០០៨.៨៩៤​ដុល្លារ​អាមេរិក ដែលជា​អំណោយ​ដ៏ថ្លៃថ្លា​របស់​មូលនិធិ​GE សម្រាប់​អាគារ​មជ្ឈមណ្ឌល​វិទ្យាសាស្រ្ត​ប្រព័ន្ឋ​ប្រាសាទ”។ លោក​បន្តថា “អំណោយ​សប្បុរសធ៌ម​នេះ ជាការ​រួមចំណែក​ធំធេងមួយ ក្នុងការ​លើកទឹក​ចិត្តមន្រ្តី​រាជការ​មន្ទីរពេទ្យ ដែល​ខិតខំ​យកចិត្ត​ទុកដាក់​ថែរទាំ​អ្នកជំងឺ នឹង​ជួយជំរុញ​ឲ្យការ​ព្យាបាល​ដោយបច្ចេក​វិទ្យា​ខ្ពស់ គុណភាព ប្រសិទ្ឋិភាព សុវត្ថិភាព​ជូនអ្នក​ជំងឺ​របស់​យើងឲ្យ​កាន់តែ​ប្រសើរ”។

លោក ចន ជី រ៉ាយ (John G RICE) អនុប្រធាន និងជា​នាយកប្រតិបត្តិ ប្រតិបត្តិការ និង​អភិវឌ្ឈន៍​ជាសាកល និងជា​សមាជិក​ក្រុមប្រឹក្សាភិបាល​មូលនិធិ​GE បានមាន​ប្រសាសន៍​ថា យើងមើល​ឃើញថា​កម្មវិធី​អភិវឌ្ឈន័​វិស័យ​សុខាភិបាល​ជាសាកល​ជាវេទិកា​ដ៏ប្រសើរ​មួយ ដើម្បី​ពង្រឹង​ការផ្តល់​សេវា​សហគមន៍​របស់យើង​នៅអាស៊ាន ជាពិសេស​នៅក្នុង​ទីផ្សារ​ដែលទើប​រីកលូតលាស់ ដូចជា​ប្រទេស​កម្ពុជា​ជាដើម។ លោក​បន្តថា ការផ្តល់​លទ្ឋភាព​ទទួលបាន​ការថែរទាំ​សុខភាព​ប្រកប​ដោយ​គុណភាព និង​ការប្រើ​ប្រាស់​ផលិតផល និង​ជំនាញ​របស់​មូលនិធិ​GE ដើម្បី​ជួយ​ប្រជាជន​នៅទូទាំង​ប្រទេស ឲ្យរស់​ក្នុងជីវិត​មាន​សុខភាព​ល្អ គឺជា​វិធីសាស្រ្ត​ដ៏អស្ចារ្យ​មួយ ដើម្បី​បញ្ជាក់​ថាមូលនិធិ​GE គឺជា​ដៃគូ​រយៈពេល​វែងមួយ ដែលពិត​ជាជួយ​យកចិត្ត​ទុកដាក់​ចំពោះ​ប្រជាជន និង​ការអភិវឌ្ឈន៍​ប្រទេស​កម្ពុជា​ពិត​ប្រាកដ​មែន។

លោក​បន្តថា “ហេតុផល​ដែលយើង​មកទីនេះ​ ពីព្រោះ​តែអ្នក​ហេតុផល​ដែលយើង​មកទីនេះ ព្រោះ​យើងជឿ​ទៅលើ​លោកអ្នក ដែលបាន​ខិតខំ​កសាង​អាគារ​មន្ទីរពេទ្យ​ទំនើប កសាង​សមត្ថភាព​របស់អ្នក ដើម្បី​បំពេញ​ការងារ​បានល្អ​ក្នុងការ​សង្រ្គោះ​ជីវិត​ប្រជាជន”។ លោក​បន្តថា “យើងនឹង​នៅតែ​បន្តគាំទ្រ​ចំពោះ​ការងារ​ដ៏ល្អ​របស់​អ្នក ក្នុងការ​សង្រ្គោះជីវិត​របស់​ប្រជាជន​ឲ្យបាន​កាន់តែ​ច្រើន”។

លោក​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល បានមាន​ប្រសាសន៍​សម្តែង​អំណរគុណ​ដល់មូលនិធិ​GE ដែលបាន​ជួយ​ក្រសួង​លើកម្មវិធី​អនាម័យ​ទឹកស្អាត​នៅតាម​មន្ទីរពេទ្យ​បង្អែក​តាមបណ្តា​ខេត្ត សម្រាប់​ឆ្នាំ២០១៤ ២០១៦ លើគម្រោង​ទឹកប្រាក់​៣.៥០០.០០០​ដុល្លារ​អាមេរិក និង​ប្រគល់​ឧបករណ៍ និង​សម្ភារៈ​បរិក្ខាពេទ្យ​ដល់មន្ទីរពេទ្យ​កាល់ម៉ែត ក្នុង​ទឹកប្រាក់​ជាង១.០០៨.៨៩៤​ដុល្លារ​អាមេរិក ជាប្រយោជន៍ សម្រាប់​មជ្ឈមណ្ឌល​វិទ្យាសាស្រ្ត​ប្រព័ន្ឋ​ប្រាសាទ មន្ទីរពេទ្យ​កាល់ម៉ែត។ លោក​បន្តថា ការប្រគល់​ឧបករណ៍​សម្គារៈ​បរិក្ខាេ​ពេទ្យ និង​ជំនួយ​ទាំងនេះ ជាកាយ​វិការ​សប្បុរស​ធ៌ម​មួយ ក្នុងការ​លើកទឹកចិត្ត​ដ៏សំខាន់ ដើម្បី​ជួយ​មន្ទីរពេទ្យ​ឲ្យមាន​ការរីក​ចំរើន​ផ្នែកវិស័យ​បរិក្ខាពេទ្យ ក៏ដូចជា​បច្ចេកវិទ្យា​ព្យាបាល​ឲ្យកាន់​តែមាន​ប្រសិទ្ឋិភាព។ លោក​បន្ត​ថា “អំណោយ​ទាំងអស់​នេះជា​ការរួម​ចំណែក​យ៉ាងធំធេង​ក្នុងការ​ទ្រទ្រង់​ដល់គោល​នយោបាយ​របស់​ក្រសួង​សុខាភិបាល ដែលពីមួយ​ថ្ងៃទៅ​មួយថ្ងៃ ក្រសួង​តែងគិតគូ​ជានិច្ច ដោះស្រាយ​សុខភាព​របស់អ្នក​ជំងឺឲ្យ​បានល្អ​ប្រសើរ​ថែមទៀត និងលើក​កំពស់​កម្រិត​បច្ចេកទេស​ព្យាបាល​ឲ្យកាន់​តែមាន​គុណភាព និង​ប្រសិទ្ឋិភាព​ខ្ពស់”។ លោក​បន្ថែមថា “ក្រសួង​នឹងជ្រើសរើស​អនុវត្តន៍​កម្មវិធី​ទឹកស្អាត​នៅតាម​មន្ទីរពេទ្យ​បង្អែក​ដែលជា​គោលដៅ​អាទិភាព មុនគេ​ដើម្បី​ផ្តល់សេវា​ទឹកស្អាត ដល់​គ្រូពេទ្យ និង​អ្នកជំងឺ​ឲ្យបាន​ប្រើប្រាស់​ជាប្រយោជន៍ ដល់​សុខភាព​ប្រជាជន”។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៤

Google Analytics Alternative