ជំងឺ​កន្ទាល​ត្រអាក ជាជំងឺ​តូចតាច

ទោះបីជា​វាកើតឡើង​ជាញឹកញាប់​ក៏ដោយ ជំងឺ​កន្ទាល​ត្រអាក​ត្រូវបាន​គេចាប់​អារម្មណ៍​តិចតួច​ពីសំណាក់​គ្រូពេទ្យ​ទូទៅ​ ជាពិសេស​គ្រូពេទ្យ​ឯកទេស​ខាងសើស្បែក ដោយចាត់​ទុកវា​ជាជំងឺ​តូចតាច និងទូទៅ។

រូបភាព ពីសហការី

រូបភាព ពីសហការី

ជាទូទៅ​១៥​ទៅ​២០​ភាគរយ នៃចំនួន​ប្រជាជន​មាន ឬធ្លាប់​មានបញ្ហា​ជំងឺ​កន្ទាល​ត្រអាក​យ៉ាងតិច​ម្តងដែរ។ អ្នកឯកទេស​ផ្នែកជំងឺ​សើរស្បែក​មកពី​ក្រុមហ៊ុន​សាណូហ្វី ដែលនាំចូល​ឱសថមក​លក់​នៅក្នុង​ប្រទេស​កម្ពុជា​បាន​ប្រាប់​វេបសាយ​សុខភាពកម្ពុជា​ថា កន្ទាល​ត្រអាក​ជាជំងឺ​សើស្បែក​ដែលសម្គាល់​បានដោយ​មានចំណុច​កន្ទួល​ក្រហម និងជា​ញឹកញាប់​រមាស់។ ជំងឺ​កន្ទាល​ត្រអាក​មានច្រើន​ប្រភេទ​ដូចជា៖ កន្ទាល​ត្រអាក​ស្រួចស្រាវ​ដែលមាន​រយៈពេល​មិនលើស​ពី៣សប្តាហ៍​ រហូត​ដល់​កន្ទាល​ត្រអាក​រ៉ាំរ៉ៃ​ដែលមា​​ន​រយៈពេល​យ៉ាងតិច​៦សប្តាហ៍។ ជំងឺកន្ទាល​ត្រអាក​រ៉ាំរ៉ៃ​បណ្តាលមក​ពីបញ្ហា​មួយចំនួន ដូចជា៖ រាងកាយ​ប្រតិកម្ម​នឹងទឹក​ត្រជាក់ ឬក្តៅ។ កន្ទាល​ត្រអាក​ដោយការ​ប៉ះពាល់​ជាមួយ​វត្ថុអ្វី​មួយ ដូចជា​ជាមួយ​សត្វ បន្លែ ឬថ្នាំ និង​ភាពទូទៅ​នៃសារធាតុ​បំប៉ន ថ្នាំបរិស្ថាន​។ល។

លោកវេជ្ជបណ្ឌិត លឹម ហ៊ុយ បានប្រាប់​ទៀតថា​អ្នកជំងឺ​កន្ទាល​ត្រអាក​រ៉ាំរ៉ៃ​តែងតែ​មានភាព​តប់ប្រមល់ និងរសាប់​រសល់។ទោះបីជា​អ្នកជំងឺ​ភាគច្រើន​មិនអាច​កំណត់រក​ឃើញ​មូលហេតុ​ពីខាងក្រៅ​ក្នុងការ​បង្កឲ្យ​មាន​ជំងឺនេះ​ក៏ដោយ ក៏មាន​កត្តា​ជាច្រើន​អាចធ្វើ​ឲ្យជំងឺ​នេះកាន់​តែធ្ងន់ធ្ងរ។ ការស្វែង​យល់ពី​មូលហេតុ​បង្ក និងការ​ជៀសវាង​ឲ្យផុត​ពីមូលហេតុ​ទាំងនេះ​ចំពោះ​បុគ្គល​ម្នាក់ៗ គឺជា​វិធីសាស្ត្រ​ដ៏ជោគជ័យ​ក្នុងការ​គ្រប់គ្រង​ព្យាបាល​ជំងឺ​កន្ទាល​ត្រអាក។ លោកបាន​បន្ថែមថា​ការអប់រំ​ដល់អ្នក​ជំងឺ គួរតែ​ចាប់ផ្តើម​តាំងពី​ពេលធ្វើ​រោគវិនិច្ឆ័យ​ជំងឺនេះ។

ក្នុងការ​​ព្យាបាល​ជំងឺនេះ គ្រូពេទ្យ​បានផ្តល់​អនុសាសន៍​ឲ្យប្រើថ្នាំ​អង់ទីហ៊ីស្តា​មីនជំនាន់​ទីពីរ ដែលមិន​សូវបង្ក​ឲ្យអ្នក​ជំងឺ​ងងុយ​គេង (ឧទាហរណ៍៖ fexofenadine, cetirizine, levocetirizine,loratidine, desloratidine) ជាជាង​អង់ទីហ៊ីស្តាមីន​ជំនាន់ទីមួយ (ឧទាហរណ៍៖ hydroxyzine, diphenhydramine, chlorpheniramine, ឬmizolastine)។

សូមតាមដានពត័មានលំអិតផ្សេងទៀត នៅលើគេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៤

Google Analytics Alternative