ចំណី​អាហារ​៨០​ភាគរយ​លក់​តាម​សាលា​រៀន​នៅ​ភ្នំពេញ​មិនមាន​អនា​ម័យ

ចំណីអាហារ ជាចំណែក​មួយដ៏​សំខាន់​ក្នុងការ​ជួយ​ទ្រទ្រង់​រាងកាយ​ឲ្យរីកធំ​ធាត់​ តែបើ​ចំណី​អាហារ​ណា​មិនមាន​អនាម័យ និង​ពោលពេញ​ទៅ​ដោយសារ​ជាតិគីមី​នោះ វានឹង​ធ្វើឲ្យ​ប៉ះពាល់​ដល់សុខភាព​ ដែលមិន​ធ្វើឲ្យ​មានការ​រីកលូត​លាស់បាន​ល្អប្រសើរ។

រូបភាព សហការី

រូបភាព សហការី

បើតាម​លោក​ឱសថការី អាំង ហុកស៊្រុន ប្រធាន​ការិយាល័យ​សុវត្តិភាព​ចំណីអាហារ​នៃនាយក​ដ្ឋាន​ឱសថ​ចំណី​អាហារ​បរិក្ខាពេទ្យ និង​គ្រឿង​សំអាង​បានមាន​ប្រសាសន៍​ប្រាប់​វេបសាយ​សុខភាពកម្ពុជា កាលពី​រសៀល​ថ្ងៃទី០៩​កញ្ញានេះ ឲ្យដឹងថា​ចំណី​អាហារ​ដែកដាក់​តាំងលក់​នៅតាម​សាលា​នានា​នៅក្នុង​រាជធានី​ភ្នំពេញ​មាន៨០​ភាគរយ មិនមាន​អនាម័យទេ​ ដែលធ្វើ​ឲ្យសិស្សា​នុសិស្ស​ទិញ​បរិភោគ​ប៉ះពាល់​ដល់​សុខភាព ពិសេស​ខ្វះអាហា​រូបត្ថម្ភ​ទៀតផង​ ដោយសារ​អ្នកលក់​ប្រើខ្លាញ់​ច្រើនពេក។

លោកបាន​បន្តថា «មាន​សិស្ស​ប្រមាណពី​៧០ទៅ​៨០% បានទិញ​ចំណី​អាហារ​បរិភោគ នៅក្នុង​សាលា និងក្រៅ​សាលា ជាអាហារ​សំរាប់​ពេលព្រឹក​ ថ្ងៃត្រង់ និងពេលរសៀល ហើយ​ចំណី​អាហារ​ទាំងនោះ​មិនមាន​លក្ខណៈ​អនាម័យ​ត្រឹមត្រូវ​នោះទេ»។

លោកបាន​បន្ថែមថា​ ដោយសារ​មើលឃើញ​បញ្ហា​ទាំងនេះ ហើយទើប​ក្រសួង​សុខាភិបាល និងអង្គការ​សុខភាព​ពិភពលោក បានរៀបចំ​វគ្គ​បណ្តុះ​បណ្តាល​មួយ ដើម្បីផ្តល់​ចំណេះ​ដឹងទាក់ទិន​នឹងសុវត្តិភាព​ចំណីអាហារ​ដល់អ្នកលក់​ចំណី​អាហារ​នៅតាម​សាលា​បឋម​សិក្សា ដែល​វគ្គ​បណ្តុះ​បណ្តាល​នេះ បានចាប់​ផ្តើមតាំង​ពីថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០១៣​រហូតដល់​បំណាច ឆ្នាំ​២០១៤​នេះ។

