ស្វែងយល់​ពីពិធី​បុណ្យ​កាន់បិណ្ឌ ឬបុណ្យ​ដាក់​បិណ្ឌ

បុណ្យកា​ន់​បិណ្ឌ ឬបុណ្យ​ដាក់​បិណ្ឌ ជាបុណ្យ​ប្រពៃណី​របស់​ពុទ្ធសាសនិក​និកាយ​ថេរវាទ នៅ​ប្រទេស​កម្ពុជា ហើយមិនមាន​ធ្វើនៅ​ប្រទេស​គោរព​ព្រះពុទ្ធ​សាសនា​ថេរវាទ​ដទៃ ដូចជា​ប្រទេសថៃ ឬ ភូមាឡើយ ព្រោះវា​មិនមែន​ជាបុណ្យ​នៅក្នុង​វិន័យ​បញ្ញត្តិ ។

រូបភាព គេហទំព័រ សុខភាពកម្ពុជា

រូបភាព គេហទំព័រ សុខភាពកម្ពុជា

ព្រះឃោ​សាវិសុទ្ធិ​ ស៊ឹម សយ៉ុង ព្រះរាជា​គណៈថ្នាក់​កិត្តិយស​ទីប្រឹក្សា​ផ្ទាល់សម្តេច​សង្ឃ​ ទេព វង្ស និងជា​ព្រះចៅ​អធិការ​វត្តសារា​វន័តេជោ បានមាន​ពុទ្ធដឺកា​ប្រាប់​វេបសាយ​សុខភាពកម្ពុជា ថា គោលបំណង​សំខាន់ៗ នៃពិធី​បុណ្យនេះ គឺដើម្បី​ទំនុក​បម្រុង​ព្រះសង្ឃ​កំពុងគង់​ចាំវស្សា​ដោយហេតុ រយៈ​ពេលនេះ ជាពេល​ដែលមាន​ភ្លៀងធ្លាក់​ជោកជាំ​ខ្លាំង លំបាក​សម្រាប់​ព្រះសង្ឃ​ក្នុងការ​ត្រេចចរ​បិណ្ឌបាត្រ ដើម្បី​សន្សំ​កុសល ឬ សាងក្តី​ល្អ បង្កើត​សាមគ្គីភាព និង​ឯកភាព និង​ដើម្បី​ឧទ្ទិស​កុសល ដល់បុគ្គល​ដែលបាន​លាចាក​លោកនេះ​ទៅហើយ។

ព្រះឃោ​សាវិសុទ្ធិ ស៊ឹម សយ៉ុង បានមាន​សង្ឃ​ដឺការ​ទៀតថា តាមរយៈ​បុណ្យនេះ​មនុស្ស​មកពី​គ្រប់​ទឹសទី រមែងមក​ជួបជុំគ្នា​នៅទីវត្ត​ជាមួយគ្នា​បរិច្ចាគទាន​ជាមួយ​គ្នាសាង​ក្តី ល្អជាមួយ​គ្នា សមាទាន​សីល​ជាមួយ​គ្នា​ បរិភោគ​អាហារ​ជាមួយគ្នា ចែករំលែក​គំនិត​យោបល់ និង រកដំណោះ​ស្រាយជា​មួយគ្នា​ចំពោះ​បញ្ហា​ដែលគេ​មិនចុះ​សម្រុង​គ្នា នៅក្នុង​ជីវិត និង​តួនាទី​ការងារ​ប្រចាំថ្ងៃ នៃបុគ្គល និងបុគ្គល គ្រួសារ​និងគ្រួសារ ឬ សហគមន៍​មួយនិង​សហគមន៍​ផ្សេង ដោយ​មានចាស់​ព្រឹទ្ធាចារ្យ អាចារ្យ គណៈ​កម្មការ ឬ ព្រះសង្ឃ ជាអ្នក​សម្រប​សម្រួល​ដោយយក​ធម៌ និង​វិន័យ​របស់​ព្រះពុទ្ធ​ជាខ្នាត​រង្វាស់​ក្នុងការ​វិនិច្ឆ័យ ។ ដោយ​ហេតុនេះ មនុស្ស​ដែល​កំពុងមាន​អរិភាព ក៏អាច​បង្កើត​បានជា​សាមគ្គីភាព​នឹងគ្នា​ឡើងវិញ ។

