កម្ពុជា​នាំចូល​ឱសថ ទឹកប្រាក់​ជិត​១០០​លាន​ដុល្លារ ក្នុង១ឆ្នាំ

មន្ត្រីជាន់ខ្ពស់​ក្រសួង​សុខាភិបាល​បានឲ្យ​ដឹងថា​ទំហំ​ការនាំ​ចូល​ឱសថ​មកក្នុង​ប្រទេស​កម្ពុជា​ក្នុងមួយ​ឆ្នាំៗ មានតំលៃ​ប្រមាណ​ជិត១០០​លាន​ដុល្លា​អាមេរិក។

រូបភាព សហការី

រូបភាព សហការី

លោក​ឱសថការី ជូ យិនស៊ីម រដ្ឋលេខាធិ​ការក្រសួង​សុខាភិបាល​បានមាន​ប្រសាសន៍​ប្រាប់​វេបសាយ​សុខភាពកម្ពុជា ថា​ប្រទេស​កម្ពុជា​បានបើក​ទូលាយ​ក្នុងការ​នាំចូល​ឱសថ​ដោយមិន​ប្រកាន់​ក្រុមហ៊ុន​ខ្មែរ​ ឬបរទេស​នោះទេ​ហើយ​ឱសថ​ដែលនាំ​ចូលមក​ក្នុង​ប្រទេស​កម្ពុជា​ភាគច្រើន​មកពី​សហគម​អឺរ៉ុប ដូចជា​ប្រទេស​បារាំង​, អាឡឺម៉ង់ និង​ប្រទេស​ស្វីស​ជាដើម ដោយសារ​តែប្រជាជន​កម្ពុជា​មាន​ជំនឿ​ជឿជាក់​លើផលិត​ផលមក​ពីសហគម​អឺរ៉ុប។

លោកបាន​បន្តថា​ ឱសថ​ដែលបាន​នាំចូល​មកក្នុង​ប្រទេស​កម្ពុជា​មានទំហំ​ទឹកប្រាក់​ប្រមាណ​៦លាន​ដុល្លារ​អាមេរិក​ក្នុង១ខែ និង​ប្រមាណ​៧០លាន​ដុល្លារ​អាមេរិក​​ក្នុង១ឆ្នាំ។ រីឯ​ការប្រើ​ប្រាស់​ឱសថ​នៅកម្ពុជា​ក៏មាន​ទំហំ​ធំធេង​ដែរពោល​គឺប្រមាណ​ជិត​១០០លាន​ដុល្លា​អាមេរិក​ខណ​ដែល​ប្រជាជន​កម្ពុជា​នាពេល​បច្ចុប្បន្ន​នេះមាន​ប្រមាណ​១៥លាន​នាក់។

លោកបាន​ចាត់ទុក​ថានេះ គឺជា​ការប្រើ​ប្រាស់​ឱសថ​ដ៏ច្រើន​សន្ធឹក​សន្ធាប់​ហើយក៏​អាចបញ្ជាក់​បានថា​ប្រជាជន​កម្ពុជា​​ក៏មាន​ជំងឺ​ច្រើនដែរ។ ដូចនេះ​ត្រូវគិត​ពីបញ្ហា​នេះឲ្យបាន​ម៉ត់ចត់​ពោលគឺ​ត្រូវគិត​ពីការ​បង្ការ​ជាជាង​ការ​ព្យាបាល។

រូបភាព សហការី

រូបភាព សហការី

ពាក់ព័ន្ធ​នឹងការ​ដែល​ប្រជាពល​រដ្ឋកម្ពុជា​មានជំងឺ​នេះ លោក​ឱសថការី​ ជូ យិនស៊ីម បាន​ពន្យល់​ថា​ដោយសារ​ការប្រើ​ប្រាស់​ចំណី​អាហារ​មិនបាន​ត្រឹមត្រូវ​ដោយសារ​ប្រជាពលរដ្ឋ​យើង​មានការ​យល់ដឹង​នៅមាន​កំរិត​នៅឡើយ​ទើប​បណ្តាល​ឲ្យមាន​ជំងឺ​លើសឈាម ឬទឹក​នោមផ្អែម​ដែលសព្វ​ថ្ងៃមាន​ចំនួន​ច្រើន​កើត​ឡើងទៅ​លើ​ប្រជាជន​កម្ពុជា។ លោកបាន​បន្តថា​បើការ​ប្រើប្រាស់​ចំណី​អាហារ​បាន​ត្រឹមត្រូវ​នោះការ​ចំណាយ​ទៅលើ​ឪសថ​ក៏កាត់​បន្ថយដែរ។
លោក​ឪសថ​បណ្ឌិត ហេង ប៊ុនគៀត ប្រធាន​នាយកដ្ឋាន​ឪសថ​ចំណី​អាហារ​បរិក្ខាពេទ្យ នឹងគ្រឿង​សំអាង បានមាន​ប្រសាសន៍​ថាដោយ​សារតែ​ការប្រើ​ប្រាស់​ចំណី​អាហារ​មិនបាន​ត្រឹមត្រូវ បានធ្វើ​ឲ្យការ​ចំណាយ​ទៅលើ​ការព្យាបាល​ជំងឺ​នៅក្នង​ប្រទេស​កម្ពុជា​ច្រើនដែរ ពោលគឺ​ប្រមាណ​១០០លាន​ដុល្លា​អាមេរិក​ក្នងមួយ​ឆ្នាំ សំរាប់​វិស័យ​ឯកជន​ដោយមិន​គិតរាប់​បញ្ចូលការ​ចំណាយ​របស់​រដ្ឋ​នោះទេ។

