AIS រៀបចំ​ប្រារព​ទិវា​បរិស្ថាន ​សម្អាត​អនាម័យ​តាម​ដង​ផ្លូវ

ក្នុង​គោលដៅ​ចូលរួម​សំំអាត​បរិស្ថាន​នៅក្រុង​ភ្នំពេញ និង​បំផុស​ប្រ​ជា​ពលរដ្ឋ ឲ្យមាន​ការយល់​ដឹងពី​ការរស់​នៅក្នុង​បរិស្ថាន​ល្អ សាលារៀន និង​វិទ្យាស្ថាន​អន្តរជាតិ​អាមេរិកាំង​បាន​ប្រារព​ទិវាបរិស្ថាន ដោយមាន​ការចូលរួម​ពីសិស្សានុសិស្ស​ជាង​៥០០​នាក់​ បុគ្គលិក និង​អ្នកពាក់ព័ន្ឋ​ប្រមាណ​២០០នាក់​បន្ថែម​ទៀត។

រូបភាពពី គេហទំព័រ សុខភាពកម្ពុជា

រូបភាពពី គេហទំព័រ សុខភាពកម្ពុជា

អ្នកចូលរួម​ក្នុងកម្ម​វិធីនេះ បានបែង​ចែក​ចំនួន​៨ក្រុម​ទៅតាម​គោលដៅ​សំខាន់ៗ​ចំនួនបី ដូចជា ទី១ តំបន់​ទីក្រុង​រណបខាមខូ​ស៊ីធី ទី២ តំបន់​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា និងទី៣ តំបន់​ទួលគោក​ក្នុង​សង្កាត់​បឹងកក់១ ខ័ណ្ឌ​ទួលគោក។ សិស្សានុសិស្ស​ទាំងនេះ នឹងចូលរួម​រើស​សម្រាម និង​ធ្វើអនាម័យ​តាមដង​ផ្លូវក៏​ដូចជា ចូលរួម​បំផុស​ប្រជាពលរដ្ឋ ឲ្យមាន​ការយល់ដឹង​ពីការរស់​នៅ​ក្នុង​បរិស្ថាន​ល្អ។

លោក ធន សុភ័ក្រ អនុប្រធាន​នាយក​អប់រំ​ទទួល​បន្ទុក​កិច្ចការ​អប់រំ និងជា​ចាងហ្វាង​មធ្យម​សិក្សា​ទុតិយ​ភូមិ បានមាន​ប្រសាសន៍​ក្នុងពិធី​បើកទិវា​បរិស្ថាននា​ព្រឹកថ្ងៃទី៦ កញ្ញានេះ ថា វិទ្យាស្ថាន និងសាលារៀន​អន្តរ​ទ្វីប​អាមេរិកាំង​ ប្រារពនូវ​ទិវា​បរិស្ថាន​នេះទ្បើង ក្នុងទិសដៅ​បំផុស​ស្មារតី​ប្រជាជន​ក្នុង​សហគមន៍​ឲ្យរួម​ចំណែក ក្នុងការ​សម្អាត​បរិស្ថាន​ប្រចាំថ្ងៃ ដោយចេះ​វេចខ្ចប់ និងទុក​ដាក់សំរាម​ឲ្យបាន​ត្រឹមត្រូវ​ចូលរួម​លើកកំពស់​បរិស្ថាន​រស់នៅ កាត់បន្ថយ​ការបំរែ​បំរួល​អាកាសធាតុ ផ្តល់ជា​គំរូល្អ​ដល់សាធារណៈជន លុបបំបាត់​ទម្លាប់​ចោល​សំរាម​ក្នុងធុង កាត់បន្ថយ​ការបោះ​ចោល​សំរាម​តាមដង​វិថី ដែលនាំ​ឲ្យប៉ះពាល់​ដល់បរិស្ថាន​ធម្មជាតិ និង​សោភ័ណភាព​ទីក្រុង​របស់​យើង។

រូបភាពពី គេហទំព័រ សុខភាពកម្ពុជា

រូបភាពពី គេហទំព័រ សុខភាពកម្ពុជា

លោកបន្ត​ថា “វិទ្យាស្ថាន និង​សាលារៀន​អន្តរ​ទ្វីប​អាមេរិកាំង បានផ្សារ​ភ្ជាប់ការ​អប់រំ​របស់​សិស្សានុ​សិស្ស ទៅនឹង​បរិស្ថាន​ដ៏ស្រស់​បំព្រង​ក្នុង​សហគមន៍​ជុំវិញ ហើយចាត់​​ទុក​សកម្មភាពនេះ​ជាទម្លាប់​ដ៏ល្អ និងត្រូវ​ធ្វើជា​ប្រចាំ​ក្នុងការងារ​ប្រចាំថ្ងៃ​របស់យើង ដោយផ្តើម​ចេញពី​យើងទាំង​អស់គ្នា”។

លោក ប៉ាង លីដា អភិបាលរង​ខ័ណ្ឌទួលគោក ដែលបាន​ចូលរួមជា​អធិបតី​ក្នុងពិធី​បានមាន​ប្រសាសន៍​សម្តែង​ការកោត​សរសើរ ដល់វិទ្យាស្ថាន និង​សាលារៀន​អន្តរទ្វីប​អាមេរិកាំង ដែលបាន​ផ្តល់នូវ​សេវាអប់រំ​ប្រកប​ដោយ​គុណភាព និង​បានបង្កើត​កម្មវិធី​ផ្សេងៗ​ជាច្រើន ដើម្បី​ចូលរួម​លើកកំពស់ និងការ​រួមចំណែក​អភិវឌ្ឈន៍​សង្គម​ជាតិ។ លោក​បន្តថា បរិស្ថាន​ល្អ ងាយស្រួល​ធ្វើឲ្យ​យើងអភិវឌ្ឈន៍​វិស័យទេសចរណ៍ សេដ្ឋកិច្ច និងសង្គម។ ដោយ​យល់​ឃើញ​បែបនេះ ខ័ណ្ឌ​ទួលគោក បាន និង​កំពុង​ចូលរួម​យ៉ាងសកម្ម​ក្នុងការលើក​កំពស់​បរិស្ថាន ដូចជា​ផាកពិន័យ​អ្នកបោះ​ចោល​សំរាម​ពាសវាល​ពាសកាល និង​មានកម្មវិធី​អប់រំ​បរិស្ថាន​ជាច្រើន​ទៀត​ជាដើម។

លោកបន្តថា “ចូលរួម​សម្អាត​បរិស្ថាន​ទាំងអស់​គ្នា គឺដើម្បី​ផលប្រយោជន៍​ទាំងអស់​គ្នា ហើយយើង​ត្រូវចូលរួម​ទទួលខុស​ត្រូវទាំងអស់​គ្នា នឹងធ្វើ​ឲ្យយើង
រស់នៅ​ក្នុង​បរិស្ថាន​ល្អ និង​មានសុខភាព​ល្អទាំងអស់គ្នា”។

សូមតាមដានពត័មានលំអិតផ្សេងទៀត នៅលើគេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៤

Google Analytics Alternative