បុណ្យ​សែន​នំ​ព្រះខែ​ ជាពិធីបុណ្យធំចិន ទីពីរ

ពិធីបុណ្យពាក់កណ្តាលសរទរដូវ ឬបុណ្យសែននំព្រះខែជាពិធីបុណ្យប្រពៃណីចិននឹងឈាន ចូលមកដល់នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៤នេះ។ នៅប្រទេសចិន ព្រឹត្តិការណ៍ នេះគឺជា ពិធីបុណ្យធំទីពីរ ដែលមានថ្ងៃឈប់សម្រាកចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៨ ខែ កញ្ញានេះ។

រូបភាព ពី​ សហការី

រូបភាព ពី​ សហការី

យោងតាម​ឯកសារ​ចិន​បានឲ្យ​ដឹងថា​បុណ្យ​ពាក់​កណ្តាល​សរទរដូវ​ឈាន​ចូល​មក​ដល់​តាម​ប្រតិទិន​ចន្ទគតិ​ចិន គឺចំថ្ងៃទី​ដប់ប្រាំ​ក្នុងខែ​ទីប្រាំបី ដែលជាពិ​ធីបុណ្យ​​ធំលំដាប់​ទីពីរ បន្ទាប់ពីបុណ្យ​រដូវ​ផ្ការីក ឬ បុណ្យ​ចូលឆ្នាំ​ចិន។ ឈ្មោះ​បុណ្យ​មួយនេះ គឺយក​លំនាំ​ចេញពី​ការរៀប​ចំពិធី​បុណ្យ ដែលបាន​ប្រារព្ធ​ធ្វើនៅ​ពាក់​កណ្តាល​សរទ​រដូវ​ ដែល​សព្វថ្ងៃ​ប្រែក្លាយ​ឈ្មោះជា “បុណ្យ សែននំ​ព្រះខែ” វិញ។ បុណ្យពាក់​កណ្តាល​សរទ​រដូវ គឺជា​ទំនៀម​ទម្លាប់ ដែល​ថ្វាយ​​​តង្វាយ​ការគោរព​បូជា​ដល់​ព្រះចន្ទ។ ប្រជាជន​ចិនសម័យ​បុរាណ​បានសង្កេត​នូវចលនា​ព្រះចន្ទ្រ​ដែលមាន​ទំនាក់ទំនង​ទៅនឹង​ការផ្លាស់​ប្តូរ​រដូវ​កាល និង​ការ​ប្រមូល​ផលិត​ផល​កសិកម្ម។ ហេតុដូច្នេះ​ដើម្បី​សម្តែង​នូវការ​ដឹងគុណ​ចំពោះ​ព្រះចន្ទ្រ និង​អបអរ​ពិធី​រដូវ​ប្រមូល​ភោគ​ផល​កសិកម្ម ប្រជាជន​​ចិនបាន​រៀបចំ​សែន​តង្វាយ​ភោគ​ផល​កសិកម្ម​ដល់​ព្រះចន្ទ្រ​នៅកំឡុង​ថ្ងៃនៃ​សរទរដូវ។

ទំនៀម​​ទម្លាប់​​នេះ​​បាន​​កើត​​មាន​​ចាប់​​​​តាំង​ពីរជ្ជកាល​រាជវង្ស​ចូវ មុន​គ្រិស្ត​សករាជ ឆ្នាំ១០៤៦​-១២៥០ ហើយពិធី​បុណ្យនេះ ប្រារព្ធ​ធ្វើតែ​ក្នុងសាច់​ញាតិ​រាជវង្ស​ប៉ុណ្ណោះដែល​សម័យ​នោះមិនមាន​ប្រវត្តិ​កំណត់ត្រា​រក្សា ស្តីពី​ការរៀបចំ​ពិធី​បុណ្យ​នេះ​ឲ្យបាន​ច្បាស់​លាស់​ឡើយ។ ក្រោយមក​ក្នុងរជ្ជកាល​រាជ​វង្ស​សួយ​ក្នុង​គ្រិស្ត​សករាជ​ឆ្នាំ៥៨១​-៦១៨ និង​រជ្ជកាល​រាជវង្ស​ថាំង​ គ.ស​ឆ្នាំ ៦១៨-៩០៧ ដែលមាន​ភាពរុងរឿង ក្នុង​សង្គម​សេដ្ឋកិច្ច​វប្បធម៌ និង​មាន ជីវភាព​ធូរធារ បាន​ប្រណិប័តន៍ នូវទំនៀម​ទម្លាប់​ពិធី​ថ្លែង​អំណរ​គុណដល់​ព្រះចន្ទ្រ បានឈាន​ជ្រៀត​ចូលមក​ក្នុងមជ្ឈដ្ឋាន​ប្រជាជន​ទូទៅ និង​ក្រុម​រាជវង្ស​បាន​បន្ស៊ី​បញ្ចូល​គ្នា។ ពិធី​រៀបចំ​ពាក់កណ្តាល​សរទ​រដូវ របស់​ប្រជាជន គឺមាន​សេរីភាព​ច្រើនជាង​ពិធីរៀបចំ​ដោយក្រុម​រាជវង្ស ដោយមិន​បាន​ប្រកាន់​យកថ្ងៃ​ជាក់លាក់​សម្រាប់​ប្រារព្ធ​ពិធី​បុណ្យ​សរទ​រដូវ​ឡើយ។ ហេតុដូច្នេះ ទើបមាន​ការកំណត់​យកថ្ងៃ​ទីដប់​ប្រាំ ខែទី​ប្រាំបី តាម​ប្រតិទិន​ចន្ទគតិ​ចិន គឺជា​ថ្ងៃមាន​ខែពេញ​វង់យក​មកធ្វើ​ជាថ្ងៃ​សែន​តង្វាយ​ដល់​ព្រះ​ចន្ទ្រ ព្រឹត្តិការណ៍​នេះ គឺបាន​កើតឡើង​នៅក្នុង​រជ្ជកាល​រាជវង្ស​ថាំង។ នាសម័យ​នោះផងដែរ ​នៅក្នុង​សម័យ​រាជវង្សសុង​ខាងជើង គ.សឆ្នាំ​៩៦០-​១១២៧ បុណ្យ​ពាក់​កណ្តាល​សរទ​រដូវ បានក្លាយ​ជាពិធី​បុណ្យ​ប្រពៃណី​យ៉ាងទូលំ​ទូលាយ​ រួចជា​ស្រេច​ទៅហើយ។

