ជំងឺ​ទឹកនោម​ផ្អែម និង​វិធីសាស្រ្ត​ការពារ

រៀងរាល់​៦វិនាទី​ម្តង​ ជំងឺ​ទឹកនោម​ផ្អែម បាន​សម្លាប់​ប្រជាជន​ម្នាក់ ហើយ​វាបាន និង​កំពុង​ក្លាយជា​បញ្ហា​ចំបង​របស់​ពិភពលោក ក្នុង​ពេលមាន​មនុស្ស​៣៦៥​លាននាក់​កំពុង​កើត​ជំងឺនេះ និង​រំពឹងថា​អ្នកកើត​ជំងឺនេះ​នឹងកើន​ដល់ជាង​៥០០លាន​នាក់​នៅឆ្នាំ​២០២៥​ខាងមុខ ដែល៧០​ភាគរយ​នៃអ្នក​ជំងឺ​ទាំងនោះ​កំពុងរស់​នៅក្នុងទ្វីប​អាស៊ី។

លោកសាស្រ្តា​ចារ្យ​មហា​បរិញ្ញា កុយ វ៉ាន់នី

លោកសាស្រ្តា​ចារ្យ​មហា​បរិញ្ញា កុយ វ៉ាន់នី

ដោយទ្បែក​តាមរបាយ​ការណ៍​របស់​សមាគម ជំងឺទឹក​នោមផ្អែម​ពិភពលោក បានប៉ាន់​ប្រមាណ​ថា នៅកម្ពុជា​មានអ្នក​ជំងឺទឹកនោម​ផ្អែម​២៥០.០០០​នាក់ ប៉ុន្តែ​អ្នក​ជំនាញ​ក្នុង​វិស័យនេះ បានគិត​ថាចំនួន​អ្នកជំងឺ​ទឹកនោម​ផ្អែម​កម្ពុជា​អាចមាន​ដល់កន្លះ​លាននាក់ និងអាច​កើតដល់​១.០០០.០០០​នៅឆ្នាំ​២០២៥​ខាងមុខ។

លោកសាស្រ្តា​ចារ្យ​មហា​បរិញ្ញា កុយ វ៉ាន់នី អ្នក​ឯកទេស​ជំងឺ​ទឹកនោម​ផ្អែម និងក្រពេញ និងជា​ប្រធាន​សមាគម​គ្រូពេទ្យ​ទឹកនោម​ផ្អែម និង​ក្រពេញ​កម្ពុជា ដែល​បច្ចុប្បន្ន​បាន និង​កំពុងបំរើ​ការងារ​នៅមន្ទីរពេទ្យ​កាល់ម៉ែត បានមាន​ប្រសាសន៍​ឲ្យវេបសាយ​សុ​ខភាព​កម្ពុជា​ដឹងកាល​ពីពេលថ្មីៗ​នេះថា ចំនួន​កើន​ទ្បើង​នៃជំងឺ​ទឹកនោម​ផ្អែមបាន​កើតទ្បើង​ដំណាលគ្នា​នឹងសន្ទុះ​នៃការអភិវឌ្ឈន៍ និង​​របប​ហូបចុក​ងាយស្រួល​រកបាន។ ជាមុខ​អាហារ និង​ភេសជ្ជៈ​ទាំងនោះ​សម្បូរជាតិ​កាទ្បូរី​ខ្ពស់ និងការ​និយម​ទទួលទាន​អាហារ​រហ័ស​ទាន់ចិត្ត (Fast Food) កាន់តែ​ច្រើនក្នុង​ចំណោម​ប្រជាជន​កម្ពុជា។

លោក​បន្តថា “ប្រជាជន​មិនសូវ​ប្រើប្រាស់​កំលាំង​ពលកម្ម ដូចជា​ដើរ និង​ហាត់ប្រាណ។ ភាព​អសកម្ម​ទាំងនេះ​ក៏ជា​ផ្នែកមួយ បណ្តាល​ឲ្យមាន​ជំងឺទឹក​នោមផ្អែម​កើនទ្បើង​ផងដែរ ”។ ជំងឺ​ទឹកនោម​ផ្អែម​ជួរទី២ គឺបណ្តាល​មកពី​តំណពូជ​ប្រមាណ​២០ភាគរយ ប៉ុន្តែ​វាមិនមែន​ជាជំងឺឆ្លង​នោះទេ។

