កម្ពុជា​ឆ្ពោះទៅ​លុប​បំបាត់​ភាព​ពិការ​ភ្នែក​ នៅ​ឆ្នាំ​២០២០

អនុវត្តន៍​តាមយុទ្ឋសាស្រ្ត​អង្គការ​សុខភាព​ពិភពលោក កម្មវិធី​ជាតិ​សុខភាព​ភ្នែក​នៃក្រសួង​សុខាភិបាល បាន និង​កំពុង​រៀបចំ​យុទ្ឋសាស្រ្ត ដើម្បីលុប​បំបាត់​ភាពពិកា​ភ្នែក​នៅឆ្នាំ​២០២០ ដោយធ្វើ​យ៉ាងណា​ឲ្យអត្រា​ពិការ​ភ្នែកធ្លាក់​ចុះទាប​បំផុត។

រូបភាព គេហទំព័រ សុខភាពកម្ពុជា

លោកសាស្រ្តាចារ្យ ងី ម៉េង

លោកសាស្រ្តាចារ្យ ងី ម៉េង នាយក​កម្មវិធី​ជាតិ​សុខភាព​ភ្នែក ក្រសួង​សុខាភិបាល និងជា​នាយក​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ សូវៀត បានមាន​ប្រសាសន៍​ឲ្យ​វេបសាយ​សុខភាពកម្ពុជា ដឹងនៅ​ព្រឹកថ្ងៃ​ទី១៦ កញ្ញា នេះថា កម្មវិធី​ជាតិ​សុខភាព​ភ្នែក បានរៀបចំ​យុទ្ឋសាស្រ្ត​រយៈពេល​៥ឆ្នាំ ចាប់តាំង​ពីឆ្នាំ​២០០៦ ដល់​ឆ្នាំ២០២០ ដែលជា​ផែនការ​យុទ្ឋសាស្រ្ត​បំបាត់ភាព​ពិការភ្នែក ដោយធ្វើ​យ៉ាងណា​អត្រា​ពិការ​ភ្នែក​ធ្លាក់ចុះ​ទាបបំផុត​មកនៅ​ត្រឹម​០.៥​ភាគរយ​នៅឆ្នាំ​២០២០ ខណៈ​ការអង្កេត​កាលពី​ឆ្នាំ២០០៧ បានរក​ឃើញ​ថា អត្រា​ពិការ​ភ្នែក​នៅកម្ពុជា​មាន​០.៣៨​ភាគរយ។

លោកបន្តថា “រហូតមក​ទល់​ពេលនេះ យើងមាន​ធនធាន​មនុស្ស និងបំពាក់​អាគារ​ព្យាបាល​ភ្នែក​ស្ទើរគ្រប់​ខេត្តក្រុង​ទូទាំង​ប្រទេស តែបច្ចុប្បន្ន​មានខេត្ត​ចំនួន​៥​មិនទាន់​មាន​មណ្ឌល​ព្យាបាល​ភ្នែក​នៅទ្បើយ ប៉ុន្តែ​យើងមាន​គម្រោង​ពង្រីក​សេវានេះ​នៅទូទាំង​ប្រទេស​នៅឆ្នាំ​២០២០”។ លោក​បន្ត​ថា “យើង​នឹងបំពាក់​សម្ភារៈ​សំរាប់​ពិនិត្យ ព្យាបាល​ភ្នែកស្ទើរ​ទូទាំង​ប្រទេស ព្រោះ​បច្ចុប្បន្ន​យើងមាន​ដៃគូមួយ​ចំនួន​បានជួយ​យើង ដូចជា អង្គការ​សុខភាព​ពិភពលោក មូលនិធិ​ថែររក្សា​ភ្នែក អង្គការ​ហ្រ្វេដ​ហេលទ្បូ អង្គការ​ប្រាយឌិន​ហូលឌិន អង្គការ​សេវា​ជាដើម”។
ក្នុងមួយឆ្នាំៗ យើងបាន​ទទួលជំនួយ​១លាន​ដុល្លារពី​ទីភ្នាក់ងារ សហប្រតិ​បត្តិការ​អន្តរជាតិ​នៃប្រទេស​អូស្រ្តាលី (AuAIDS) ដើម្បី​ធ្វើការងារ​លុបបំបាត់​ភាព
ពិការ​ភ្នែក​នៅកម្ពុជា។

រូបភាព គេហទំព័រ សុខភាពកម្ពុជា

រូបភាព គេហទំព័រ សុខភាពកម្ពុជា

លោកសាស្រ្តាចារ្យ ងី ម៉េង បានបន្ត​ថា យើងបាន​និងកំពុង​ផ្តោតលើ​ការពិនិត្យ និង​ព្យាបាលភ្នែក​ដល់អ្នក​ជំងឺ​ភ្នែក​ទ្បើង​បាយ ជំងឺ​កំហុស​សំណុំ​រូបភាព ជំងឺ​ទឹកដក់​ក្នុងភ្នែក ជំងឺ​កុមារ​ពិការ​ភ្នែកពី​កំណើត ព្យាបាល​ជំងឺ​ភ្នែក​កុមារ​ដែលមាន​គំហើញ​ចុះខ្សោយ ជំងឺ​សសៃ​បាតភ្នែក​ដែលកើត​មានលើ​អ្នកជំងឺ​ទឹកនោម​ផ្អែម ដែលជា​ជំងឺមួយ​មានច្រើន​នៅប្រទេស​កំពុង​អភិវឌ្ឈន៍ និង​ប្រទេស​អភិវឌ្ឈន៍ ដែលផល​លំបាក​របស់វា គឺអាច​ប៉ះពាល់​ដល់ភ្នែក ឬពិការ​ភ្នែក និង​អប់រំ​អ្នកមាន​ជំងឺភ្នែក​ចេះថែរ​ទាំសុខភាព ដោយ​ធ្វើការ​ហាត់ប្រាណ និងត្រូវ​ពិនិត្យ​ភ្នែក​ជាប្រចាំ ដើម្បី​ការពារ ពិនិត្យ និង​ព្យាបាល​ទាន់​ពេល​វេលា។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៤

Google Analytics Alternative