លៀសហាល និង​ខ្ចៅខ្ចង បង្ក​ជំងឺ​គ្រុន​ពោះវៀន

គ្រូពេទ្យជំនាញ​បានព្រមាន​ថា ការញុំា​លៀស​ហាល និង​ពពួក​ខ្ចៅខ្ចង​ច្រើន​ ធ្វើឲ្យកើត និង​ប្រឈមមុខ​ខ្ពស់​នឹងជំងឺ​គ្រុន​ពោះវៀន ដែលជា​ជំងឺ​មួយ​តែងកើត​លើ​អ្នករស់​នៅ​មិនយក​ចិត្តទុក​ដាក់លើ​អនាម័យ​ចំណីអាហារ។

វេជ្ជ. នី ថារួម

វេជ្ជ. នី ថារួម

លោកវេជ្ជបណ្ឌិត នី ថារួម អ្នកឯក​ទេស​ជំងឺ​ថ្លើម ក្រពះ​ពោះវៀន​នៃមន្ទីរពេទ្យ​មិត្តភាព​ខ្មែរ សូវៀត​បានមាន​ប្រសាសន៍​ឲ្យវេបសាយ​សុខភាពកម្ពុជា ដឹង​កាលពី​ពេលថ្មីៗ​នេះថា ការញុំា​លៀសហាល និង​ពពួក​ខ្ចីខ្ចង​ច្រើន​ប្រឈម​មុខ និងធ្វើ​ឲ្យកើត​ជំងឺគ្រុន​ពោះវៀន ព្រោះ​មេរោគជំងឺ​នេះនៅ​ជាមួយ​ពពួក​សត្វ​អស់​ទាំងនេះ។ លោក​​បន្តថា លៀសហាល​មិនបាន​សម្លាប់​មេរោគ​នោះទេ វាគ្រាន់​តែហាល​ថ្ងៃ ទើបមិន​អាចសម្លាប់​មេរោគនេះ​នោះទេ ហេតុននេះ​អ្នក​ចូលចិត្ត​ញុំាលៀស​ហាល គឺ​ប្រឈមមុខ​ខ្ពស់​នឹងការ​កើតជំងឺ​នេះ។

លោកបន្តថា “ជំងឺ​គ្រុនពោះ​វៀន​ជា​ប្រភេទ​ជំងឺ​ឆ្លង​តាម​ចំណី​​អាហារ និង​មាន​​របៀប​ឆ្លង​ពីរ​បែប ​គឺការ​​ឆ្លង​ដោយ​ផ្ទាល់ និង​ការ​ឆ្លង​ដោយ​ប្រយោល។ការឆ្លង​​ដោយផ្ទាល់ គឺ​ឆ្លង​តាម​រយៈ​ដៃ ប្រសិន​ជា​អ្នក​ជំងឺ​លាង​ដៃ​​ក្រោយពេល​​បន្ទោរបង់​​មិនបាន​​ស្អាត​​ត្រឹមត្រូវ ហើយទៅ​កាន់​​អាហារ ឬធ្វើ​ម្ហូប​​ហើយ​មេរោគ​​ប្រទ្បាក់​​លើអាហារ​​នោះ អ្នកដទៃ​​យកមក​​ញុំានឹង​​ឆ្លងជំងឺនេះ ”។

ការឆ្លង​ដោយ​ប្រយោល ប្រសិនជា​គេយក​លាមក​របស់​អ្នកជំងឺ​ទៅស្រោច​បន្លែ ហើយគេ​យកបន្លែ​នោះមក​លក់លើ​ទីផ្សារ ហើយ​ប្រជាជន​ទិញយក​មក​បរិភោគ ដោយមិន​បាន​ចម្អិន​ត្រឹមត្រូវ នឹងធ្វើ​ឲ្យអ្នក​ញុំាបន្លែ​ឆៅនោះ​ឆ្លង​មេរោគនេះ ព្រោះ​មេរោគនេះ​រស់បាន​យូរនៅ​ក្រោម​ពន្លឺថ្ងៃ និង​រស់បាន​កាន់តែ​យូរពេលវា​នៅក្នុងទឹក។

រូបថត សហការី

រូបថត សហការី

ទាក់ទង​នឹងរោគសញ្ញា​របស់​ជំងឺនេះ លោក​វេជ្ជបណ្ឌិត នី ថា​រួម បាន​ឲ្យដឹង​ថា អ្នកកើត​ជំងឺនេះ​មានកំដៅ​ក្នុងខ្លួន​កើនទ្បើង​បន្តិចម្តងៗ​រហូតដល់​៤០​ដឺក្រេ។ អាការៈ​របស់​អ្នក​ជំងឺ ដូចជា​ដេក​មិន​លក់ អស់​កំលាំង ហូបបាយ​មិនបាន ពិសេស​មានឈឺ​ពោះអួលៗ ទល់​លាមក រាគ អណ្តាត​មាន​ព៌ណស និង​សញ្ញា​សំខាន់​មួយទៀត គឺគ្រូពេទ្យ​ចុចទៅ​ម្តុំកណ្តៀត​ក្អម គឺមាន​សម្លេង​ខ្យល់ខុស​ធម្មតា។ អ្នកជំងឺ​ខ្លះមាន​រោគសញ្ញា​សឺៗ ស្មឿកៗ ប៉ុន្តែ​អ្នកជំងឺខ្លះ​ទៀត​មិនមាន​រោគសញ្ញា​នោះទេ តែគេអាច​រកឃើញ​មេរោគ​នោះ តាមរយៈ​លាមក​របស់​អ្នកជំងឺ។​

