ក្រសួងព័ត៌មាន​ហាម​មិនឲ្យ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​តាមវិទ្យុ​ និង​ទូរទស្សន៍ ចាប់ពី​ដើមឆ្នាំ​២០១៥

ក្រសួងព័ត៌មាន​ បានប្រកាស​ថា ខ្លួននឹង​បិទមិន​ឲ្យផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​គ្រឿង​ស្រវឹង​តាម​វិទ្យុ និង​កញ្ចក់​ទូរទស្សន៍​ចាប់ពី​ដើមឆ្នាំ​២០១៥​ខាងមុខ​ស្របពេល​ដែល​ប្រទេសនេះ ត្រូវគេ​មើល​ឃើញថា ជាឋានសួគ៌​នៃការ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង។

រូបភាព Internet

រូបភាព Internet

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន បាន​ប្រកាស​នេះ ធ្វើឡើង​នៅក្នុង​កិច្ច​ប្រជុំ​ការងារ​ព្រឹកថ្ងៃ​ទី០៨ ខែកញ្ញា នៅទីស្តី​ការ​ក្រសួង​ព័ត៌មាន ដោយ​មានការ​ចូលរួម​ពីថ្នាក់​ដឹកនាំ​ក្រសួង ដែលមាន​តួនាទី​ជាអ្នក​ទទួលខុស​ត្រូវ​បម្រើ​ឲ្យការ​ផ្សព្វផ្សាយ​ចំណុះឲ្យ​ក្រសួង​ព័ត៌មាន។លោក​រដ្ឋមន្ត្រី​បានបញ្ជាក់​ថា មូលហេតុ​ដែលមិន​ចង់ឲ្យ​មានការ​ផ្សាយ​គ្រឿង​ស្រវឹង​នេះ គឺ​ដោយសារ​ទី១ វាជះ​ឥទ្ធិពល​ដល់​កុមារ និង​ទីពីរ​កុំឲ្យមាន​ការបំផុស​បំប៉ោង​គ្រឿងស្រវឹង​ ដល់​សាធារណជន​តទៅ​មុខទៀត។

លោកបន្តថា “ក្រសួង​នឹងពិនិត្យ​មើលតាម​ក្រោយ ក្នុងករណី​នៅតែ​បន្ត​ផ្សព្វផ្សាយ។ជំហានទី១​ក្រសួង​គ្រាន់តែ​រំលឹក បើសិន​នៅតែ​បន្តផ្សាយ​គ្រឿង​ស្រវឹង​ទៀត ក្រសួង​នឹងមាន​វិធានការណ៍”។

រូបភាព Internet

រូបភាព Internet

លោក ខៀវ កាញារិទ្ឋ បានបន្ត​ថា ក្រសួង​នឹងទុកពេល​ឲ្យស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​នីមួយៗ បញ្ចប់​កុងត្រា​អាជីវកម្ម ជាមួយ​ក្រុមហ៊ុន​គ្រឿង​ស្រវឹង​នានា​ជាមុន ដោយចាប់​ផ្តើម​ពីថ្ងៃ​ទី១ ខែតុលា ខាងមុខ​រហូត​ដល់​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ដោយ​អនុញ្ញាត​ឲ្យផ្សាយ​ត្រឹមតែឡូហ្គូ​ (LOGO) គ្រឿង​ស្រវឹង​រត់ជា​អក្សរ​បាន ​តែការ​ផ្សាយពី​ស្ពត​អំពី​គ្រឿង​ស្រវឹង ទាំងស្រុង​តែម្តង​នោះ គឺមិន​បានទេ និងពី​ថ្ងៃទី១ ខែមករា ឆ្នាំ​២០១៥ទៅ ចាប់ពី​ម៉ោង​៦ដល់ ២០ល្ងាច គឺរាល់​ការផ្សាយ​អ្វីទាំងអស់ ទោះជា​មានរូបភាព​ក្តី រត់ជា​អក្សរក្តី ឬយ៉ាង​ដូចម្តេច​ក៏ដោយ ឲ្យតែ​ទាក់ទង​គ្រឿងស្រវឹង គឺត្រូវលប់​បំបាត់​មិន​អនុញ្ញាត​ទាំងអស់។

លោកវេជ្ជបណ្ឌិត មុំ គង់ ប្រធាន អង្គការ​​ដើម្បី​ចលនា​សុខភាពកម្ពុជា បានមាន​ប្រសាសន៍​ថា ក្នុងនាម​សង្គមស៊ីវិល លោកស្វាគមន៍ ចំពោះ​វិធាន​ការណ៍​នេះ ដែល​វាជា​ចំណុច​ចាប់ផ្តើម​ដ៏ល្អ ប៉ុន្តែ​វានៅតែ​ជាកង្វល់​របស់យើង ដោយសារ​ការបិទ​ការផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម ត្រឹម​ម៉ោង​៨យប់ មិនទាន់​គ្រប់គ្រាន់​ទេ ព្រោះ​កំទ្បុង​ម៉ោងនេះ កុមារ​មិនទាន់​ចូលគេង​នៅទ្បើយ​ទេ។ លោក​បន្តថា ក្នុងនាម​យើង​ធ្វើការ​ងារផ្នែក​សង្គម​ស៊ីវិល សុំឲ្យ​មានការ​បិទការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ស្រាបៀរ​តែម្តង ព្រោះការ​ផ្សព្វផ្សាយ​កាន់តែ​ច្រើន នឹង​ជំរុញ​ឲ្យមាន​ការផឹក​ស្រាកាន់​តែច្រើន និង​ជំរុញឲ្យ​កុមារ​ទទួលទាន​ស្រា នៅ​វ័យកាន់​តែក្មេង។

លោកបន្តថា នៅតាម​បណ្តា​ប្រទេស​ក្នុងតំបន់ គេបាន​និង​កំពុង​ឈានមួយ​ជំហ៊ាន​ហើយ ដោយគេ​បិទមិន​ឲ្យមាន​ការផ្សព្វផ្សាយ​ស្រា ក្នុង​រូបភាព​បង្ហាញ​តួពាណិជ្ជកម្ម និងបង្ហាញ​ស្រាអ្វី​នោះទេ គឺគេគ្រាន់​តែបង្ហាញ​តែអក្សរ​ដែលជា​ម៉ាកស្រា​បៀរ​តែប៉ុណ្ណោះ។

សូមតាមដានពត័មានលំអិតផ្សេងទៀត នៅលើគេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៤

Google Analytics Alternative