កម្ពុជា​នាំចូល​ស៊ុតមាន់ ស៊ុតទា ប្រមាណ ២០​លានស៊ុត​ពីប្រទេស​វៀតណាម ក្នុង​១ខែ

លោក ឆាយ សុខហួរ ប្រធាន​សមាគម​អ្នកចិញ្ចឹម​មាន់ទា​កម្ពុជា បានប្រាប់​វេបសាយ​សុខភាពកម្ពុជា ឲ្យដឹង ថាក្នុង​១ខែ កម្ពុជា​នាំចូល​ស៊ុតមាន់ ស៊ុតទា ប្រមាណ ២០ លានស៊ុត​ពីប្រទេស​វៀតណាម ខណៈ​ដែល​ប្រទេស​នេះអាច​ផលិត​បាននោះ។ ប្រទេស​កម្ពុជា​ត្រូវបាន​គេចាត់​ទុកជា​ប្រទេស​មួយដែល​នាំចូល​ស្ទើរគ្រប់​មុខ​ទំនិញ ដែលសូម្បី​គ្រឿង​ឧបភោគ បរិភោគ ភេសជ្ជៈ បន្លែ​ផ្លែឈើ សាច់ស៊ុត​ពីក្រៅ​ប្រទេស​ដើម្បី​មកបំពេញ​សេចក្តី​ត្រូវការ​នៅលើ​ទីផ្សារ​ក្នុងស្រុក។

រូបភាព សហការី

រូបភាព សហការី

លោក ឆាយ សុខហួរ ប្រធាន​សមាគម​អ្នកចិញ្ចឹម​មាន់ទា​កម្ពុជា បានមាន​ប្រសាសន៍​ថា ទាដែល​ក្រុមហ៊ុន និង​ពលរដ្ឋ​ចិញ្ចឹម​ក្នុងស្រុក​មិនអាច​ផ្គត់ផ្គង់​តម្រូវការ​នៅលើ​ទីផ្សារ​បានឡើយ ។ ដូចនេះ ក្នុងខែៗ​ជាមធ្យម​មានស៊ុតទា​ប្រមាណ​ជាង ២០ លាន​ស៊ុត​ត្រូវបាន​ឈ្មួញនាំ​ចូលតាម​ច្រកព្រំដែន​ជាប់​ប្រទេស​វៀតណាម តាមច្រក​ទ្វារភ្នំដិន ខេត្តតាកែវ ច្រកទ្វារ​មេមត់​ខេត្ត​កំពង់ចាម និង​ច្រកទ្វារ​ក្នុងភូមិសាស្ត្រ​ស្រុកព្រះ​ស្ដេច​ខេត្ត​ព្រៃវែង។

តាមពិត​ក្រសួង​កសិកម្ម រិក្ខាប្រមាញ់ និង​នេសាទ មិនអនុញ្ញាត​ឲ្យមាន​ការនាំ​ចូល​ស៊ុតទា​ច្រើន​បែប​នោះ​ទេ។ ប៉ុន្តែ​ដោយសារ​ឈ្មួញនាំ​ចូលបាន​ត្រូវរ៉ូវ​គ្នា​ជាមួយ​ស្ថាប័ន​កាំកុង​ត្រូល និងគយ រួមទាំង​សមត្តកិច្ច​នៅតាម​មាត់ច្រក់​ព្រំដែន​ទើបពួក​គេអាច​នាំចូល​បានដោយ​ស្រួល និងធ្វើ​ចរាចរណ៍​ចែកចាយ​ដោយ​សេរី។

លោក ឆាយ សុខហួរ បានឲ្យ​ដឹងទៀត​ ថាក្រៅ​ពីស៊ុតទា​ក៏មានផង​ដែរ ការនាំ​ចូលសាច់​មាន់ខុស​ច្បាប់ពី​ប្រទេស​វៀតណាម​ដោយ​លួចលាក់។ លោក​បន្ត​ថា « គ្រាន់តែ​ច្រកទ្វារ​វៀតណាម​មួយមាន​មាន់​ខុសច្បាប់​ជាង ២៥ម៉ឺន​ក្បាល​ត្រូវបាន​គេនាំ​ចូលជា​រៀង​រាល់ថ្ងៃ»។

អ្នកតាម​ដាន​លើការ​ចិញ្ចឹម​សត្វ​នៅ​កម្ពុជា បានបញ្ជាក់​ថា​កសិករ​មួយចំនួន​ដែលមាន​កសិដ្ឋាន​ចិញ្ចឹម​សត្វទា​យកស៊ុត​លក់បាន​ត្អូញត្អែរ​ថា តម្លៃស៊ុតទា​ធ្លាក់​ថ្លៃ​ជាច្រើន​​ធ្វើឲ្យ​ពួកគាត់ មានការ​លំបាក និង​ប្រឈម​ជាមួយ​ការខ្វះ​ប្រាក់សង​ម្ចាស់​បំណុល​ទៀតផង។ ការលក់​ផលិតផល​មិនដាច់ វាជា​រឿងមួយ​ចំពោះ​កសិករ​ដែលចិញ្ចឹម​សត្វទា​យកស៊ុត​លក់ ប៉ុន្តែ​រឿងការ​ខាតបង់​លក់មិន​បានចំណេញ វាអាច​ធ្វើឲ្យ​មុខរបរ​ចិញ្ចឹម​សត្វទា​យកស៊ុត លក់លែង​មានអ្នក​ធ្វើតទៅ​ទៀត។

គួរបញ្ជាក់​ថា​តម្លៃស៊ុត​ទាបាន​ធ្លាក់ចុះ​ជាខ្លាំង​ក្រោយ​ពេល​ចូលឆ្នាំ​ខ្មែរ គឺធ្លាក់​ចុះពី ជាង ៤០០ រៀល​ក្នុងមួយ​គ្រាប់មក​នៅត្រឹម​ថ្លៃជិត ២០០រៀល។ មូលហេតុ​ដែលបណ្ដាល​ឲ្យតម្លៃ​ស៊ុតទា​ធ្លាក់ចុះ​ថោកជាងមុន ដោយសារ​រដ្ឋអនុញ្ញាត​ឲ្យនាំចូល​ពីប្រទេស​ជិតខាង​ជាពិសេស​ការនាំ​ស៊ុតទា​មកពី​ប្រទេស​វៀតណាម​ដែលមាន​តម្លៃ​ថោកជាង​ស៊ុតទា​ក្នុងស្រុក។

របាយការណ៍​បូកសរុប​ការងារ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ឆ្នាំ២០១៣-២០១៤ របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បានបង្ហាញ​ឲ្យដឹង​ថា ការចិញ្ចឹម​សត្វស្លាប មាន់ទា ជាលក្ខណៈ​គ្រួសារពី ឆ្នាំ២០០៩ ដល់ ២០១៣ មានការ​កើនឡើង​យ៉ាងខ្លាំង​រហូតដល់​ទៅជាង ៣៥ ភាគរយ គឺកើន​ពីជាង ២០ លានក្បាល ទៅដល់ ២៧ លានក្បាល​នៅឆ្នាំ​២០១។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៤

Google Analytics Alternative