កម្ពុជា​ខាតបង់​ប្រាក់​៤២​លាន​ដុល្លារ ដោយ​គ្រោះថ្នាក់​ចរាចរ​បណ្តាល​មកពី​គ្រឿងស្រវឹង

កម្ពុជា​ខាតបង់​ប្រាក់ក្នុង​មួយឆ្នាំ​៤២លាន​ដុល្លារ ដោយសារ​គ្រោះថ្នាក់​ចរាចរ​បណ្តាលមក​ពីគ្រឿង​ស្រវឹង។ នៅពេល​ប្រទេសនេះ​មិនទាន់​បានអនុម័ត​ច្បាប់ស្តី​ពីគ្រឿង​ស្រវឹង និង​ការគោរព​ច្បាប់​ចរាចរ​ផ្លូវគោក​ហាក់នៅ​មានកំរិត។

រូបភាព សហការី

រូបភាព សហការី

លោកវេជ្ជបណ្ឌិត​ មុំ គង់ ប្រធាន​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា បានមាន​ប្រសាសន៍​ឲ្យវេបសាយ​សុខភាពកម្ពុជា ដឹងកាល​ពីថ្ងៃទី៨ កញ្ញា កន្លងមក​ថា ក្នុងមួយឆ្នាំ កម្ពុជា​ខាតបង់​ប្រាក់៤២​លានដុល្លារ ដោយសារ​គ្រោះថ្នាក់​ចរាចរ​បណ្តាលមក​ពីគ្រឿង​ស្រវឹង នេះមិន​ទាន់គិត​ដល់ផល​ប៉ះពាល់​ដទៃទៀត​ដូចជា ការបាត់​បង់​ចំណូល និង​ការបាត់បង់​សមាជិក​គ្រួសារ​ណាមួយ ដែលដើរ​តួជាអ្នក​រកចំណូល ផ្គត់ផ្គង់​គ្រួសារ​នៅទ្បើយទេ។

គ្រោះថ្នាក់​ចរាចរ​នៅកម្ពុជា មួយផ្នែក​ធំបណ្តាល​មកពីការ​ទទួលទាន​គ្រឿងស្រវឹង និង​មូលហេតុ​ដទៃទៀត ដូចជាការ​មិនគោរព​ច្បាប់ ការមិន​គោរព​សិទ្ឋ​អាទិ​ភាព និង​ការបើក​លើសល្បឿន​កំណត់ជាដើម។

លោក​វេជ្ជបណ្ឌិត មុំ គង់ បាន​បន្តថា “គ្រឿង​ស្រវឹង​បណ្តាលឲ្យ​មានជំងឺ​ជាង២០០​មុខ ដូចជា​ជំងឺលើសឈាម ទឹកនោម​ផ្អែម ជំងឺ​សសៃ​ប្រាសាទ និង​ជំងឺ​ក្រិន​ថ្លើម​ជាដើម”។ លោក​បន្តថា “ក្នុងនាម​សង្គម​ស៊ីវិល យើង​សំណូមពរ​ឲ្យក្រសួង​សុខាភិបាល​ជំរុញ​កសាង​ច្បាប់ស្តីពី​គ្រឿងស្រវឹង ឲ្យបាន​ឆាប់តាម​ដែលអាច​ធ្វើទៅបាន”។

កាលពី​ថ្ងៃទី៨ កញ្ញា កន្លងមក​នេះ លោក ខៀវ កាញារិទ្ឋ រដ្ឋមន្រ្តី ក្រសួង​ព៌តមាន​បានសម្រេច​បិទមិន​ឲ្យផ្សាយ​ពាណិជ្ជកម្ម​គ្រឿងស្រវឹង​ចាប់ពី​ម៉ោង៦​ល្ងាច
ដល់ម៉ោង​៨យប់ ចាប់តាំង​ពីឆ្នាំ២០១៥​ខាងមុខ​នេះ។

ជារៀង​រាល់ថ្ងៃ ​មានប្រជាជន​កម្ពុជា ពី៥ ទៅ៧នាក់ បានស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរ និង​ជាច្រើននាក់​ទៀត បានរង​របួស ដែលធ្វើ​ឲ្យ​កម្ពុជា​ខាតបង់​ប្រាក់ជាង​៣០០​លាន​ដុល្លារ ក្នុង​មួយឆ្នាំៗ ប៉ុន្តែ​ចំនួននេះ​មិនទាន់​រាប់បញ្ចូល​ផលប៉ះពាល់​ ដោយប្រយោល​ពីគ្រោះថ្នាក់​ចរាចរ​នៅទ្បើយទេ។

សូមតាមដាន​ព័ត័មាន អំពីគ្រោះ​ថ្នាក់ចរាចរ​ ជាប្រចាំថ្ងៃ នៅលើ​គេហទំព័រ​សុខភាព​កម្ពុជា​ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤

Google Analytics Alternative