លោក ជូ យ៉ិនស៊ីម បាន​បន្ថែម​ថា​ប្រទេស​កម្ពជា​ស្ថិតក្នុង​បរិបទថ្មី​បានកំពុង​តែជំរុញ​ស្របគ្នា​ឲ្យមាន​ការប្រើ​ប្រាស់​នឹងបឺត​ស្រូប​យកម្ហូប​អាហារ​សំរាប់​ទ្រទង់​រាងកាយ​នូវផលិត​ផល​ចំណី​អាហារ​ដែលមាន​អនាម័យ​សុវត្តិភាព​ផងនឹង​គ្មាន​អនាម័យ​នឹង​សុវត្តិភាព​ផង។ រីឯ​ការកង្វះ​ខាតខាង​ផ្នែក​អនាម័យ​នឹង​សុវត្តិភាព​​ចំណី​អាហារ​នៅតាម​ភោជនីដ្ឋាន​សិប្បកម្ម នឹង​រោងចក្រ​ផលិត​ចំណី​អាហារ​នឹងការ​ប្រើប្រាស់​សារធាតុ​គីមី​ក្នុង​ផលិតផល​ម្ហូបអាហារ​ក៏ពុំទាន់​គោរព​តាម​បទ​ដ្ឋាន​ត្រឹមត្រូវដែរ។

លោក​ឪសថ​បណ្ឌិត ហេង ប៊ុនគៀត បានឲ្យ​ដឹងថា​បច្ចុប្បន្ន​នាយកដ្ឋាន​ឪសថ​បានខិតខំ​ធ្វើការ​បណ្តុះ​បណ្តាល​ដល់មន្រ្តី​សុខាភិបាល ក្រោមថ្នាក់​ជាតិ​ដើម្បីឲ្យ​ពួកគេ​បានយល់​ដឹងអំពី​បញ្ហា​អនាម័យ នឹង​សុវត្តិភាព​ចំណី​អាហារ​ក្នុងការ​អនុវត្ត​គោលការ​អនាម័យល្អ និងការ​ត្រួត​ពិនិត្យ​ខ្សែ​សង្វាក់​ផលិតកម្ម​ចំណី​អាហារ​តាម​ភោជនីដ្ឋាន​អាហារដ្ឋាន​សិប្បកម្ម​នឹងរោង​ចក្រ​ផលិត​ចំណី​អាហារ​នៅតាម​រាជធានី​ខេត្ត​របស់​ខ្លួន​ប្រកប​ដោយ​ប្រសិទ្ធ​ភាពធានា​ដល់​សុខភាព​អ្នកបរិភោគ ព្រោះថា​មានជំងឺ​ជាច្រើន​ដែលមាន​ប្រភព​មកពី​ការបរិភោគ​ចំណី​អាហារ​គ្មាន​សុវត្តិភាព ដូចជា​ជំងឺក្រពះ​ រាគជំងឺ​ថ្លើមជំងឺ​មហារីក នឹង​ជំងឺ​ជាច្រើន​ទៀត។

ក្រុមហ៊ុន​សាណូហ្វី ដែលជា​ក្រុមហ៊ុន​ឈាមមុខ​គេមួយ​លើផ្នែក​ឱសថ​នៅ​ប្រទេស​កម្ពុជា ដោយបាន​នាំមក​នូវផលិត​ផល​សំខាន់ៗ ជាង៧០​មុខ រួមទាំង​វ៉ាក់សាំង​ការពារ​ជំងឺ២០មុខ ដើម្បី​ធានា​ដល់ភាព​ងាយស្រួល​ក្នុងការ​ស្វែង​នូវ​ឱសថ​ដែលមាន​គុណភាព​ដូចអ្នក​ជំងឺ​ផ្សេងទៀត​នៅទូទាំង​ពិភពលោក។

សូមតាមដានពត័មានលំអិតផ្សេងទៀត នៅលើគេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៤

Google Analytics Alternative