អាគារសម្រាប់​ព្យាបាល​មនុស្ស​ចាស់ អំណោយ​ព្រះមហាក្សត្រ​កម្ពុជា សាងសង់​បានប្រមាណ​៦០ភាគរយ

អាគារ​សម្រាប់​ថែទាំ​មនុស្ស​ចាស់ដំបូង​គេបំផុត​នៅកម្ពុជា ស្ថិតក្នុង​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា សូវៀត ហៅពេទ្យ​រុស្ស៊ី ដែលជា​អំណោយ​របស់​ព្រះមហា​ក្សត្រ​កម្ពុជា បានសម្រេច​ការសាង​សង់បាន​ប្រមាណ​៦០​ភាគរយ​ហើយ។

រូបភាព គេហទំព័រ សុខភាពកម្ពុជា

រូបភាព គេហទំព័រ សុខភាពកម្ពុជា

លោកសាស្រ្តាចារ្យ ងី ម៉េង នាយក​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរសូវៀត បានមាន​ប្រសាសន៍​ឲ្យវេបសាយ​សុខភាពកម្ពុជា ដឹង កាលពីព្រឹកថ្ងៃ ទី១១ កញ្ញានេះថា អាគារ​ថែទាំ​មនុស្ស​ចាស់ ដែលជា​អំណោយ​របស់​ព្រះមហាក្សត្រ​ខ្មែរ បាននិង​កំពុង​យ៉ាងសង់​យ៉ាងសកម្ម ដែលរហូត​មកទល់​ពេលនេះ​ការសាងសង់​សម្រេច​បានពី៦០ ទៅ៧០ ភាគរយ​ហើយ។ អាគារនេះ​មានកំពស់​៤ជាន់ ជាអាគារ​សម្រាប់ថែ​ទាំមនុស្ស​ចាស់តែមួយ​គត់នៅ​កម្ពុជា។ លោកបន្ត​ថា អាគារ​មនុស្ស​ចាស់​នេះព្យាបាល​គ្រប់ឯកទេស​ទាំងអស់ មានទាំង​ជំងឺភ្នែក ជំងឺ​ភ្លេចភ្លាំង ទឹកនោម​ផ្អែម និងជំងឺ​ដទៃទៀត។

លោកបន្តថា “ការព្យាបាល​មនុស្ស​ចាស់មាន​លក្ខណៈ​ពិសេស គឺព្យាបាល​ជំងឺភ្លេច​ភ្លាំង ស្តារកាយ​សប្បទា​របស់គាត់​ទ្បើងវិញ ក្រោយ​ពេលគាត់​ឈឺ ហើយការ​ព្យាបាល​មនុស្សចាស់​មានការ​ពិបាក ព្រោះយើង​ត្រូវថែ​ទាំកាយ​សប្បទា​របស់​គាត់ និង​ថ្នមចិត្ត​របស់គាត់​ច្រើន”។

លោក​សាស្រ្តាចារ្យ ងី ម៉េង បានបន្តថា អាគារនេះ​នឹងអាច​ដាក់ដំណើរ​ការ​នៅដើម​ឆ្នាំ២០១៥​ខាងមុខ ព្រោះ​ពេលនេះ​យើងបាន​និងកំពុង​ធ្វើការ​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស សម្រាប់ធ្វើ​ការងារ​ថែទាំ​ព្យាបាល​មនុស្សចាស់។ មន្ទីរពេទ្យ​បាននិង​កំពុងពង្រីក​ឲ្យមាន​សេវា​ជាច្រើន​ទៀត ដោយនៅ​ខែតុលា​ខាងមុខ​នេះ មន្ទីរពេទ្យ​នឹងដាក់​ឲ្យដំណើរ​ការ​មជ្ឈមណ្ឌល​ដូចឆ្អឹង​ក្បាល​ត្រគាក សម្រាប់​មនុស្សចាស់ និង​អ្នកជំងឺ​ទូទៅដែល​មានបញ្ហា​បាក់ឆ្អឹង​ក្បាល​ត្រគាក ដោយការ​ធ្លាក់​ឬគ្រោះ​ថ្នាក់​ចរាចរផ្សេងៗ។

លោក​សាស្រ្តា​ចារ្យ ងី ម៉េង បានបន្តថា ដោយសារ​ការពង្រីក​សេវា​ជាបន្ត​បន្ទាប់​បច្ចុប្បន្ន​មន្ទីរពេទ្យ បានទទួល​អ្នកជំងឺ​កើនទ្បើង​ជាប្រចាំ ដោយអ្នក​មកពិនិត្យ​ជំងឺក្រៅ​មានចំនួន​ពី៦០០ ទៅ៧០០​នាក់ក្នុង​មួយថ្ងៃ និង​សម្រាក​ព្យាបាល​ចំនួនពី​៥៣០ទៅ​៥៥០នាក់​ក្នុងមួយថ្ងៃ ខណៈ​មន្ទីរពេទ្យ​មានគ្រែ​សរុបចំនួន​ត្រឹម៥០០​ប៉ុណ្ណោះ។ លោកបន្តថា យើងបាន​និងកំពុង​ប្រឈម​ខ្វះខាត​គ្រែ​សម្រាប់​អ្នកជំងឺ​សម្រាក តែយើង​នៅតែ​ខំប្រឹង​ដោះស្រាយ ដើម្បី​ឲ្យអ្នក​ជំងឺបាន​ទទួល​សេវា​ព្យាបាល​ប្រកប​ដោយ​គុណភាព និង​ប្រសិទ្ឋិភាព​ខ្ពស់៕

សូមអាន​ព័ត៌មាន​ពិស្តារ៖ មន្ទីរពេទ្យរុស្ស៊ី ដាក់ឲ្យ​ដំណើរការ អាគារ​ឯកទេស ព្យាបាល​ជំងឺ

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៤

Google Analytics Alternative