នាយករដ្ឋ​មន្ត្រី​ស្តីទី៖ កុំឃើញ​បន្លែ​ស្រស់ៗ​មើលទៅ​វាល្អ​ ប៉ុន្តែ​មានដាក់​ជាតិ​គីមី​ទេ

ដោយមាន​ការព្រួយ​បារម្ភ​ពីការ​នាំចូល​បន្លែពី​បរទេស​ក្នុង១ឆ្នាំៗ រាប់ពាន់​តោននោះ លោក ស ខេង នាយករដ្ឋ​មន្ត្រី​ស្តីទី បានមាន​ប្រសាសន៍​ថា​យើងគួរ​តែមាន​ការប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ការបរិភោគ​ចំណី​អាហារ និងបន្លែ ពិសេស​បន្លែ​ដែលនាំ​ចូលមក​ពីបរទេស។ លោកបន្តថា «កុំឃើញ​បន្លែ​ស្រស់ៗ មើលទៅវាល្អ ប៉ុន្តែ​មានដាក់​ជាតិ​គីមីទេ» ដែល​បញ្ហា​នេះ​វាធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​យើង។

រូបភាព គេហទំព័រ សុខភាពកម្ពុជា

រូបភាព គេហទំព័រ សុខភាពកម្ពុជា

លោក​នាយក​រដ្ឋមន្ត្រី​ស្តីទី បានមាន​ប្រសាសន៍​បែបនេះ​កាលពី​ព្រឹកថ្ងៃ​ទី១៦ ខែកញ្ញា ឆ្នាំ២០១៤ នៅវិទ្យា​សា្ថន​ជាតិ​អប់រំ​ នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ និង​ប័ណ្ណ​សសើរ​ដល់​និស្សិត​សាកល​វិទ្យាល័យ​ធនធាន​មនុស្ស។ លោក ស ខេង បានមាន​ប្រសាសន៍​ថា​ការនាំ​ចូល​បន្លែ​ពីបរទេស​ក្នុង១ឆ្នាំៗ រាប់ពាន់​តោន​ដោយ​ចំណាយ​អស់ថវិកា​រាប់លាន​ដុល្លា សំរាប់​បំរើ​ដល់​ប្រជា​ពលរដ្ឋ​​តាម​ភោជនីយ​ដ្ឋាន និង​សណ្ខាគារ​សំរាប់​បំរើ​ដល់​វិស័យ​ទេស​ចរណ៍​ជាដើម។ លោក​ស ខេង បានចោទ​ជាសំណួរ​ថា តើយើង​អាចកាត់​បន្ថយ និង​ឈាន​ទៅ​បញ្ឈប់​នាំចូល​បន្លែពី​បរទេស​បានទេ ព្រោះថា​ប្រទេស​យើងក៏​ជាប្រទេស​កសិកម្ម​ដែរ។

លោក​នាយក​​រដ្ឋមន្ត្រី​​ស្តីទី​​បាន​បញ្ជាក់​​ថា សូមកុំ​មានទស្សន​ថា​របស់​ដែលធ្វើ​ពីខ្មែរ​មិនល្អ​ដូចរបស់​មកពី​បរទេស។ ប៉ុន្តែ​ទស្សន​បែបនេះ​ត្រូវបាន​កាត់បន្ថយ​ហើយ។ លោក​ថា «កុំឃើញ​បន្លែ​ស្រស់ៗ​មើលទៅ​វាល្អ​ ប៉ុន្តែ​មានដាក់​ជាតិ​គីមី ដូចជា​ត្រសក់​បេះមក​ប៉ុនកូនដៃទេ តែគេដាក់​ត្រាំជាតិ​តិគីមី​តែមួយ​យប់មាន​ទំហំប៉ុន​ក្រពួន​ដៃ»។ ដូចនេះ​យើងមាន​បំណង​ចង់​ពង្រីក​ចំណេះដឹង​ផ្នែក​កសិកម្ម​ឲ្យបាន​ច្រើនទៅ​ពេលនោះ​ យើងអាច​កាត់​បន្ថយ​ការនាំ​ចូលបន្លែ​ពីបរទេស​បាន​ហើយ។

រូបភាព គេហទំព័រ សុខភាពកម្ពុជា

រូបភាព គេហទំព័រ សុខភាពកម្ពុជា

គួរបញ្ជាក់​ថា ទំនិញ​ដែលលក់​នៅផ្សារ​ស​ព្វថ្ងៃនេះ ច្រើនតែ​នាំចូល​មកពី​ថៃ និង​វៀតណាម និង​ភាគច្រើន​ប្រើប្រាស់​ជាតិ​គីមី ដែលធ្វើ​ឲ្យប៉ះពាល់​ដល់​សុខភាព។ កន្លង​មក អាជ្ញា​ធរខ្មែរ ធ្លាប់ចាប់​បាន​សាច់មាន់​នាំចូល​គេច​ពន្ធ ដូចជា​ស្លាបមាន់ ជង្គង់​មាន់ ឬមាន់​ក្លាសេ នាំចូល​ពីក្រៅ​ប្រទេស ដែលមាន​ដាក់សារ​ធាតុគីមី​ការពារ​កុំឲ្យ​ស្អុយ ហើយ​សារធាតុ​គីមី​ទាំងនោះ ធ្វើឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ។

ចំណែក​ឯ​ផ្សារ​ដើមគ​នៅ​កណ្តាល​រាជធានី​ភ្នំពេញ គឺជា​កន្លែង​ផ្គត់ផ្គង់​បន្លែ​សំខាន់​ជាងគេ​នៅ​កម្ពុជា។ គ្រាន់តែ​នៅផ្សារ​ដើមគនេះ ការនាំ​ចូលបន្លែ​ជាមធ្យម ៥០តោន​ក្នុង​មួយថ្ងៃ ហើយអ្នក​ជំនាញ​គណនា​ឃើញថា បរិមាណ​បន្លែនាំ​ចូល​សរុប​មានយ៉ាង​ហោច​ណាស់ ៣០០តោន ក្នុងមួយ​ថ្ងៃៗ។

ទិន្នន័យ​ពាណិជ្ជកម្ម​របស់​ស្ថានទូត​ថៃប្រចាំ​កម្ពុជា​បង្ហាញ​ថា កម្ពុជា​នាំចូល​ផ្លែឈើ​ពីប្រទេស​ថៃ មានទឹក​ប្រាក់​ប្រមាណ ៨០លាន​ដុល្លារ កាលពី​ឆ្នាំមុន ហើយនឹង​កើន​ឡើង​២៥ ភាគរយ ជាប្រចាំ​ឆ្នាំ។ នៅកម្ពុជា ទីផ្សារ​ផ្លែឈើ​ត្រូវបាន​ផ្គត់ផ្គង់​ភាគច្រើន ពីប្រទេស​ថៃដែល ទឹកប្រាក់​រង្វង់ ១០០លាន​ដុល្លារ ក្នុងមួយ​ឆ្នាំ ខណៈ​ទីផ្សារ​បន្លែ នៅកម្ពុជា ត្រូវបាន​ផ្គត់ផ្គង់ ដោយ​ប្រទេស​វៀតណាម។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៤

Google Analytics Alternative