លោកសាស្រ្តាចារ្យ មហាបរិញ្ញា កុយ វ៉ាន់នី បានឲ្យ​ដឹងថា គេអាច​ការពារ​ជំងឺនេះ​បានតាម​រយៈការ​ហាត់ប្រាណ ការបញ្ចេញ​កំលាំង​ពលកម្ម​ឲ្យបែកញើស​កាន់តែ​ច្រើន អប់រំ និង​បង្រៀន​កូនចៅ​របស់ខ្លួន ឲ្យរស់​នៅប្រកប​ដោយ​សុវត្ថិភាព ដូចជា​ទី១ ត្រូវទទួល​ទានប្រកប​ដោយ​សុវត្ថិភាព ដើម្បី​កុំឲ្យ​ទ្បើង​ទម្ងន់​លើស​រាងកាយ​របស់​យើង​ត្រូវការ ទី២ ហូបចុក​ប្រកប​ដោយ​សុវត្ថិភាព ពោលគឺ​កុំហូបចុក​របបអាហារ​ណា​ដែលមាន​ជាតិកាទ្បូរី​ខ្ពស់ ទី៣ កុំហូប​ជាតិ​សុរា​ច្រើន ព្រោះការ​ហូប​ស្រា​ច្រើន គឺធ្វើ​ឲ្យលំពែង​ខ្សោយ មិនអាច​ផលិត​សារជាតិ​អាំង​ស៊ុយ​លីន ដើម្បីមក​បង្រ្កាបជាតិ​ស្ករ​ក្នុងរាង​កាយបាន ទី៤ ត្រូវ​ឧស្សាហ៍​ធ្វើតេស្ត​ពិនិត្យ​ជាតិស្ករ ក្នុងឈាម​មួយឆ្នាំ ម្តងជា​ប្រចាំ និងទី៥ កាត់បន្ថយ​ការប្រើ​ប្រាស់​អាហារ​រហ័សទាន់​ចិត្ត គឺអាច​ទទួលទាន​យូរៗម្តង។

លោក​បន្តថា “ការប្រកាន់​ឥរិយាបទ​ខាងលើនេះ អាចកាត់​បន្ថយ​ជំងឺនេះ​បានប្រមាណ​៥០​ភាគរយ ”។ លោក​បន្តថា “ជំងឺនេះ​មិនមាន​រោគសញ្ញា​នោះទេ ប៉ុន្តែ​នៅពេល​យើង​សង្ស័យ ឬ​ដឹងកើត​ជំងឺនេះ គឺអ្នក​ជំងឺ​បានកើត​ជំងឺនេះ ទាំងមិន​ដឹងខ្លួន​រយៈពេល​១០ទៅ​១៥ឆ្នាំ​រួចទៅ​ហើយ ”។ លោក​បន្តថា “អាជ្ញា​ធរ​រាជធានី​គួរបង្កើត​ឲ្យមាន​កន្លែង​ស​ម្រាប់ក្មេង​រត់លេង និង​កន្លែង​ហាត់ប្រាណ​កាន់តែ​ច្រើន​សម្រាប់​ប្រជាជន ព្រោះនៅ​តាមផ្លូ​វធំៗ​ក្នុងរាជ​ធានី មិនមាន​កន្លែង​សម្រាប់​ដើរនោះ​ទ្បើយ​ នាពេល​បច្ចុប្បន្ននេះ ”។
ជំងឺ​ទឹកនោម​ផ្អែម​ពីមុន​មក​ គឺកើត​លើអ្នក​មានអាយុ​៣៥ឆ្នាំទ្បើង ហើយភាគ​​​ច្រើនកើត​លើអ្នក​មានអាយុ​ចាប់ពី​៤៥ ទៅ​៥៥ឆ្នាំ ប៉ុន្តែ​រយៈពេល​១០ឆ្នាំ​ចុងក្រោយ​នេះ ជំងឺនេះ​បានកើត​លើ​ប្រជាជន​វ័យក្មេង ដែលមាន​អាយុពី១២ ឬ១៣​ឆ្នាំទ្បើងទៅ។ ឥរិយាបទ​រស់នៅ​របស់​ប្រជាជន​កម្ពុជា បាន និង​កំពុង​បណ្តាល​ឲ្យមាន​ការកើន​ទ្បើង​នូវ​ជំងឺនេះ ដូចជា មិនសូវ​ហាត់ប្រាណ ទទួលទាន​អាហារ​មានជាតិ​កាទ្បូរី​ខ្ពស់ ទទួលទាន​ស្រាច្រើន​ជាដើម។ លោក​សាស្រ្តាចារ្យ កុយ វ៉ាន់នី បញ្ជាក់។

ជំងឺ​ទឹកនោម​ផ្អែម​បណ្តាល​ឲ្យមាន​ផលវិបាក​ធំៗបី គឺខ្សោយ​ក្រលៀន មានបញ្ហា​បេះដូង និង​មានបញ្ហា​សសៃឈាម​ក្នុង​ខួរក្បាល។
លោក​​សាស្រ្តាចារ្យ​មហាបរិញ្ញា កុយ វ៉ាន់នី បានមាន​ប្រសាសន៍​ថា “អ្នកជំងឺ​ទឹកនោម​ផ្អែមមិន​ត្រូវបាក់​ទឹកចិត្ត​នោះទេ ទោះជា​ពួកគេ​កើតជំងឺ​នេះពី​ក្មេង​ក៏ដោយ ក៏ពួកគេ​អាចមាន​សុខភាព និងរស់​នៅដូច​មនុស្ស​ធម្មតា​បាន ប្រសិន​ជាពួក​គេ ទទួល​បានការ​ព្យាបាល​ពីគ្រូពេទ្យ​ឯកទេស​ជំងឺនេះ ប៉ុន្តែ​ត្រូវចងចាំ​ថាការ​ព្យាបាល​ជំងឺនេះ​គឺធ្វើ​ទ្បើង​មួយជីវិត ”។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៤

Google Analytics Alternative