សិប្បកម្ម កែច្នៃ​កិនសាច់​ត្រីសមុទ្រ​ធ្វើប្រហិត​នៅខេត្ត​ព្រះសីហនុ នៅតែ​រកមិន​ឃើញ​ជាតិគីមី តែគ្មាន​អនាម័យ

បន្ទាប់ពី​ទទួល​ពត៌មាន​ថា មាន​សិប្បកម្ម​កែច្នៃ​កិនសាច់ត្រី​សមុទ្រ ធ្វើប្រហិត​មួយកន្លែង នៅខេត្ត​ព្រះ​សីហនុ​មានដាក់​ម្សៅ​គីមី​រួច​មក នៅ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៤​នេះ ក្រុមមន្ត្រីជំនាញ របស់​ក្រសូង​ឧស្សាហកម្ម​និងសិប្បកម្ម បានចុះ​ទៅធ្វើ​ការពិនិត្យ​ជាក់ស្តែង ដល់​ទីតាំង​សិប្បកម្ម កែច្នៃ​កិនសាច់​ត្រីសមុទ្រ​ធ្វើប្រហិត​នោះ ដើម្បី​បញ្ជាក់ថា​​ទីតាំង​នោះ​មានដាក់​សារធាតុ​គីមីដែរ ឬយ៉ាង​ណា។

រូបភាព សហការី

រូបភាព សហការី

សិប្បកម្ម កែច្នៃ​កិនសាច់​ត្រី​សមុទ្រ​ធ្វើប្រហិត​នោះត្រូវបាន​គេស្គាល់​ថា​ជា​របស់​អ្នកស្រី ជា ផល្លា ស្ថិតនៅ​ក្នុង​តំបន់​​ភូមិ​ទំនប់​រលក សង្កាត់​លេខ៣ ក្រុង​ព្រះ​សីហនុ ខេត្តព្រះ​សីហនុ ដែលគេ​សង្ស័យ​ថា ម្ចាស់​សិប្បកម្ម​មួយនេះ​គ្មាន​អនាម័យ និងលាយ​ម្សៅ​គីមីអ្វី​ម្យ៉ាងមិន ឲ្យសាច់​ត្រីស្អុយ និង​ហើម​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​ប្រជា​ពលរដ្ឋ​ទូទៅ​នោះ។

ក្រុម អ្នក​ជំនាញ​មន្ទីរ​ពិសោធន៍​ចល័ត​ឧស្សាហ៍កម្ម​កម្ពុជា ក្នុង​ពេល​ចុះ​ពិនិត្យ​បានធ្វើ​ការប្រមូល​គ្រប់​សារជាតិ​ពាក់ព័ន្ធ​នែការ​ផលិត​ប្រហិត ដូចជា​ទឹកត្រាំ​ត្រី សាច់ត្រី​មិន​ទាន់កិន​ សាច់ត្រី​កិនរួច រួមនិង​ទឹកកក​សំរាប់​ផ្លាសេ​ផង​ដែរ ដើម្បីយក​មកធ្វើការ​ពិនិត្យ និង ពិសោធន៍​ជាក់ស្តែង​ផ្ទាល់​នៅទី​តាំង​ផលិត​សាច់ត្រី​តែម្តង។ ប៉ុន្តែ​ជាលទ្ធផល​ ក្រុមអ្នក​ជំនាញ​រកមិន​ឃើញអ្វី​ដែលជា​សារជាតិ​គីមី បង្កផល​ប៉ះពាល់​ដល់​សុខភាព ដាក់ក្នុង​សាច់​ប្រហិត​អ្វីនោះទេ។

សូមចុចអាន សិប្បកម្មផលិតប្រហិតត្រីនៅខេត្តព្រះសីហនុ រងការចោទថាបាន បង្កប់សារធាតុពុល

លោក ចាន់ បូរិន នាយក​វិឡាស្ថាន​មន្ទីរ​ពិសោធន៍​ស្តង់ដារ​កម្ពុជា ក្រោយពេល​ធ្វើការ​ពិនិត្យ​ទៅលើ​ត្រីមិន​ទាន់កិន​ ទឹក ត្រាំត្រី​ ក៏ដូចជា​សាច់ត្រី ដែលកិន​រួច​ រួមនិង​ទឹកកក​សំរាប់ក្លាសេ​ផងនោះ បានបញ្ជាក់​យ៉ាងច្បាស់​ថាទាំងសាច់​ត្រីមិន​ទាន់ កិន និងសាច់ត្រី​ដែលកិនរួច​ រួមនិង​សារជាតិផ្សេងៗ​ដែលពាក់​ព័ន្ធ និង​ការផលិត​ប្រហិត​សាច់ត្រី​នេះ ក្រុមអ្នក​ជំនាញ​របស់​លោករក​មិនឃើញ សារជាតិអ្វី​ដែលផ្តល់​ផលប៉ះពាល់​ដល់សុខភាព នៅក្នុង​សាច់ប្រហិត​នោះទេ គឺល្អ​ស្អាត។ ប៉ុន្តែអ្វី​ដែលគូរ​ឲ្យគត់​សម្គាល់​នោះ លោក ចាន់ បូរិន បាន​ធ្វើការ​បន្ថែមឲ្យ​ដឹងថា ទីតាំង​ផលិត​សាច់ត្រី​ប្រហិតនោះ នៅមិន​ទាន់មាន​លក្ខណ​បច្ចេកទេស​ត្រឹមត្រូវ​នៅឡើយទេ​ ព្រមទាំង​មិនមាន​បរិស្ថាន​និងអនាម័យល្អ​ផងដែរ ។

ដូចនេះ​ជាគោលការ​របស់​ក្រសូង​ឧស្សាហ៍កម្ម និងសិប្បកម្ម តម្រូវឲ្យ​ម្ចាស់សិប្បកម្ម​ធ្វើការ​រៀបចំ​ទីតាំង​ផលិត​ឡើងវិញ​ឲ្យ​ស្តង់ដារ និងមាន បរិស្ថាន​អនាម័យល្អ​ជាមុនសិន ទើប​អនុញ្ញាត​ឲ្យធ្វើ​អាជីវកម្ម​បានបើមិនអញ្ចឹង​ទេ​សិប្បកម្ម​មួយនេះ និងផ្អាក​សកម្មភាព​មិនឲ្យ​ធ្វើការ​ផលិត​តទៅទៀត​ឡើយ។

សូមតាមដានពត័មានលំអិតផ្សេងទៀត នៅលើគេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤

Google Analytics Alternative