វិស័យ​ទន្តសាស្រ្ត​នៅកម្ពុជា ឈានដល់​ស្តង់ដា​រ​អន្តរជាតិ

ប៉ុន្មានឆ្នាំចុងក្រោយនេះវិស័យទន្តសាស្រ្តនៅកម្ពុជាមានការរីកចំរើន និងឈានដល់ស្តង់ដាអន្តរជាតិ នៅពេល ចំនួន​ជន​បរទេស​កាន់តែ​ច្រើន បានមក​រកសេវា​ពិនិត្យ និង​ព្យាបាល​នៅតាម​គ្លីនិក​ធំៗ និង​ល្បីៗ​នៅរាជ​ធានី​ភ្នំពេញ។

រូបភាព សហការី

រូបភាព សហការី

អ្នកស្រី កឺក ណារី នាយក​ប្រតិបត្តិ​ពេទ្យធ្មេញ​បញ្ចឹម ជាមន្ទីរ​ពេទ្យ​ពិនិត្យ និង​ព្យាបាល​ធ្មេញ​នៅកម្ពុជា​មុនគេ និងមាន​សាខា​ចំនួន​បី​នៅទី​ក្រុង​ភ្នំពេញ និងមួយ​នៅខេត្ត​សៀមរាប បានមាន​ប្រសាសន៍​ឲ្យវេបសាយ​សុខភាពកម្ពុជា ដឹងកាល​ពីពេល​ថ្មីៗនេះ​ថា​ មន្ទីរពេទ្យ​ធ្មេញ​បាន​និង​កំពុង​បើកដំណើរ​ការ​ជាង​១៥ឆ្នាំ​មកហើយ ហើយអតិថិជន​របស់​យើង​កើនទ្បើង​ប្រមាណ​ពី១៥ ទៅ២០​ភាគរយ​ជារៀង​រាល់ឆ្នាំ ដោយសារ​គុណភាព​សេវា​ពិនិត្យ​ព្យាបាល​ធ្មេញ អនាម័យ​ស្តង់ដា​អន្តរជាតិ និង​ធនធាន​មនុស្ស​របស់​យើង​ប្រកប​ដោយ​គុណភាព។

អ្នកស្រី​បន្តថា “យើងទាក់​ទាញបាន​អនិកជន​ខ្មែរ​ជាច្រើន​នៅបរទេស​មកពិនិត្យ​ព្យាបាល​ធ្មេញ​នៅទីនេះ និង​ជនបរទេស​ជាច្រើន មកកាន់​កម្ពុជា ដើម្បី​ទទួលយក​សេវា​ពិនិត្យ​ព្យាបាល​ធ្មេញនៅ​កម្ពុជា ដែលមាន​តំលៃថោក​ធៀប​នឹង​ប្រទេស ជិត​ខាង​កម្ពុជា ក៏ដូចជា​ប្រទេស​ជឿនលឿន​នានា ”។ អ្នកស្រី​បន្តថា “វាជា​មោទន​ភាព ដែលយើង​អាចទាក់​ទាញបាន​ភ្ញៀវពីរ​បរទេស មករក​សេវានេះ​នៅកម្ពុជា ខណៈ​វិស័យ​វេជ្ជសាស្រ្ត​ផ្សេងៗទៀត ជនជាតិ​ខ្មែររត់​ទៅរក​សេវា​ពិនិត្យ ព្យាបាល​នៅបរទេស ”។

គ្លីនិក​ធ្មេញ​បញ្ចឹម​កំពុង​សហការ​ផ្នែក​បច្ចេកវិទ្យា ធនធាន​មនុស្ស និង​សម្ភារៈមួយ​ចំនួនពី​ប្រទេស​ជប៉ុន និងជាមួយ​អង្គការ​PUM ដែលមាន​មូលដ្ឋាន​នៅប្រទេស​ហូទ្បង់ ដើម្បី​ផ្តល់​សេវា​ផ្នែកគ្រប់​គ្រង​មន្ទីរពេទ្យ​ធ្មេញ។