បន្ទាប់ពី​​មាន​​រោគ​​សញ្ញា​​បីបួន​ថ្ងៃ ដល់មួយ​សប្តាហ៍ គឺកំដៅ​ក្នុងខ្លួន​របស់​អ្នកជំងឺ​ទ្បើងដល់​៤០ដឺក្រេ​ថេរ មិនថយ​ចុះនោះទេ ហើយ​ដំណាក់កាល​ធ្ងន់ធ្ងរ គឺអ្នក​ជំងឺ​មានដំបៅ​ក្នុងមាត់ និង​មាន​ស្នាមអុចៗ​ព៌ណផ្កា​ឈូក​នៅចំហៀង​ពោះ​របស់​អ្នកជំងឺ​ផងដែរ។ មិនមែន​ជំងឺនេះ​សាហាវ ប៉ុន្តែគ្មាន​ការ​ការពារ​មិនឲ្យ​ឆ្លងនោះ​ទេ គ្រប់ជំងឺ​សុទ្ឋតែ​មានវិធី​បង្ការ​ការពារ​មិនឲ្យ​ឆ្លងបាន​ផងដែរ។

លោកវេជ្ជបណ្ឌិត នី ថារួម បានឲ្យ​ដឹងថា អង្គការ​សុខភាព​ពិភពលោក បានធ្វើ​ការ​ណែនាំ​នូវវិធី​សាស្រ្តមួយ​ចំនួន ដើម្បី​បង្ការការ​ឆ្លងជំងឺនេះ ដូចជា ទី១ ត្រូវ​ឧស្សាហ៍​លាងដៃ ជាមួយ​សាប៊ូ​ឲ្យបាន​ស្អាត នៅមុន​ចំអិន​ម្ហូប និងមុន​ទទួលទាន​អាហារ ទី២ ប្រសិនជា​មានអ្នក​ជំងឺត្រូវ​ដាក់​អ្នកជំងឺ​ដាច់​ដោយទ្បែក ទី៣ ជំងឺនេះ​ឆ្លងតាម​ទឹក ហេតុនេះ​ត្រូវតែ​ប្រើប្រាស់​ទឹកស្អាត គឺទឹកដាំ​ទឹកឲ្យ​ពុះឲ្យ​បានមួយ​នាទី ទើបអាច​យកទឹក​នោះញុំា​បាន ប៉ុន្តែ​ប្រសិនជា​មានទឹក​ជំនន់ គឺគេប្រើ​ប្រាស់​ក្លរីនដាច់​ចូល​ក្នុងទឹក ដែលធ្វើ​ឲ្យទឹកនោះ​មាន​សុវត្ថិភាព អាច​ញុំា​បាន និង​ទី៤ ជៀសវាង​ចំណីអាហារ​ឆៅៗ បន្លែ ឬ​អាហារ​ឆៅ ។
លោកបន្ត​ថា នៅស្រុកគេ អ្នកធ្វើ​ចុងភៅ ប្រសិនជា​មានជំងឺ​នេះរ៉ាំរ៉ៃ គេមិន​ឲ្យចំអិន​ម្ហូបនោះទេ។ គេអនុញ្ញាត្ត​ឲ្យធ្វើ​ម្ហូប​ទ្បើងវិញ ទាល់តែ​អ្នកជំងឺ​ទទួល​ការ​ព្យាបាល និង​ធ្វើតេស្ត​រកមិន​ឃើញ​មេរោគ​នេះ​ចំនួន​បីដង ទើបគេ​អនុញ្ញាត្ត​ឲ្យធ្វើ​ទ្បើង​វិញ ប៉ុន្តែ​នៅកម្ពុជា​ប្រហែលជា​មិនមាន​ការកំណត់ ឬ​ក្រិតក្រម​តឹងរ៉ឹង​បែបនេះ​ទ្បើយ។

អ្នកណា​ប្រឈមមុខ​នឹងការ​ឆ្លង​ជំងឺនេះ​ច្រើន​ជាងគេ លោកវេជ្ជបណ្ឌិត នី ថារួម បានមាន​ប្រសាសន៍​ឲ្យដឹងថា អ្នកប្រឈម​នឹងជំងឺ​នេះច្រើន​ជាងគេ គឺ​អ្នករស់​នៅ​តំបន់​គ្មាន​អនាម័យ ពោល​ក្រុម​ប្រជាជន​ដែលមាន​ការយល់​ដឹងតិច​ពីការ​ធ្វើ​អនាម័យ។ នៅប្រទេសគេ ប្រសិនជា​មានផ្ទុះ​ជំងឺនេះ គេប្រកាស​តំបន់នោះ ហើយក្រុម​មន្រ្តីជំនាញ​នឹងចុះ​ទៅសំលាប់​មេរោគ​នៅតំបន់​នោះ ហើយប្រសិន​ជាតំបន់នោះ​ប្រជាជន​យកលាមក​ស្រោច​បន្លែ គេនឹង​មិន​អនុញ្ញាត្ត​ឲ្យយក​បន្លែនោះ​ចេញលក់​លើទីផ្សារ​នោះទេ៕

សូមតាមដានពត័មានលំអិតផ្សេងទៀត នៅលើគេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៤

Google Analytics Alternative