ក្រសួង​សុខាភិបាល​ទទួល​សម្ភារៈ​ប្រព័ន្ឋ​ត្រជាក់​ពី Latter Day Saints Charities

ក្រសួងសុខាភិបាល​នៅព្រឹក​ថ្ងៃទី១៥ កញ្ញានេះ​ បានទទួល​សម្ភារៈប្រព័ន្ឋ​ត្រជាក់​សម្រាប់​ដាក់វ៉ាក់​សាំង​បង្ការ នៅតាម​មូលដ្ឋាន​សុខាភិបាល​ពី Latter Day Saints Charities ដែលជា​ដៃគូ​យ៉ាង​សំខាន់​ក្នុង​កម្មវិធី​ផ្តល់ថ្នាំ​បង្ការ។

រូបភាព គេហទំព័រ សុខភាពកម្ពុជា

រូបភាព គេហទំព័រ សុខភាពកម្ពុជា

លោក Lavern Kohls នាយក​ព្រះវិហារ Latter Day Saints Charities បានមាន​ប្រសាសន៍​ឲ្យដឹង​ក្នុងពិធី ប្រគល់​បរិក្ខា​ប្រព័ន្ឋ​ត្រជាក់​ដល់លោក​កសា ស្រ្តាចារ្យ អេង ហួត រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល នៅ​ការិយាល័យ​មជ្ឈ​មណ្ឌល​ជាតិ​ផ្តល់ថ្នាំ​បង្ការ ថា Latter Day Saints Charities បានក្លាយ​ជាដៃគូ​របស់​ក្រសួង​សុខាភិបាល​ជាច្រើន​ឆ្នាំមក​ហើយ ក្នុងការ​ផ្តល់​ជំនួយ​ដល់​កម្មវិធី​ជាតិផ្តល់​ថ្នាំបង្ការ ហើយថ្ងៃនេះ យើងបាន​បរិក្ខា​ទាំងនេះ​ពិតជា​ចាំបាច់​ប្រើប្រាស់​នៅមូលដ្ឋាន​សុខាភិបាល​តាមបណ្តា​ខេត្ត ដើម្បីរក្សា​ទុកវ៉ាក់សាំង​ផ្តល់ថ្នាំ​បង្ការឲ្យ​មាន​គុណភាព និង​ប្រសិទ្ឋិភាព​ខ្ពស់។

លោកបន្តថា “កម្ពុជា​បានទទួល​ជោគជ័យ​ជាច្រើន ក្នុងការ​កាត់បន្ថយ​ជំងឺ​ដែលអាច​ការពារ​បានដោយ​ថ្នាំ​បង្ការ ហើយ​ប្រទេសនេះ​បានលុប​បំបាត់​ជំងឺ​កញ្រ្ជិល និង​ឈាន​ទៅលុប​បំបាត់​ជំងឺ​តេតាណូស​បាននៅ​ពេលខាង​មុខនេះ”។ សម្ភារៈ​ដែល Latter Day Saints Charities បានប្រគល់​ជូនក្រសួង​សុខាភិបាល​មានធុង​រក្សា​វ៉ាក់សាំង​ចំនួន​១៥០០​គ្រឿង និង​ប្រអប់​កកចំនួន​៦០០០​ប្រអប់​សម្រាប់​ចែកចាយ​នៅ​តាម​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​នានា។

