ថ្នាក់ដឹកនាំ និង​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​៣០០នាក់ ចូលរួម​បរិច្ឆាគ​ឈាម

ថ្នាក់ដឹកនាំ និង​បុគ្គលិក​មន្ត្រីរាជការ នៃក្រសួង​ពាណិជ្ជកម្ម​ប្រមាណ ៣០០នាក់ នៅថ្ងៃ ទី១០ ខែកញ្ញា ឆ្នាំ២០១៤ បាន​ចូលរួម​កម្មវិធី​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​ក្រោម​ប្រធានបទ «បង្កើន​ការបរិចា្ចគ​ឈាម បន្ថយ​អត្រា​ស្លាប់​មាតា» នៅក្នុង​សាល​ប្រជុំ​ក្រសួង ។ កម្មវិធី​បរិច្ចាគ​ឈាម នេះបាន​ប្រព្រឹត្ត​ទៅ ដោយមាន​ការចូល​រួមពី​លោក ស៊ុន ចាន់ថុល ទេសរដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម។

រូបភាព គេហទំព័រ សុខភាពកម្ពុជា

រូបភាព គេហទំព័រ សុខភាពកម្ពុជា

នេះជា​លើកទី​ពីរហើយ ដែល​ក្រសួង​ពាណិជ្ជកម្ម​បានសហការ​ជាមួយ​មជ្ឈមណ្ឌល​ជាតិផ្តល់​ឈាម ដើម្បី​រៀបចំ​កម្មវិធី​ផ្តល់ឈាម​ ដែលលើក​នេះ មានចំនួន​អ្នក​ចូលរួម ច្រើន​ជាងមុន​ ហើយក៏​រំពឹងថា​នឹងទទួល​បានឈាមយ៉ាង​តិច​១០០​ប្លោក ដើម្បី​ផ្គត់ផ្គង់​កង្វះខាត​ឈាម​ទូទាំង​ប្រទេស​កម្ពុជា។
ឆ្លៀតក្នុង​ឱកាសនោះ​ផងដែរ លោក ស៊ុន ចាន់ថុល ទេសរដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម​បាន ថ្លែងអំណរ​គុណ​យ៉ាងជ្រាល​ជ្រៅដល់​មន្ត្រី​ក្រោមឱវាទ​ទាំងអស់​ដែលមាន​ចិត្ត​សប្បុរស​ធម៌ក្នុង​ការផ្តល់​ឈាម​លើកនេះ។ លោកទេស​រដ្ឋមន្ត្រី ក៏បាន​ថ្លែងអំណរ​គុណផងដែរ​ចំពោះ​មជ្ឈមណ្ឌល​ជាតិផ្តល់​ឈាម​ដែលតែង​តែខ្នះខ្នែង​ផ្សព្វផ្សាយ និង​ប្រមូល​ឈាម​សប្បុរស​គ្រប់ទី​កន្លែង ដើម្បី​បំពេញ​បន្ថែម​ដល់​តម្រូវការ​ឈាមជា​ចាំបាច់​ទូទាំង​ប្រទេស។

លោក​ទេស​រដ្ឋ​មន្ត្រី ស៊ុន ចាន់ថុល បានប្ដេជ្ញា​ចិត្ត​ក្នុង​ការបន្ត​គាំទ្រ​ដល់កម្ម​វិធីបរិច្ចាគ​ឈាម ហើយក៏នឹង​បង្កើត​ឲ្យមាន​កម្មវិធី​ផ្តល់ឈាម​បែបនេះ​ជាបន្ត​បន្ទាប់​ជារៀង​រាល់ឆ្នាំ។

រូបភាព គេហទំព័រ សុខភាពកម្ពុជា

រូបភាព គេហទំព័រ សុខភាពកម្ពុជា

គួរបញ្ជាក់ ថា មកទល់​នឹងសម័យនេះ បើទោះជា​វេជ្ជសាស្ត្រ​មានការ​រីកចម្រើន​ខ្លាំងយ៉ាង​ណាក៏ដោយ ក៏យើង​មិនអាច​ផលិត​គ្រាប់ឈាម ដើម្បី​ប្រើប្រាស់​នៅឡើយ ដូច្នេះ​ហើយមាន​មនុស្ស​ច្រើននាក់ បាន​នឹងកំពុង​រង់ចាំ​អំណោយ​ឈាម​របស់​យើង។