អ្នកស្រី កឺក ណារី បាន​បន្តថា អតិថិជន​គោលដៅ​របស់​យើងជា​អ្នកមាន​ជីវភាព​មធ្យម និង​លំដាប់​ខ្ពស់ និង​ជន​បរទេស។ជនបរទេស​ដែលមក​កាន់​គ្លីនិក​ធ្មេញ​បញ្ចឹម​ជាជន​ជាតិ​អូស្រ្តាលី អាមេរិក បារាំង​ជាដើម។ ពួកគេ​មក​ពិនិត្យ ព្យាបាល​ធ្មេញ​នៅកម្ពុជា និងអាច​សន្សំប្រាក់​សម្រាប់​ថ្ងៃឈប់​សម្រាក​របស់​ពួកគេ ព្រោះ​សេវា​ពិនិត្យ ព្យាបាល​ធ្មេញនៅ​កម្ពុជា​មានតំលៃ​ខុសគ្នា​៥ដង នៅផ្នែកខ្លះ ដែលធ្វើ​ឲ្យពួកគេ​អាចសន្សំ​ប្រាក់​សម្រាប់​ថ្ងៃឈប់​សម្រាក​របស់​ពួកគេ​ផងដែរ។

លោកទន្ត​បណ្ឌិត កាក់ តុលា អ្នកឯកទេស​ខាងពត់​ធ្មេញ និង​ដាំបង្គោល​ក្នុងឆ្អឹង និងជា​នាយក​គ្លីនិក​ព្យាបាល​ធ្មេញខ្មែរ បានមាន​ប្រសាសន៍​ឲ្យដឹង​ផងដែរ​ថា ការរីក​ចំរើន​របស់​វិស័យនេះ ដោយសារ​វាជាទំនុក​ចិត្ត​របស់​ប្រជាជន​ខ្មែរ​លើ​វិស័យ ព្យាបាល​មាត់ធ្មេញ​នៅកម្ពុជា ហើយកាលណា​ប្រជាជន​មានទំនុក​ចិត្តវិស័យ​នេះនឹង​មានការ​រីកចំរើន។ វាក៏ផ្តល់​ការលើក​ទឹកចិត្ត​ដល់​គ្រូពេទ្យ ឲ្យប្រឹងប្រែង​កសាង​គុណភាព​ដល់​អ្នកជំងឺ។ លោក​បន្តថា យើងមិន​ហ៊ាន​សន្និដ្ឋាន​ពីគុណភាព​សេវានេះ នៅកម្ពុជា អាចធៀប​ជាមួយ​ប្រទេសក្នុង​តំបន់​ ឬអត់ទេ ប៉ុន្តែមាន​អនិកជនខ្មែរ​នៅក្រៅ​ប្រទេស​ជាច្រើន​បានមក​ពិនិត្យ ព្យាបាល​ធ្មេញ​នៅ​កម្ពុជា ពិសេស​ជនបរទេស​ជាច្រើន​ បាននិង​កំពុងមក​រកសេវា​នេះនៅ​កម្ពុជា។

លោកបន្តថា “ការរីក​ចំរើន​របស់​វិស័យនេះ ក៏ពាក់ព័ន្ឋ​នឹងប្រាក់​ចំណេញ ទទួលបាន​ពីវិស័យ​នេះផងដែរ ប៉ុន្តែ​ប្រាក់ទទួល​បានគឺ មិនសម​ស្របនឹង​ការទទួល​ខុសត្រូវ​ខ្ពស់​ ដល់សុខភាព​អ្នកជំងឺ​នោះទេ ”។ លោកបន្ត​ថា “ខ្ញុំយល់ថា​ចំនួន​គ្លីនិកធ្មេញ ដែលមាន​នៅទីក្រុង​ភ្នំពេញ មិនច្រើន​ទេ បើធៀប​ជាមួយនឹង​ចំនួន​ប្រជាជន​រស់នៅ​ទីក្រុងនេះ ខណៈ​ប្រជាជន​មានការ​យល់ដឹង​កាន់តែ​ច្រើនជាង​មុនពី​ការថែទាំសុ​ខភាព​ធ្មេញ ”។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៤

Google Analytics Alternative