លោក​សាស្រ្តាចារ្យ អេង ហួត រដ្ឋលេខា​ធិការ​ក្រសួង​សុខាភិបាល​បានមាន​ប្រសាសន៍​ថ្លែងអំណរ​គុណ​ដល់​អង្គការ​ខាងលើ ដែលបាន​ផ្តល់ជំនួយ​ដ៏មាន​សារៈ​សំខាន់​នេះ ដោយលោក​បានមាន​ប្រសាសន៍​ថា សម្ភារៈ​ប្រព័ន្ឋ​ត្រជាក់​ថែរ​រក្សា​វ៉ាក់សាំង​សម្រាប់​ការផ្តល់​ថ្នាំបង្ការ​នៅថ្នាក់​មូលដ្ឋាន ជាពិសេស​តំបន់​ងាយរង​គ្រោះ​នៅទី​ដាច់​ស្រយាល សហគមន៍​ជនជាតិ​ភាគតិច ប្រជាជន​រស់នៅ​ចល័ត​ទាំងទី​ប្រជុំ​ជន និង​នៅទី​ជនបទ។ លោក​បន្តថា ព្រះវិហារ Latter Day Saints Charities បានជួយ​ជា​ថវិការ តាមរយៈ​អង្គការ​សុខភាព​ពិភពលោក​នៅកម្ពុជា​ក្នុងការ​លុបបំបាត់​ជំងឺ​កញ្រ្ជិល និងផ្តល់​ថ្នាំបង្ការ​នៅតំបន់​ងាយរង​គ្រោះចាប់​តាំងពី​ឆ្នាំ២០១១ ដែលមាន​ទឹកប្រាក់​ប្រមាណ​៨០០.០០០​ដុល្លារ​អាមេរិក។

លោកបន្តថា “នេះជា​ការរួម​ចំណែក​យ៉ាងធំធេង​ជាមួយ​ក្រសួង​សុខាភិបាល ក្នុងការ​កាត់​បន្ថយ​អត្រា​ស្លាប់​របស់​កុមារ តាមរយៈ​យុទ្ឋសាស្រ្ត​ចតុកោណ​របស់​រាជរដ្ឋាភិបាល​នៃព្រះ​រាជា​ណាចក្រ​កម្ពុជា”។ លោកបន្ត​ថា “ក្រសួង​សុខាភិបាល​គាំទ្រ​ជានិច្ច​ដល់​នយោបាយ យុទ្ឋសាស្រ្ត និងផែនការ​របស់កម្ម​វិធីជាតិ​ផ្តល់ថ្នាំ​បង្ការ និងបាន​អនុម័ត​នូវ “គោល​ការណ៍​ណែនាំ​ស្តីពី​ការផ្តល់​សេវា​មូលដ្ឋាន” ការផ្តល់​ថ្នាំបង្ការ​នៅតំបន់​ងាយរង​គ្រោះ ដើម្បី​ធានា​ធនធាន​ដល់សេវា​ផ្តល់​ថ្នាំបង្ការ​ដល់​កុមារ និង​ស្រ្តីទោះ​គេរស់​នៅទីណា​ក៏ដោយ ឲ្យទទួល​បានថ្នាំ​បង្ការ​ប្រកប​ដោយ​សមធ៌ម​ និងមាន​គុណភាព”។

លោក​សាស្រ្តាចារ្យ អេង ហួត បាន​បន្ត​ថា រាជ​រដ្ឋាភិបាល​ក្រោមការ​ដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋ​មន្រ្តីនៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ បានផ្តល់​ការគាំទ្រ​យ៉ាងរ៉ឹងមាំ ធ្វើឲ្យ​កម្ពុជា​មានលទ្ឋភាព​អាចលុប​បំបាត់​បានជំងឺ​ប៉ូលីយ៉ូ (ជំងឺគ្រុន​ស្វិតដៃជើង) នៅឆ្នាំ​១៩៩៧ និងធ្វើ​បដិភាគ​ថវិកា​ជាមួយ​អង្គការGAVI ប្រមាណ​៣០០.០០០​ដុល្លារ សម្រាប់​ទិញវ៉ាក់​សាំងថ្មី​បញ្ចូលគ្នា​៥មុខ និងបាន​បង្កើន​ការចំណាយ​ថវិកា សម្រាប់​ទិញ​វ៉ាក់សាំង​ពី៦៥.០០០​ដុល្លារ ដល់​២លាន​ដុល្លារ ក្នុងឆ្នាំ​២០១៤នេះ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៤

Google Analytics Alternative