តាមរបាយ​ការណ៍​របស់​មជ្ឈមណ្ឌល​ជាតិផ្តល់​ឈាមបាន​ឲ្យដឹងថា​ក្នុងរយៈ​ពេល៦ខែ​ឆ្នាំ២០១៤​នេះ ចំនួនអ្នក​ផ្តល់ឈាម​នៅមាន​ចំនួន​២៥៨៩១​ប្លោកមាន​ការកើន​ឡើង​ បើធៀប​នឹងរយៈ​ពេលដូចគ្នា​នៅឆ្នាំ២០១៣ ដែលមាន​អ្នកផ្តល់​ឈាម​ចំនួន​២៤១៤២​ប្លោក។ ក្នុងរយៈ​ពេល ៦ខែ នេះដែរ ចំនួនអ្នក​ប្រើប្រាស់​ឈាមនៅ​ទូទាំង​ប្រទេស​មានចំនួន​២៣៤៣៦៣​ប្លោកក្នុង​នោះប្រើប្រាស់​នៅក្នុង​មន្ទីរពេទ្យ​នានា​ក្នុងរាជ​ធានីភ្នំពេញ​ប្រើប្រាស់​ឈាមចំនួន​១៤៧៦០​ប្លោកមាន​ការកើន​ឡើង ដែល​នៅឆ្នាំ​២០១៣​ក្នុងរយៈ​ពេលដូចគ្នា​មានអ្នក​ប្រើប្រាស់​ឈាម​ចំនួន​តែ២២០៤០​ប្លោក។

តាមការ​ប៉ាន់​ស្មាន​នៅតាម​មន្ទីរពេទ្យ​ធំៗ​នៅក្នុង​រាជធានី​ភ្នំពេញ ត្រូវការ​ឈាម​ប្រមាណ​ជាង​៣ម៉ឺន​ប្លោក​ដើម្បីជួយ​សង្គ្រោះ​ដល់អ្នក​ជំងឺក្នុងឆ្នាំ។សំរាប់​ឆ្នាំនេះ​នៅទូទាំង​ប្រទេសវិញ​តំរូវការ​ឈាមមាន​ប្រមាណ​ជាង៥ម៉ឺន​ប្លោក​ដោយក្នុង​១ថ្ងៃ ត្រូវការ​ឈាម​ប្រមាណ​១៥០ប្លោក ដើម្បីជួយ​សង្គ្រោះ​ដល់អ្នក​ជំងឺ​ដែលត្រូវ​ការ​ឈាម​បំផុត។

រូបភាព គេហទំព័រ សុខភាពកម្ពុជា

រូបភាព គេហទំព័រ សុខភាពកម្ពុជា

ពាក់ព័ន្ធនឹង​មូលហេតុ​ដែលនាំឲ្យ​ការប្រើប្រាស់​ឈាមមាន​ការកើន​ឡើងជាង​ឆ្នាំមុន លោក​វេជ្ជបណ្ឌិត ហុក គឹមចេង មជ្ឈមណ្ឌល​ជាតិផ្តល់​ឈាម​បានបញ្ជាក់​ថាដោយសារ​តែតំរូវ​ការឈាម​មានចំនួន​កាន់តែច្រើន ពិសេស​ជំងឺមួយ​ចំនួន​ដែលត្រូវ​ការឈាម​ជាចាំបាច់ និងដោយ​សារបច្ចុ្បន្ននេះ​មានមន្ទីរពេទ្យ​ឯកជន​កកើត​ច្រើន។

លោកវេជ្ជបណ្ឌិត ហុក គឹមចេង សង្ឃឹមថា​នៅឆ្នាំនេះ​នឹងទទួល​បានឈាម​គ្រប់ចំនួន​ដោយសារ​តែបច្ចុប្បន្ននេះ​បងប្អូន​ប្រជាពលរដ្ឋ​យើង​មានការយល់​ដឹងច្រើន​ពីសារ​សំខាន់​នៃការផ្តល់​ឈាមនេះ។លោកបាន​បន្តថា «ការផ្តល់​ឈាមមួយ​ប្លោក​របស់បងប្អូន​ពិតជាមាន​សារខ្លាំង​ណាស់​ក្នុងការ​ជួយសង្គ្រោះ​អាយុជីវិត​ដល់អ្នក​រងគ្រោះ​ដែលត្រូវការ​ឈាម​ហើយការ​ផ្តល់ឈាម​នេះនឹង​ទទួលបាន នូវបុណ្យ​កុសល្យ​យ៉ាងធំធេង​ក្នុងនាម​យើងជា​អ្នកកាន់​ព្រះពុទ្ធ​សាសនា»។

សូមតាមដានពត័មានលំអិតផ្សេងទៀត នៅលើគេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៤

Google Analytics Alternative