ជំងឺទឹក​នោមផ្អែម​ និង​ជំងឺ​លើស​សម្ពាធ​ឈាម ធ្វើឲ្យ​មានកំណើន​នៃអត្រា​ជំងឺ និង​ការស្លាប់​មុន​អាយុ

យោងតាម​របាយការណ៍​នៃជំងឺ​មិនឆ្លង​ក្នុងឆ្នាំ​២០១៤​របស់​អង្គការ​សុខភាព​ពិភពលោក ប៉ាន់ប្រមាណថា​អត្រា​អ្នកស្លាប់​ដោយសារ​ជំងឺមិនឆ្លង​ដែលរួមទាំង​ជំងឺទឹក​នោមផ្អែម​ផង​មាន​៥២​ភាគរយ​នៃចំនួន​អ្នកស្លាប់​សរុប​ក្នុង​ប្រទេសកម្ពុជា”។

រូបភាព គេហទំព័រ សុខភាពកម្ពុជា

រូបភាព គេហទំព័រ សុខភាពកម្ពុជា

លោក​សាស្រ្តាចារ្យ​មហាបរិញ្ញា កុយ វ៉ាន់នី ប្រធាន​សមាគម​គ្រូពេទ្យ​ទឹកនោមផ្អែម និង​ក្រពេញ​កម្ពុជា​បានមាន​ប្រសាសន៍​ប្រាប់​វេបសាយ សុខភាពកម្ពុជា ថាជំងឺ​បេះដូង​និង​សរសៃឈាម គឹជា​ផ្នែកមួយ​នៃជំងឺ​មិនឆ្លង​ពីមនុស្ស​មា្នក់ទៅ​ម្នាក់ទៀតទេ។ ជំងឺ​មិនឆ្លង​កំពុងតែ​ប៉ះពាល់​យ៉ាងខ្លាំង​លើប្រទេស​ដែល​ប្រជាជន​មានប្រាក់​ចំណូល​ទាប​និងមធ្យម។

លោក​បានលើក​ឧទាហរណ៍​មកបញ្ជាក់​ថា នៅក្នុង​ឆ្នាំ២០០៨​អត្រានៃ​ការស្លាប់​ក្នុងចំណោម​មនុស្ស​១០០,០០០​នាក់ គឺមាន​៧៥៧នាក់​នៃប្រទេស​ដែលប្រជាជន​មាន​ប្រាក់​ចំណូលទាប និងមធ្យម ធៀបនឹង​៣៨០នាក់​នៃប្រទេស​ដែល​ប្រជាជន​មានប្រាក់​ចំណូលខ្ពស់។ នៅក្នុង​ប្រទេស​ដែល​ប្រជាជន​មានប្រាក់​ចំណូលទាប​និងមធ្យម​ជិត៥៨%​នៃអ្នក​ស្លាប់​ដោយសារ​ជំងឺបេះដូង​និងសរសៃ​ឈាម គឺមាន​អាយុ​តិចជាង​៦០ឆ្នំា បើប្រៀប​ធៀបទៅ​នឹងប្រទេស​ដែលប្រជាជន​មានប្រាក់​ចំណូល​ខ្ពស់ គឺត្រឹម​តែ២០%។ លោកបាន​​បន្ថែមថា ជំងឺបេះដូង​និង​សរសៃ​ឈាម គឺមាន​ចំនួន​ជិតពាក់​កណ្តាល​នៃជំងឺ​មិនឆ្លង​ដែលបណ្តាល​ឲ្យស្លាប់ និងជា​មូលហេតុ​ចំបង នៃការ​ស្លាប់​នៅក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ។

រូបភាព Internet

រូបភាព Internet

តាមរបាយ​​ការណ៍​នៅក្នុង​ឆ្នាំ២០១០ មានតែ​៤៥.៤%​នៃអ្នក​ជំងឺលើស​សម្ពាធ​ឈាម និង​៥០.៣% នៃអ្នក​ជំងឺទឹកនោម​ផ្អែម​ដែលត្រូវ​បានធ្វើ​រោគវិនិច្ឆ័យ។នៅក្នុង​ពេល​ជាមួយ​គ្នានេះដែរ ​មានតែ​២៨.៦%​នៃអ្នកជំងឺ​លើស​សម្ពាធ​ឈាម និង២៣.៩% នៃអ្នក​ជំងឺ​ទឹកនោម​ផ្អែម​ដែលត្រូវ​បានព្យាបាល​បញ្ចុះ​សម្ពាធ​ឈាម និងជាតិ​ស្ករក្នុង​ឈាម​ដោយ​ជោគជ័យ​ទៅតាម​គោលដៅ​របស់​គ្រូពេទ្យ”។

