កម្ពុជាគ្រោងពង្រីកមូលនិធិសមធ៌មទូទាំងប្រទេសនៅឆ្នាំ២០១៥

ក្រសួង​សុខាភិបាល​គ្រោង​ពង្រីក​មូលនិធិ​សមធ៌ម នៅទូទាំង​ប្រទេស​នៅឆ្នាំ​២០១៥​ខាងមុខ ខណៈ​បច្ចុប្បន្ន​មូលនិធិ​នេះ​ បាននិង​កំពុង​គ្របដណ្តប់​ជាង​៩០​ភាគរយ និងគ្រោង​ចំណាយ​ប្រាក់ពី​២០ទៅ​២១លាន​ដុល្លារ​ក្នុងមួយឆ្នាំ។

រូបភាព​ សហការី

រូបភាព​ សហការី

លោកស្រី សុខ កញ្ញា អនុប្រធាន​នាយកដ្ឋាន​ផែនការ​និងព៌តមាន សុខាភិបាល​នៃក្រសួង​សុខាភិបាល បានមាន​ប្រសាសន៍​ឲ្យ វេបសាយ​សុខភាពកម្ពុជា ដឹងកាលពី ថ្ងៃទី៩ កញ្ញាកន្លងមកថា យើងត្រូវ​ការថវិការ​ចំនួនពី​២០ទៅ​២១លានដុល្លារ ដើម្បី​ឲ្យការ​អនុវត្តន៍​មូលនិធិ​សមធ៌ម អាចគ្រប​​ដណ្តប់​បាន​​ទូទាំង​​ប្រទេស ហើយ​ថវិការ​​៥០​ភាគរយ​ជាថវិកា​បដិភាគ​របស់​រដ្ឋាភិបាល និង​៥០​ភាគរយ​ជាថវិកា​បានមក​ពីដៃគូ​អភិវឌ្ឈន៍​នានា។

លោកស្រី​បន្តថា “មូលនិធិ​សមធ៌ម​មិនត្រឹម​តែជួយ​ដល់អ្នក​ក្រីក្រ ទទួលបាន​សេវា​ព្យាបាល​ប្រកប​ដោយ​គុណភាព និងមិន​ចំណាយ​ប្រាក់​នោះទេ តែមូល​និធិនេះ​ក៏ជួយ​ចេញថ្លៃ​ធ្វើដំណើរ​ដល់អ្នក​ជំងឺ និង​ជួយចេញ​ថ្លៃបាយ សម្រាប់​អ្នកមក​កំដរអ្នក​ជំងឺម្នាក់​ផងដែរ”។ លោកស្រី សុខ កញ្ញា បានបន្ត​ថា មូលនិធិ​នេះប្រើ​សម្រាប់ស​ង្រ្គោះ​ជីវិត​អ្នកជំងឺ​ភ្លាមៗ ព្រោះ​អ្នកក្រ​មានតែ​ស្លាប់ បើយើង​មិន​សង្រ្គោះ​គាត់ ព្រោះគាត់​អស់អី​នឹងក្រ​ទៀត​ហើយ”។

រូបភាព​ សហការី

រូបភាព​ សហការី

ការអនុវត្តន៍​មូលនិធិ​នេះ​ បាននិង​កំពុង​ទទួល​បាន​ប្រសិទ្ឋិភាព ព្រោះអ្នក​ក្រីក្រ​បានមក​ទទួល​សេវា​កើនទ្បើង ហើយយើង​មាន​អង្គការ​URC ជាដៃគូ​ជួយ​ក្រសួង ដើម្បី​តាមដាន និង​វាយតំលៃ​ការអនុវត្តន៍​មូលនិធិ​នេះច្បាស់​លាស់”។

