ផ្សព្វផ្សាយ​វិធានការ ហាម​ជក់​បារី និង​បង្អុយ​ផ្សែង​ផលិតផល​ថ្នាំជក់ នៅ​កន្លែង​ធ្វើការ

ដើម្បី​ទប់ស្កាត់​ការប្រើ​ប្រាស់​នៅកន្លែង​ធ្វើការ និងកាត់​បន្ថយ​អត្រា​ស្លាប់​ដោយសារ​ថ្នាំជក់នោះ កាលពី​ព្រឹកថ្ងៃ​ទី០៩ ខែកញ្ញា ឆ្នាំ​២០១៤ នៅរដ្ឋបាល​សាលា​ខេត្ត​សៀមរាប ក្រសួង​ទេសចរណ៍ បានបើក​សិក្ខា​សាលា​ផ្សព្វផ្សាយ ស្តីពី​វិធានការ​ហាមជក់​បារី និង​បង្អុយផ្សែង​ផលិតផល​ថ្នាំជក់ នៅកន្លែង​ធ្វើការ និងទី​កន្លែង​សាធារណៈ ដោយមាន​ការចូលរួម​ពីលោក ហោ សារុន រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ ។

រូបភាព​ សហការី

រូបភាព​ សហការី

លោក ហោ សារុន បានមាន​ប្រសាសន៍​ថា គោលបំណង​របស់​អង្គសិក្ខា​សាលានេះ គឺ​ដើម្បី​ចូលរួម​ការពារ​សុខមាលភាព​ប្រជាពលរដ្ឋ ការពារ​ប្រតិបត្តិករ​ទេសចរណ៍ មន្ត្រី​រាជការ អំពីការ​រងផ្សែង​ផលិតផល​ថ្នាំជក់ ដែលបង្ក​ឲ្យមាន​ហានិភ័យ​សុខភាព ។

លោក ម៉ៅ វុឌ្ឍី អភិបាលរង​ខេត្ត​សៀមរាប បានមាន​ប្រសាសន៍​ថា « អ្នក​ជក់បារី និង​អ្នកស្រូប​ផ្សែង​បារី គឺអាច​បណ្តាល​ឲ្យកើត​ជំងឺ​មហារីក​ស្ងួត ដាច់សសៃ​ឈាម​ខួរក្បាល មហារីក​មាត់ គាំង​បេះដូង ក្រិន​សសៃឈាម មហារីក​ក្រពះ​ជាដើម »។ លោកអភិ​បាលរង​ខេត្តបាន​បន្តថា« គ្រោះថ្នាក់​ទាំងនេះ មិនត្រឹម​តែកើត​ឡើងលើ​អ្នកជក់​ប៉ុណ្ណោះទេ តែអ្នក​មិនជក់ គឺអ្នក​នៅជុំវិញ​អ្នកជក់​ទទួល​ឥទ្ធិពល​ផ្សែង​បារី ក៏អាច​មានគ្រោះ​ថ្នាក់ដល់​សុខភាព​ផងដែរ ជាពិសេស​ស្ត្រីដែល​មានផ្ទៃ​ពោះ អាចនឹង​ធ្វើឲ្យ​ទារក​កើតមក​ខ្វះទំងន់ និងមាន​រាងកាយ​មិនគ្រប់​លក្ខណៈ»។

រូបភាព​ សហការី

រូបភាព​ សហការី

លោក ហោ សារុន បាន​បញ្ជាក់ថា« ថ្នាំជក់​គឺជា​ឃាតករ​ដែលសម្លាប់​មនុស្ស​ប្រមាណ​៦លាននាក់​ទូទាំង​ពិភពលោក ជារៀង​រាល់ឆ្នាំ ដែលក្នុង​នោះ មាន​មនុស្ស​ចំនួន​​៦សែន​នាក់ បានស្លាប់​ដោយសារ​ការស្រូប​ផ្សែងថ្នាំ​ជក់ពីគេ ហើយបញ្ហា​ដែលអ្នក​មិនជក់​ត្រូវទទួលរង​គ្រោះថ្នាក់ ដោយសារ​ស្រូបផ្សែង​បារី​ពីគេនោះ​ហើយ ដែលជា​កត្កាមួយ​គួរឲ្យ​ព្រួយបារម្ភ»។ ដូចនេះ បើគ្មាន​វិធានការ​គ្រប់គ្រង​ឲ្យបាន​ម៉ឹងម៉ាត់ អំពីការ​ប្រើប្រាស់​ថ្នាំជក់នោះ ចំនួន​មនុស្ស​អ្នកស្លាប់​នឹងកើន​ដល់៨​លាននាក់ ។

អង្គការ​សុខភាព​ពិភពលោក បានបង្ហាញ​ថា ឆ្នាំ២០១៣​កន្លងទៅ ចំនួនអ្នក​ស្លាប់​៨លាន​នាក់​ត្រូវបាន​កើតឡើង ដូចដែល​បានប៉ាន់​ប្រមាណ​ទុក នោះ​គឺមាន​ន័យថា វិធានការ​ទប់ស្កាត់​ទាំងឡាយ គឺគ្មាន​ប្រសិទ្ធភាព​នោះទេ ។

លោកបាន​បន្តថា នៅកម្ពុជា​យើង ជារៀងរាល់​ថ្ងៃមាន​មនុស្ស​ស្លាប់​ជិត​៣០នាក់ ស្មើនឹង​រៀងរាល់​ឆ្នាំ ប្រជាជន​កម្ពុជា ត្រូវបាន​ស្លាប់មុន​អាយុប្រមាណ​ជាងមួយ​ម៉ឺននាក់ ដោយសារ​ជំងឺបង្ក​ឡើងដោយ​ថ្នាំជក់ ដែលមិន​អាចទប់​ស្កាត់​បាននោះ ភាគច្រើន​ពួកគេ​ទាំងនោះស្ថិតក្នុង​វ័យបំពេញ​ការងារ។

សូមតាមដានពត័មានលំអិតផ្សេងទៀត នៅលើគេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៤

Google Analytics Alternative