រដ្ឋមន្ត្រី​សុខាភិបាល គាំទ្រ​ចំណាត់​ការហាម​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​តាមវិទ្យុ និង​ទូរទស្សន៍

លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល បានសំដែង​នូវការ​ស្វាគមន៍ និង​គាំទ្រ​យ៉ាងពេញ​ទំហឹង​ចំពោះ​ចំណាត់​ការ​របស់ ​ក្រសួង​ព័ត៌មាន​ដែលបាន​ចេញការ​ហាមប្រាម​មិនឲ្យ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​តាមវិទ្យុ និង​ទូរទស្សន៍។ ដោយលោក​រដ្ឋមន្ត្រី​បានចាត់​ទុកវិធាន ការនេះ​ជា ការ​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុងការ​កាត់បន្ថយ​ការទទួល​ទានគ្រឿង​ស្រវឹង​នៅប្រទេស​ក​ម្ពុជា។

រូបភាព សហការី

លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល

ចាប់ពី​ដើមឆ្នាំ​២០១៥ តទៅ​ ក្រសួងព័ត៌មាន នឹងបិទ​មិនឲ្យ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​តាមវិទ្យុ និង​កញ្ចក់​ទូរទស្សន៍ ។ ពាក់ព័ន្ធ​នឹងការ​​បិទមិន​​ឲ្យ​ផ្សព្វផ្សាយ​​ពាណិជ្ជកម្ម​​គ្រឿង​​ស្រវឹង​​តាម​វិទ្យុ និង​​កញ្ចក់​​ទូរទស្សន៍​​ត្រូវបាន លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង​​ព័ត៌មាន​​បាន​​បញ្ជាក់​​កាល​ពី​ពេល​ថ្មីៗ​នេះថា មូលហេតុ​​ដែលមិន​​ចង់ឲ្យ​​មានការ​​ផ្សាយ​​គ្រឿង​​ស្រវឹងនេះ គឺ​ដោយ​សារ​​ទី១ វាជះ​​ឥទ្ធិពល​ដល់​កុមារ និង​ទីពីរ​កុំឲ្យ​មានការ​បំផុស​បំប៉ោង​គ្រឿង​ស្រវឹង ដល់​សាធារណជន​តទៅ​មុខទៀត។ លោក​បន្ត​ថា “ក្រសួង​នឹងពិនិត្យ​មើលតាម​ក្រោយ ក្នុង​ករណី​នៅតែបន្ត​ផ្សព្វផ្សាយ។ ជំហាន​ទី១ ក្រសួង​គ្រាន់តែ​រំលឹក បើសិន​នៅតែ​បន្តផ្សាយ​គ្រឿង​ស្រវឹង​ទៀត ក្រសួង​នឹងមាន​វិធាន​ការណ៍”។ ដោយសារ​តែនៅ​ប្រទេស​កម្ពុជា​មានអ្នក​ទទួលទាន​គ្រឿងស្រវឹង​ច្រើនទើប​មានក្រុម​ហ៊ុនផ្នែក​ខាងគ្រឿង​ស្រវឹង​បាននាំ​ចូលមក​ពីក្រៅ​ប្រទេស​ឬផលិត​នៅក្នុង​ស្រុក​យ៉ាងច្រើន។

លោក ខៀវ កាញារិទ្ឋ បានបន្តថា ក្រសួង​នឹងទុក​ពេលឲ្យ​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​នីមួយៗ បញ្ចប់​កុងត្រា​អាជីវកម្ម ជាមួយ​ក្រុមហ៊ុន​គ្រឿង​ស្រវឹង​នានា​ជាមុន ដោយចាប់​ផ្តើម​ពីថ្ងៃ​ទី១ ខែ​តុលា ខាងមុខ​រហូត​ដល់ថ្ងៃ​ទី៣១ ខែធ្នូ ឆ្នាំ​២០១៤ ដោយ​អនុញ្ញាត​ឲ្យផ្សាយ​ត្រឹមតែ​ឡូហ្គូ (LOGO) គ្រឿងស្រវឹង​រត់ជា​អក្សរ​បាន តែការ​ផ្សាយពី​ស្ពតអំពី​គ្រឿង​ស្រវឹង ទាំងស្រុង​តែម្តងនោះ គឺមិន​បានទេ និងពី​ថ្ងៃទី១ ខែ​មករា ឆ្នាំ​២០១៥​ទៅ ចាប់ពី​ម៉ោង៦​ដល់ ២០ល្ងាច គឺរាល់​ការផ្សាយ​អ្វី​ទាំងអស់ ទោះជា​មានរូប​ភាពក្តី រត់ជា​អក្សរក្តី ឬ​យ៉ាង​ដូចម្តេច​ក៏ដោយ ឲ្យតែ​ទាក់ទង​គ្រឿង​ស្រវឹង គឺត្រូវ​លប់បំបាត់​មិនអនុញ្ញាត​ទាំងអស់។