រូបភាព ពី​ សហការី

រូបភាព ពី​ សហការី

តាមទំនៀម​ទម្លាប់​ប្រពៃណី​ចិន នៅថ្ងៃ​បុណ្យនេះ​ក្រុម​សមាជិក​គ្រួសារ​ជួបជុំគ្នា​ដោយរៀប​ចំតង្វាយ​សែន​ព្រះចន្ទ្រ ដោយកោត​សរសើរ​រស្មីព្រះ​ចន្ទ្រពេញ​វង់​ ដោយពន្លឺ​ត្រចះ​ត្រចង់, បរិភោគ​នំព្រះខែ និងបួងសួង​សុំសេចក្តី​សុខសប្បាយ​ដល់ញាតិ​មិត្តភក្តិ​ដែលរស់​នៅជិត​ឆ្ងាយឲ្យ​មានសេចក្តី​សុខសប្បាយ, អាយុ​យឺនយូរ និង​ប្រកប​ដោយ​សេចក្តី​សុខ​ចម្រើន។ ក្រៅពី​នោះមាន​ទំនៀម​ទម្លាប់ខ្លះ​បានរៀបចំ​អុជ​ចង្កៀង​គោម និង រាំរបាំ​នាគ របាំតោ (លោត​ម៉ុង​សាយ) យោង​តាម​ភូមិភាគ​ខ្លះ។ ទំនៀម​ទម្លាប់នេះ គឺអាស្រ័យ​លើការ​ប្រកាន់​យកតាម​ការប្រតិបត្តិ​ជាប្រពៃណី​ក្នុងបណ្តា​ជនជាតិ​ភាគតិច​នីមួយៗ ដូចជា​សម្រាប់​ប្រពៃណី​ជនជាតិ​ម៉ុងហ្គោល បានរៀប​ចំ “ពិធី ដេញចាប់​ព្រះចន្ទ្រ” និង “ពិធីលួច​បន្លែ​ផ្លែ​ឈើ” ក្នុងទំនៀម​ទម្លាប់​ជនជាតិ​តុង​ជាដើម។

នំសែន​ព្រះខែ គឺជា​អាហារ​ពិសេស​សម្រាប់​ឱកាស​បុណ្យ​ពាក់​កណ្តាល​សរទ​រដូវ។ នៅថ្ងៃ​បុណ្យ​មនុស្ស​បាន​រៀប​តង្វាយ​នំសែន​ព្រះខែ និងមាន​ពិធី​បរិភោគ​នំ​ព្រះខែ។ នំសែន​ព្រះខែ​មាន​រសជាតិ និង​ទម្រង់​ផ្សេងៗ​គ្នា​តាម​ចំណូល​ចិត្តក្នុង​ភូមិភាគ។ ជាទូទៅ​នំព្រះខែ​មាន​រាង​មូល ដែលជា និមិត្ត​រូប​នៃការ​ជួបជុំ​សមាជិក​ក្រុម​គ្រួសារ ហេតុនេះ​ការអង្គុយ​ជួបជុំគ្នា​បរិភោគ​នំព្រះខែ​ក្រោម​ពន្លឺ​ព្រះចន្ទ្រ​ពេញវង់ គឺបាន​ធ្វើ ឲ្យនឹក​រលឹក​ដល់​ញាតិ​មិត្ត​ដែល​ស្ថិត​នៅទី​ឆ្ងាយ។ សព្វថ្ងៃ​ មនុស្សម្នា​បាន​យក​នំសែន​ព្រះខែ​ធ្វើអំណោយ​ ដល់ញាតិ​មិត្ត និង បាន​បង្ហាញ​ការបួង​សួងឲ្យ​មាន​សេចក្តី​សុខ​សប្បាយ។

សូមតាមដានពត័មានលំអិតផ្សេងទៀត នៅលើគេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៤

Google Analytics Alternative