លោក​សាស្ត្រាចារ្យ​មហាបរិញ្ញា កុយ វ៉ាន់នី បានពន្យល់​ថា៖ កំណើន​នៃជំងឺបេះដូង​និងសរសៃឈាម គឺភាគច្រើន​បណ្តាលមក​ពីការកើន​ឡើងនៃ​កត្តាគ្រោះ​ថ្នាក់​ដែលអាច​កែតម្រូវ​គ្រប់គ្រង​បានដូចជា​ការប្រើប្រាស់​ថ្នាំជក់​ អាហារ​មិនសម​ស្រប​សម្រាប់​សុខភាព​ មិនធ្វើ​លំហាត់​ប្រាណ​គ្រប់គ្រាន់ ជាតិខ្លាញ់​នៅក្នុង​ឈាមខ្ពស់​កម្រិត​ជាតិស្ករ​ក្នុងឈាម​ខ្ពស់ និងលើស​សម្ពាធឈាម។ វាមាន​ទំនាក់ទំនង​នឹងការរស់​នៅ​ប្រចាំ​ថ្ងៃ ដូចជា៖​ការផ្លាស់ប្តូរ​ទម្លាប់​នៃការរស់​នៅរបប​អាហារ​ប្រចាំថ្ងៃ ការងារ​ចំណាក​ស្រុកចូល​មករស់​នៅទីក្រុង សកលភាវូប​នីយកម្ម និងការផ្លាស់​ប្តូរ​ប្រជា​សាស្ត្រ។

នៅក្នុង​​តំបន់​អាស៊ី​ការផ្លាស់ប្តូរ​សង្គម និងប្រជា​សាស្ត្រ​បានជះជា​ឥទ្ធិពល ឲ្យមាន​ការផ្លាស់ប្តូរ​អេពីដេមីសាស្ត្រ​ពីបន្ទុក​នៃជំងឺឆ្លង​មកជំងឺ​មិនឆ្លង​វិញ។ នៅក្នុង​​ប្រទេស​ដែលប្រជាជន​មានប្រាក់​ចំណូលទាប និង​មធ្យម​ជាច្រើន គឺមាន​បន្ទុក​ធ្ងន់ធ្ងរ​ដោយសារ​ជំងឺឆ្លង និងជំងឺ​មិនឆ្លង​មានអត្រា​ខ្ពស់​ព្រមគ្នា។
ប្រទេស​កម្ពុជា​ចាត់ទុកជា​ប្រទេស​មួយដែល​ប្រជាជន​មានប្រាក់​ចំណូលទាប និងមាន​ប្រជាជន ជាង១៣​លាននាក់​រស់នៅ​តាមជនបទ និងពឹង​ផ្អែកលើ​វិស័យ​កសិកម្ម។ នៅក្នុង​ឆ្នាំ២០០៨ ត្រូវបាន​គេប៉ាន់​ប្រមាណ​ថា អ្នកស្លាប់​ចំនួន​៣១%​ដោយសារ​ជំងឺមិន​ឆ្លង។

តាម​របាយការណ៍​បានឲ្យ​ដឹងទៀតថា អត្រា​ប្រេវ៉ាឡង់​នៃកត្តា​ហានិភ័យ​ចំពោះ​ជំងឺ​បេះដូង និងសរសៃ​ឈាម​គឺមាន​រួចទៅហើយ​ក្នុងកម្រិត​ប្រកាស​អាសន្ន​នៅក្នុង​ប្រទេស​កម្ពុជា។ មានអ្នក​ជំងឺទឹក​នោមផ្អែម​និងជំងឺ​លើសសម្ពាធ​តែមួយ​ភាគតូច​ប៉ុណ្ណោះ​ដែលត្រូវ​បានព្យាបាល​បញ្ចុះសម្ពាធ​ឈាម​និង​ជាតិស្ករ​ក្នុងឈាម​ទៅតាម​គោលដៅ​របស់គ្រូពេទ្យ។ ប៉ុន្តែ​មួយភាគធំ​មិនបានដឹង​ខ្លួនថា​មានជំងឺ​ទាំងនេះ​ មិនបាន​ទទួល​ការព្យាបាល​ចំពោះអ្នក​ជំងឺទាំងនេះ​និងអ្នក​ជំងឺ​ដែលបាន​ទទួលការ​ព្យាបាល​ប៉ុន្តែពុំទទួល​បានជោគជ័យ​ក្នុងបញ្ចុះ​សម្ពាធឈាម និងជាតិស្ករ។ជាការ​ចាំបាច់​ត្រូវមាន​ផែនការ​យុទ្ធសាស្ត្រ​ជាសកល​បំពេញ​ដោយ​យុទ្ធសាស្ត្រ​បង្ការ​បឋម​សម្រាប់​បុគ្គល​ម្នាក់ៗ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៤

Google Analytics Alternative