មន្ត្រីសុខាភិបាល​ត្រួតពិនិត្យ​រកជំងឺ Ebola លើភ្ញៀវ​បរទេស​ចូល​មក​កម្ពុជា

ក្រោយពី​ផ្ទុះជំងឺ​ឆ្លង​អេបូឡា​នៅតាម​បណ្តា​ប្រទេស​មួយចំនួន​រួចមក ក្រសួង​សុខាភិបាល​បានចាត់​ឲ្យមន្ត្រី​ជំនាញ​នៃជំងឺឆ្លង​បង្កើន​ការយក​ចិត្តទុក​ដាក់ត្រួត​ពិនិត្យ​សុខភាព​ទៅលើ​ក្រុម​ភ្ញៀវទេសចរ​បរទេសណា ដែលធ្វើ​ដំណើរ​ឆ្លងកាត់​ប្រទេស​ជាច្រើន​ចូលមក​កម្ពុជា។

រូបភាព ពី Internet

រូបភាព ពី Internet

ក្នុងការទប់​ស្កាត់​ជំងឺអេបូឡានេះ ​ក្រសួង​សុខាភិបាល​បានដាក់​ម៉ាស៊ីន​ស្កេន​នៅតាម​ច្រកចេញ​ចូល​ព្រលាន​យន្តហោះ​ពោធិចិន​តុង​ ព្រលាន​យន្តហោះ​ខេត្ត​សៀមរាប និងច្រក​ចេញចូល​ប៉ោយប៉ែត​ជាប់ព្រំ​ប្រទល់​ប្រទេស​ថៃ។ដោយដាក់​ភ្នាក់ងារ​សុខាភិបាល​ក្នុងច្រក​នីមួយៗ​ពី៣ទៅ៤នាក់ ដើម្បី​ត្រួត​ពិនិត្យ​​អ្នកដំណើរ​ចេញចូល​តាមច្រក​ខាងលើ​នេះ។ការចុះការ​ដាក់​ម៉ាស៊ីន​ស្កេន​កំដៅ​រករោគ​សញ្ញា​ជំងឺ​អេបូឡា​នេះ​ដើម្បី​ពង្រីក​ការងារ​ប្រព័ន្ធ​ការពារ​ដែលមាន​ស្រាប់ និងរៀបចំ​ប្រព័ន្ធ​តាមដាន​ និងឆ្លើយ​តបគោរព​តាមនិតិ​ស្តង់ដា​សំដៅ​ការពារ​សុវត្តិភាព និង​សន្តិសុខ​ជួនប្រជា​ពលរដ្ឋ​យើងកុំ​ឲ្យឆ្លង​ជំងឺ​ដ៏កាច​សាហាវនេះ។ រហូតមក​ដល់ពេល​នេះ នៅកម្ពុជា​នៅមិន​ទាន់មាន​ករណី​សង្ស័យ ឬឆ្លង​ជំងឺ​អេបូឡា​នៅឡើយ​ទេ។

លោក ឡាច អូន មន្ត្រី​ចត្តាឡឺស័ក នៃនាយកដ្ឋាន​ជំងឺឆ្លង​ក្រសួង​សុខាភិបាល​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​បានប្រាប់​វេបសាយ​សុខភាពកម្ពុជា ឲ្យដឹង​ថាក្រុម​មន្ត្រី​ជំនាញ​បានបង្កើន​ការយកចិត្ត​ទុកដាក់​យ៉ាងខ្លាំង​ក្នុងការ​ត្រួត​ពិនិត្យ​សុខភាព​ទៅលើ​ក្រុមភ្ញៀវ​ទេសចរ​បរទេសណា ដែលធ្វើ​ដំណើរ​ឆ្លងកាត់​ប្រទេស​ជាច្រើន​នោះ។ លោកបាន​ឲ្យដឹង​ទៀតថា​មន្ដ្រី​ជំនាញ​បានប្រើ​ឧបករណ៍​វាស់កំដៅ​បាញ់​ពន្លឺចំ​ថ្ងាស​មនុស្ស​ បើសង្ស័យ​នឹងនាំ​ទៅបន្ទប់​មានម៉ាស៊ីន​ស្កេន​បន្ថែម​ទៀត។តាំងពី​ជំងឺ​អេបូឡា​បានផ្ទុះ​ឡើងនៅ​បណ្តា​ប្រទេស​មួយចំនួន​ក្នុងទ្វីប​អាហ្វ្រិក​មក​ ក្រុមមន្ដ្រី​មកពី​ក្រសួង និងពី​មន្ទីរ​សុខាភិបាល​ការិយាល័យ​ស្រុក​ប្រតិបត្តិ​ប៉ោយប៉ែត បានដាក់​កម្លាំង​ចំនួន​៦នាក់ ប្រចាំ​វេន​ត្រួត​ពិនិត្យ​លើភ្ញៀវ​ចូលប្រទេស​ ក្នុងមួយថ្ងៃៗ មានពី​២០០​ទៅ​៤០០​នាក់ ដោយ​ត្រួត​ពិនិត្យ​លើ​កំដៅ​ក្នុងខ្លួន​របស់​ភ្ញៀវ​ត្រឹម​កម្រិត​៣៨​អង្សារ។ លោកបន្តថា បើក្ដៅ​លើសនេះ​ យើងត្រួត​ពិនិត្យ​ដោយឲ្យ​ពួកគេ​អង្គុយ និង​ពិសាទឹក ព្រោះកំដៅ​ក្នុងខ្លួន​ខ្លះ​បណ្ដាល​មកពី​ការហត់ និង​ត្រូវ​កំដៅ​ថ្ងៃខ្លាំង។