លោក​រដ្ឋមន្ត្រី​បានប្រាប់​វេបសាយ​សុខភាពកម្ពុជា​ថា​«ខ្ញុំសូម​គាំទ្រ​ទាំងស្រុង​វិធានការណ៍​របស់​ក្រសួង​ពត៌មាន​នេះ​ព្រោះថា​បើកាល​ណាមាន​ការផ្សព្វ​ផ្សាយច្រើន​ពីគ្រឿង​ស្រវឹង​ វាហាក់​បីដូចជា​លើកទឹក​ចិត្តដល់​អ្នកទទួល​ទានគ្រឿង​ស្រវឹង​អញ្ចឹងដែរ»។ លោក​រដ្ឋមន្ត្រី​បានបន្ត​ថា​បច្ចុប្បន្ននេះ​ការផ្សព្វ​ផ្សាយគ្រឿង​ស្រវឹង​តាមវិទ្យុ និង​ទូរទស្សន៍ កំពុង​តែមាន​ការផល​ផុសយ៉ាង​ខ្លាំង។ មិនត្រឹម​តែផ្សាយ​លើកទឹក​ចិត្តឲ្យ​បរិភោគ​ប៉ុណ្ណោះទេ​ ថែមទាំង​មានរង្វាន់​រាប់លាន​ដុល្លា​ថែមទៀត ប្រសិន​អ្នកទទួល​ទានគ្រឿង​ស្រវឹង បរិភោគ​កាន់តែ​ច្រើនឈ្នះ​រង្វាន់​ក៏កាន់​តែច្រើន​ដែរ។នេះគឺ ជាការ​ជំរុញ និងលើក​ទឹកចិត្ត​ឲ្យប្រជា​ពលរដ្ឋចូលរួម​ទទួលទាន​គ្រឿង​ស្រវឹង​កាន់តែ​ច្រើន​ឡើងៗ។

លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានបញ្ជាក់​ថាការ​ទទួលទាន​គ្រឿង​ស្រវឹង​នេះ បានធ្វើ​ឲ្យប៉ះ​ពាល់​ដល់​សុខភាព ហើយ​មិនតែ​ប៉ុណ្ណោះ វាក៏អាច​បណ្តាល​ឲ្យមាន​គ្រោះថ្នាក់​ចរាចរណ៍​ផងដែរ​ក្នុងករណី​ទទួលទាន​លើសចំណុះ​ដែលធ្វើ​ឲ្យបាត់​បង់​ស្មារតី។ លោករដ្ឋ​មន្ត្រី​បានបន្ថែម​ថាជាក់​ស្តែងគ្រោះ​ថ្នាក់​ចរាចរណ៍​ដែលកើត​ឡើងរាល់​ថ្ងៃនេះ ភាគច្រើន​កើតឡើង​នៅពេល​យ​ប់ និង​មូលហេតុ​បណ្តាល​មកពី​ការប្រើ​ប្រាស់​គ្រឿង​ស្រវឹងនេះ។

ចំពោះ​ចំណាត់ការ​​របស់​ក្រសួង​ពត៌មាន​នេះ ក៏មាន​ការគាំទ្រ​ពីអង្គការ​សង្គម​ស៊ីវិល​ផងដែរ ប៉ុន្តែ​ទាមទារ​ឲ្យការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ត្រឹម​ម៉ោង​៨យប់ មិន​ទាន់​​គ្រប់គ្រាន់​ទេ ព្រោះ​កំទ្បុង​ម៉ោងនេះ កុមារ​មិនទាន់​ចូលគេង​នៅទ្បើយ ពោលគឺ​សុំឲ្យ​មានការ​បិទការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ស្រាបៀរ​តែម្តង ព្រោះការ​ផ្សព្វ​ផ្សាយ​កាន់តែ​ច្រើន នឹង​ជំរុញឲ្យ​មានការ​ផឹកស្រា​កាន់តែ​ច្រើន និង​ជំរុញឲ្យ​កុមារ​ទទួលទាន​ស្រា នៅវ័យ​កាន់តែ​ក្មេង៕

សូមតាមដានពត័មានលំអិតផ្សេងទៀត នៅលើគេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៤

Google Analytics Alternative