លោកឱសថការី អាំង ហុកស៊្រុន បានមាន​ប្រសាសន៍​ថា​ការបើក​វគ្គ​បណ្តុះ​បណ្តាល​ដល់អ្នក​លក់​ចំណី​អាហារ នៅតាម​សាលា​បឋម​សិក្សា​ក្នុងគោល​បំណង​​ដើម្បីឲ្យ​ចំណី​អាហារ ដែលដាក់​លក់​នៅតាម​សាលា​មាន​អនាម័យ​សុវត្តិភាព​ក្នុងការ​ធានា​ដល់​គុណភាព​អាហារូបត្ថម្ភ ដល់​សិស្សា​នុសិស្ស។លោក​ឱសថការី បានបន្ត​ថា ការមាន​វគ្គ​បណ្តុះ​បណ្តាល​នេះ បន្ទាប់ពី​គេបាន​រកឃើញ​ថា​មានសិស្ស​សាលាមួយ​ចំនួនធំ ពោលគឺ​ដាក់លក់​មិនមាន​អនា​ម័យ​ដោយលក់​មិនមាន​គំរបគ្រប​ការពារ​រុយរោម​លក់​នៅជីត​គំនរ​សំរាម​ប្រើប្រាស់​ទឹក​កក្វក់​ក្នុងការ​លាងចំណី​អាហារ​ដោយសារ​តែសន្សំ​សំចៃ​ទឹក។ ក្រៅពី​នេះមាន​អ្នកលក់ខ្លះ​បានប្រើ​ប្រាស់ជាតិ​ខ្លាញ់​លើចំណី​អាហារច្រើន​រហូតដល់​ខ្មៅ​ដែលជា​តោខ្លាញ​នេះ វាក៏បាន​ធ្វើឲ្យ​សិស្សា​នុសិស្ស​យើងមាន​បញ្ហា​កង្វះ​អាហា​រូបត្ថម្ភ​ផងដែរ។ លោកបាន​បញ្ជាក់ថា «ដើម្បី​អភិវឌ្ឍ​កុមារ​សុវត្តិភាព​ចំណី​អាហារ​ អាហារូបត្ថម្ភ និង​អនាម័យ​មានសារៈ​សំខាន់​ណាស់។ ដូចនេះ​អ្នកលក់​ដូរនៅតាម​សាលា​ក៏មាន​តួនាទី​សំខាន់​ដែរ​ក្នុងការ​ធ្វើឲ្យ​កុមារ​មាន​សុខភាព​ល្អ»។

លោកបាន​បញ្ជាក់ថា សុវត្តិភាព​ចំណី​អាហារ​មានសារៈ​សំខាន់​ណាស់​សំរាប់​សុខភាព ​យើងតែ​ការយល់​ដឹងចំពោះ​បញ្ហានេះ នៅមាន​កំរិត​នៅឡើយ។ដូចនេះ​ សូមអ្នក​លក់ដូរ​តាមសាលា សូមធ្វើ​ជាគំរូ​ចាប់តាំង​ពីកន្លែង​លក់ការ​វេចខ្ចប់​ឲ្យបាន​ល្អ​ស្អាត​អនាម័យ ដើម្បីសុខភាព​សិស្សានុសិស្ស​របស់យើង។លោកមាន​ប្រសាសន៍​ថា​បើចំណី​អាហារ​របស់​ស្រុកយើង​ប្រកប​ដោយ​អនាម័យ និងមាន​សុវត្តិភាពនោះ វាគឺជា​ការចូលរួម​ចំណែក​ក្នុងការ​ទាក់ទាញ​ភ្លៀវ​ទេស​ចរណ៍ និង​ចូលរួម​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ និង​ប្រទេស​ជាតិ​ផងដែរ។

លោក​ឱសថការី អាំង ហុកស៊្រុន បាន​បញ្ជាក់​ថារហូត​មកដល់​ពេលនេះ​ក្រសួង​សុខាភិបាល​បានបើក​វគ្គបណ្តុះ​បណ្តាល​ស្តីពី​អនាម័យ​សុខភាព​ និង​សុវត្តិភាព​​ចំណី​អាហារ​ដល់អ្នក​លក់​ចំណី​អាហារ​ដល់សាលា​បឋម​សិក្សា​ចំនួន​១២​ហើយ នៅក្នុង​រាជធានី​ភ្នំពេញ។

លោក ជា​ ជាតិ ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​រាជធានី​ភ្នំពេញ បានទទួល​ស្គាល់ថា​ពិតជា​មានមែន​តែបច្ចុប្ប​នេះមាន​តិចទេ ដែលមាន​លក់​ចំណី​អាហារ​មិនមាន​អនាម័យ​នោះ ដោយសារ​ជាទៀង​ទាត់​ទាំង​សាលា និងខណ្ឌ ចុះត្រួត​ពិនិត្យ​មើល​ជាក់ស្តែង ដល់អ្នក​លក់​ចំណី​អា​ហារ​តាម​សាលា។ លោកបាន​ណែនាំ​ដល់អ្នក​លក់​កុំលក់​ចំណី​អាហារ​ជាកញ្ចប់ ជ្រក់​ជាដើម ដោយជំរុញ​ឲ្យពួគ​គាត់លក់​​ចំណី​អាហារ ​ណាជា​របស់ ខ្មែរ ដើម្បី​ការពារ​សុខភាព ដល់​សិស្ស​នុសិស្ស​យើង។

គួរបញ្ជាក់​ថា បច្ចុប្បន្ននេះ នៅរាជ​ធានី​ភ្នំពេញ​មានសាលា​បឋម​សិក្សា ចំនួន​១៦៤៕

សូមតាមដានពត័មានលំអិតផ្សេងទៀត នៅលើគេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤

Google Analytics Alternative