រូបភាព គេហទំព័រ សុខភាពកម្ពុជា

រូបភាព គេហទំព័រ សុខភាពកម្ពុជា

ព្រះឃោសាវិសុទ្ធិ ស៊ឹម សយ៉ុង បាន​បញ្ជាក់​ថា ដោយចាប់​ពីថ្ងៃ​០១រោច ដល់ ថ្ងៃ១៤​រោច ខែ ភទ្របទ ហៅថា វេន​ទី១ ដល់វេន​ទី១៤​ហើយ ឱ្យឈ្មោះថា បុណ្យ​កាន់បិណ្ឌ ឬ​បុណ្យ​ដាក់បិណ្ឌ។ ចំណែក​ថ្ងៃ១៥​រោច ដែលជា​ថ្ងៃចុង​ក្រោយនោះ ពុទ្ធសាសនិក​ពីគ្រប់វេន​ទាំងអស់​ជួបជុំគ្នា​ធ្វើទាន​ចំពោះ​សង្ឃ ជាមួយគ្នា ដើម្បី​បញ្ចប់​បុណ្យ​កាន់បិណ្ឌ ឱ្យឈ្មោះ​ថា ថ្ងៃ​ភ្ជុំបិណ្ឌ ។ ពុទ្ធសាស​និកខ្មែរ​ធ្វើបុណ្យ​នេះ ដោយការ​យកទេយ្យ​ទានផ្សេងៗ​មានអាហារ​ជា ដើមទៅ​ផ្គត់ផ្គង់​ព្រះសង្ឃ​រយៈពេល​១៥ ថ្ងៃគត់ ចាប់ពី​ថ្ងៃ ១រោច ដល់ ថ្ងៃ១៥​រោច ខែ​ភទ្របទ ដែលឆ្នាំនេះ​ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ដល់​ថ្ងៃទី​២២, ២៣ និង២៤ ខែកញ្ញា។

យោងតាម​ឯកសារ​នានា​ក្នុងព្រះពុទ្ធ​សាសនា​ ឲ្យដឹង​ថា បុណ្យនេះ​ត្រូវបាន​ធ្វើឡើង​តាំងពី​ក្នុងសម័យ​ពុទ្ធកាល​មកម្ល៉េះ ប៉ុន្តែគេ​ហៅថា បុណ្យ​បវរ​ណា​បច្ច័យ​បួន ឬ បុណ្យ​ទំនុក បម្រុង​បច្ច័យបួន​ចំពោះ​ព្រះ​សង្ឃ។ សម័យនោះ មាន នាង វិសាខា និង មហា​សេដ្ឋី ឈ្មោះ អនាថ​បិណ្ឌិក ជាដើម ធ្វើឡើង​រយៈ​ពេល​៣​ខែគត់ គឺនៅក្នុង​អំឡុងពេល ដែលព្រះសង្ឃ​កំពុងគង់​ចាំវស្សា។ នៅប្រទេស​កម្ពុជា គេអាច​ឃើញមាន​ការលេចចេញ​ជារូបរាង​ពេញលេញ​ជាផ្លូវការ​នៃបុណ្យនេះ ឡើង​នៅក្នុង​សម័យ​ព្រះបាទ​ហរិរក្ស​រាមាធិបតី អង្គឌួង ( ព.ស ២៣៩១ -២៤០៤, គ.ស ១៨៤៨​ -១៨៥៩ រាជ្យពង្ស​សាវតារ​កម្ពុជា ) ។

