កម្ពុជា​កំពុង​ស្វែងរក​អ្នកប្រឈម​មុខនឹង​មេរោគ​អេដស៍​ពិតប្រាកដ

ខណៈ​ការធ្វើ​តេស្តឈាម​ទៅលើ​ក្រុម​ប្រឈម​មុខខ្ពស់ នឹងការ​រីករាល​ដាល​មេរោគ​អេដស៍ ជំងឺ​អេដស៍​បានរក​ឃើញថា អត្រា​ប្រេវ៉ាទ្បង់​មេរោគ​អេដស៍ ក្នុង​ចំណោម​ពួកគេ​បាន​ចំនួន​ទាបខុស​ពីការលើក​ទ្បើង​កន្លងមក ក្រុមមន្រ្តី​បាននិង​កំពុង​ស្វែករក​មើលក្រុម​ណាមួយ​ពិតប្រាកដ ដែលកំពុង​ប្រឈមមុខ​នឹងការ​រីករាល​ដាល​មេរោគ​អេដស៍ ។

រូបភាព Internet

រូបភាព Internet

លោកវេជ្ជបណ្ឌិត មាន ឈីវុន នាយក​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ឋ​នឹងជំងឺ​អេដស៍​សើរស្បែក និងកាមរោគ បានមាន​ប្រសាសន៍ ឲ្យដឹង​កាលពី​ពេលថ្មីៗ​នេះថា​រយៈពេល​មួយឆ្នាំ​កន្លង​មកនេះ ក្រុមចុះ​អប់រំផ្ទាល់​តាមសហគមន៍ បានធ្វើ​តេស្តឈាម លើក្រុម​ប្រឈមមុខ​ខ្ពស់​ចំនួន​២៥.០០០​នាក់ ក្នុងនោះ​មានស្រ្តី​បំរើសេវា​កំសាន្ត​សប្បាយ​ចំនួន​១៤.០៥០​នាក់ និងបាន​រកឃើញ​ពួកគេ​៥៤នាក់​បានផ្ទុក​មេរោគ​អេដស៍ ស្មើនឹង០.៣៥​ភាគរយ​នៃស្រ្តី​ទាំងនោះ។

លោកបន្ត​ថា ពីមុន​យើងគិតថា​ពួកគេ​ជាក្រុម​ប្រឈម​មុខខ្ពស់ នឹងការ​ឆ្លងរីករាល​ដាល​នៃមេរោគ​អេដស៍ ជំងឺ​អេដស៍ ប៉ុន្តែ​ឥទ្បូវនេះ​មិនមែន​ជាការ​ពិតទេ។
លោក​បន្តថា “ឥទ្បូវនេះ​យើងកំពុង​ស្វែងរក​ក្រុមណាមួយ​ពិតប្រាកដ ដែល​កំពុង​ប្រឈម​មុខខ្ពស់​នឹងការ​រីករាល​ដាលមេរោគ​អេដស៍ ជំងឺអេដស៍​នៅកម្ពុជា ដើម្បី​រៀបចំ​ផែនការ​ត្រួតត្រា​ការរីករាល​ដាលមេរោគ​អេដ៍ឲ្យ​បាន”។ លោក​បន្តថា “ទិសដៅ​របស់​អង្គការ​សហប្រជាជាតិ​បានផ្លាស់​ប្តូរហើយ ព្រោះពី​មុន​អង្គការនេះ​ធ្លាប់បាន​ដាក់ចេញ​ផែនការ លុបបំបាត់​ការឆ្លង​មេរោគ​អេដស៍ថ្មី នៅឆ្នាំ២០២០ ប៉ុន្តែពេលនេះ​បានប្តូរ​មកប្រើ​ពាក្យ ត្រួតត្រា​ឲ្យបាន​នូវការ​រីករាល​ដាលមេរោគ​អេដស៍”។

ក្រុមប្រឈម​មុខខ្ពស់​នឹងការ​រីករាលដាល​មេរោគ​អេដស៍ ជំងឺ​អេដស៍ពី​មុន​មានក្រុម​អ្នកប្រើប្រាស់​គ្រឿងញៀន ក្រុមស្រលាញ់​ភេទដូចគ្នា ក្រុមស្រ្តី​បំរើការ
ងារតាម​សេវាកំសាន្ត​សប្បាយ​ជាដើម។

លោកវេជ្ជបណ្ឌិត មាន ឈីវុន បានបន្ត​ថា បច្ចុប្បន្ន​មជ្ឈមណ្ឌល​ជាតិប្រយុទ្ឋ​នឹងជំងឺ​អេដស៍ និងដៃគូ​អភិវឌ្ឈន៍​នានា កំពុង​រៀបចំ​ផែនការ​យុទ្ឋសាស្រ្ត ដើម្បី​ត្រួតត្រា​ការរីករាល​ដាលមេរោគ​អេដស៍ ជំងឺ​អេដស៍ នៅឆ្នាំ​២០២០​ខាងមុខនេះ ដែលផែន​ការនេះគ្រោង​នឹងបញ្ចប់​នៅពាក់​កណ្តាល​ខែកញ្ញានេះ។ កាល​ពីដើម​ឆ្នាំនេះ មូលនិធិ​សាកល បានផ្តល់​ប្រាក់​៧២​លានដុល្លារ ដើម្បី​ធ្វើការងារ​ប្រយុទ្ឋនឹង​ជំងឺអេដស៍​នៅកម្ពុជា សម្រាប់​ឆ្នាំ២០១៤ ដល់ចុង​ឆ្នាំ២០១៧​ខាងមុខនេះ។

លោកបន្តថា “ដោយសារ​មូលនិធិ​សាកល​មានបញ្ហា​ក្នុងការ​ប្រមូលថវិកា ទើបបាន​ជំរុញឲ្យ​ប្រទេសទទួល​ជំនួយទាំងអស់​ប្រើប្រាស់​​ថវិកាតិច តែមាន​ប្រសិទ្ឋិភាព​ខ្ពស់”។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៤

Google Analytics Alternative