លោកស្រី​​បន្តថា “ការអនុវត្តន៍​មូលនិធិ​សមធ៌ម មិនមែន​អនុវត្តន៍​ដោយ​ក្រសួង​​សុខាភិបាល​​នោះទេ តែក្រសួង​​លក់​កញ្ចប់​​មូលនិធិនេះ ឲ្យអង្គការ​​ក្រៅរដ្ឋា​ភិបាល​​យក​ទៅ​អនុវត្តន៍​​ផ្ទាល់​​ជាមួយ​​ប្រជា​ពលរដ្ឋ ឲ្យមាន​​គុណភាព​និង​ប្រសិទ្ឋិភាព​​ខ្ពស់ក្រោម​​ការត្រួត​​ពិនិត្យ​​ពីក្រសួង”។ លោក​បន្តថា “កន្លងមក ការបែង​ចែកធនធាន​ផ្ទាល់​របស់​ក្រសួង​ទៅកាន់​មូលដ្ឋាន មិនសូវ​មានប្រសិទ្ឋិ​ភាពនោះទេ ទើបក្រសួង​បង្វែរ​ថវិកា​ទាំងនោះ​ឲ្យអ្នក​ជាវសេវា ដើម្បីឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាអ្នក​អនុវត្តន៍​​ឲ្យមាន​ប្រសិទ្ឋិភាព ទាន់ពេល​វេលា និងជួយ​អ្នកក្រ​ដើម្បីកុំ​ឲ្យ​ពួកគាត់​កាន់តែ​ក្រីក្រ​ថែមមួយ​កម្រិត​ទៀត”។

ដោយ​មើលឃើញ​ប្រសិទ្ឋិភាព​នៃការ​អនុវត្តន៍​មូលនិធិ​នេះ ទីភ្នាក់ងារ​សហ​ប្រតិ​បត្តិ​ការ​អន្តរជាតិ​នៃប្រទេស​កូរ៉េ (KOICA) បានផ្តល់​ជំនួយ​ចំនួន​៥លាន​ដុល្លារ ដើម្បី​ដំណើរការ​មូលនិធិ​សមធ៌ម​ទូទាំង​ខេត្ត​កណ្តាល សម្រាប់​រយៈពេល​បីទៅ​៤ឆ្នាំ​ខាងមុខ។

លោកស្រី សុខ កញ្ញា បាន​បន្តថា ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអន្តរជាតិ​នៃសាធារណៈ​រដ្ឋកូរ៉េ បានចុះ​អនុស្សរណៈ​ជាមួយ​ក្រសួង​​សុខាភិបាល​​រួចហើយ ដើម្បីផ្តល់​ជំនួយ​ចំនួន​៥លាន​ដុល្លារ សម្រាប់​ដាក់ឲ្យ​ដំណើរ​ការមូលនិធិ​សមធ៌ម​ទូទាំង​ខេត្តកណ្តាល ហើយការ​អនុវត្តន៍​ការងារនេះ នឹង​ចាប់ផ្តើម​នៅចុង​ឆ្នាំនេះ។ ទឹកប្រាក់​នេះនឹង​ប្រើប្រាស់​សម្រាប់​រយៈពេល​៣ទៅ៤ឆ្នាំ ហើយគំរោង​នេះនឹង​អនុវត្តន៍​លើស្រុក ក្រុង​ទាំង៩​ក្នុងខេត្ត​កណ្តាល។

លោកស្រី​​បន្តថា មូលនិធិ​នេះនឹង​ប្រើប្រាស់​សម្រាប់ការ បណ្តុះ​បណ្តាល ពង្រឹង​សមត្ថមភាព​មន្រ្តី​សុខាភិបាល ជួយចេញ​ថ្លៃពេទ្យ​ជំនួស​អ្នក​ក្រីក្រ ជួយលើ​ថ្លៃដឹក​ជញ្ជូន​អ្នកក្រីក្រ​មកកាន់​មន្ទីរពេទ្យ​ជាដើម។ លោកស្រី​បន្តថា រហូតមក​ទល់ពេលនេះ មូលនិធិ​សមធ៌ម​បានគ្រប​ដណ្តប់​ជាង៩០​ភាគរយ នៃការិយា​ល័យ​សុខាភិបាល​ស្រុកប្រតិបត្តិ និងគ្រប​ដណ្តប់​លើ​ប្រជាជន​ជាង៣​លាននាក់។ មូលនិធិ​សមធ៌ម​នឹងគ្រប​ដណ្តប់​ទូទាំង​ប្រទេស​នៅឆ្នាំ​២០១៥​ខាងមុខ។

សូមតាមដានពត័មានលំអិតផ្សេងទៀត នៅលើគេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៤

Google Analytics Alternative