រូបភាព គេហទំព័រ សុខភាពកម្ពុជា

រូបភាព គេហទំព័រ សុខភាពកម្ពុជា

ឯក​សារ នៃ ការសិក្សា​សិលា​ចារឹក ប្រាសាទ​អង្គរ សិលា​ចារឹក​ប្រាសាទ​ព្រះខ័ន និងសិលា​ចារឹក​នៃប្រាសាទ​តាព្រហ្ម គេក៏​បានឃើញ​ថា មានការ​ធ្វើបុណ្យ​កាន់បិណ្ឌ និង ភ្ជុំបិណ្ឌ​នេះដែរ ។ ដោយ​ហេតុនេះ​ទើបត្រូវ​គេសន្មត​ថានៅ​សម័យ​អង្គរ ប្រជាជន​ខ្មែរបាន​ប្រារព្ធ​ពិធីបុណ្យ​រួចទៅ​ហើយ ។ ខ្លឹមសារ​សិលា​ចារឹក​ទាំងនេះ ក៏បាន​បន្ថែម​នូវព័ត៌មាន​មួយចំនួនទៀត ពាក់ព័ន្ធ​ទៅនឹង​កម្មវិធី​នេះដែរ​ថាជំនឿ​ប្រជាប្រិយនេះ មាន​ប្រភព​ចេញពី​មូលដ្ឋាន​គ្រឹះ​នៃប្រព័ន្ធ​គំនិត​​​មន-ខ្មែរ ក៏មែន​ពិត ដោយ​ហេតុថា ការសែន​ព្រេន ឬឧទ្ទិស​ដល់​វិញ្ញាណ​ក្ខន្ធ នូវគ្រឿង​បរិភោគ​ឧបភោគ​ផ្សេងៗ ត្រូវបាន​គូស​បញ្ជាក់​ដោយវប្បធម៌​ស្នាយ រវាង​សតវត្សរ៍​ទី០១ ដល់ទី ០៤ នៃគ្រិស្ដ​សករាជ ឬមុន​នេះទៀត ក៏ប៉ុន្ដែ​ត្រូវបាន​បញ្ចូលនូវ​ទស្សនាទាន​បែបឥណ្ឌា​យ៉ាង​ប្រាកដ ។

ជាសរុប​ទៅ ទោះជា​បុណ្យកាន់​បិណ្ឌនេះ​មិនត្រូវ​បានធ្វើ​ឡើងដោយ​សារជា​ការ​កំណត់ ឬ បញ្ញត្តិ​របស់​ព្រះពុទ្ធ​ក្តី ក៏បុណ្យនេះ​គ្មានអ្វី​ខ្ទាស់ នឹង​ពុទ្ធបញ្ញត្តិ​ដែរ ហើយក៏​មានផល ប្រយោជន៍​ច្រើន​ប្រការ ដូចជា​ដើម្បីផ្គត់ផ្គង់​ព្រះសង្ឃ​ដែលគង់​ចាំវស្សា ដែលកំពុង​ជួបក្តី​លំបាក​ដោយសារ​ភ្លៀង , ដើម្បីរក្សា​ទំនៀម​ទម្លាប់​ខ្មែរ , ឲ្យមនុស្ស​គ្រប់រូប​តាំងចិត្ត​បំពេញ​សេចក្តី​ល្អ កុំឲ្យលុះ​ក្នុងក្តី​ប្រមាទ បណ្ដុះស្មារតី​ឲ្យមនុស្ស​លះបង់​សេចក្តី​អាក្រក់​គ្រប់យ៉ាង, ឲ្យមនុស្ស​មានស្មារតី​កតញ្ញូ (ដឹង​គុណ ) នឹកឃើញ​គុណ​ដល់អ្នក​ដែលធ្លាប់​មានគុណ​លើខ្លួន ទាំងអ្នក​លាចាក​លោក​ទៅហើយ ទាំងអ្នក​ដែលនៅ​រស់ , បង្កើត​ឱកាស​ឲ្យសាច់ញាតិ​ទាំងឡាយ ដែលរស់​នៅទីផ្សេងគ្នា មានពេល អាចស្កាត់​រកគ្នា និង បង្កើត​បានឯកភាព និង​សាមគ្គីភាព​ជាដើម ។ ដូចនេះ​បុណ្យកាន់​បិណ្ឌ ជាឱកាស​សម្រាប់​មនុស្ស​ធ្វើ​សេចក្តី​ល្អ គឺល្អ​ទាំងកាយ ទាំង​វាចា ទាំងចិត្ត បើទោះជា​ធ្វើល្អ​បានតែ​ក្នុងរយៈ​ពេលដ៏ខ្លី​នេះក៏ដោយ ក៏ជា​ឧបនិស្ស័យ​មួយដែល​ប្រសើរជាង​អត់សោះ ហើយក៏ជា​ការក្រើន​រំលឹកដល់​ចិត្តមនុស្ស​ឱ្យគិត​ដល់​សេចក្តី​ល្អ និង​ស្គាល់រស​ជាតិនៃ​សេចក្តីល្អ​ផងដែរ ។

សូមតាមដានពត័មានលំអិតផ្សេងទៀត នៅលើគេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៤

Google Analytics Alternative