រូបភាព ពី Internet

រូបភាព ពី Internet

បញ្ហានេះ​ បានធ្វើ​ឲ្យ​ចំនួន​ភ្ញៀវ​ទេសចរណ៍​ដែលឆ្លង​កាត់តាម​ច្រកព្រំ​ដែល​ប៉ោយប៉ែត​មានការ​ថយចុះ​ផងដែរ។ លោក ជង់ ឡឹម ប្រធាន​មន្ទីរទេសចរណ៍​ខេត្តបន្ទាយ​មានជ័យ បានឲ្យ​ដឹងថា ឥទ្ធិពល​អាក្រក់​នៃជំងឺ​ឆ្លង​អេបូឡា ដែលគេ​ព្រួយបារម្ភ​ជុំវិញ​ពិភពលោក​នោះបង្ក​ផលប៉ះ​ពាល់​អវិជ្ជមាន ដល់​ចំនួន​ភ្ញៀវ​ទេសចរ​ឆ្លងកាត់​ច្រកទ្វារ​ព្រំដែន​ប៉ោយប៉ែត។ កត្តា​ជំងឺ​អេបូឡា និង​រដូវ​ភ្លៀងធ្លាក់ នាំឲ្យ​ចំនួន​ភ្ញៀវទេសចរ​ចេញចូល​ច្រកនេះ​ធ្លាក់ចុះ ពីចំនួន​​ជាង១.២០០​នាក់មក​នៅត្រឹម​ជាង​៩០០​នាក់​ ក្នុង​មួយ​ថ្ងៃ។ ដើម្បី​ទាក់ទាញ​ជំនឿ​ទុកចិត្តពី​ភ្ញៀវទេសចរ​ចូលមក​តាម​ច្រក​នេះ យើងបាន​ពង្រឹង​ក្រុមហ៊ុន​ចំណត​ខ្លី​ទាំងពីរ ដែលមាន​រថយន្ដ​ដឹក​ជញ្ជូន​ភ្ញៀវ ត្រូវ​យក​ចិត្ត​ទុកដាក់​ចំពោះ​បញ្ហានេះ។

លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាន​នាយក​ដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង ធ្លាប់មាន ប្រសាសន៍​ថា មេរោគ អេបូឡា (Ebola) គឺ ជាមេរោគ​វីរុស​មួយ​ប្រភេទ ដែលបង្ក​ជំងឺ​ដូចគ្នា​នឹង​ជំងឺ​គ្រុនឈាម​ដែរ ប៉ុន្តែ​មេរោគ​គ្រុន​ឈាម​នៅ​ប្រទេស​កម្ពុជា ឆ្លង​តាម​សត្វមូស រីឯ​មេរោគ​គ្រុនឈាម​អេបូឡា​ឆ្លង តាម​រយៈ​សត្វ​ជ្រឹង និង​សត្វស្វា ហើយឆ្លង​មក​មនុស្ស។

រូបភាព ពី Internet

រូបភាព ពី Internet

លោក​វេជ្ជបណ្ឌិត​បញ្ជាក់ពី​ប្រវត្តិ​ជំងឺឲ្យ​ដឹងថា មេរោគ អេបូឡា​ធ្លាប់រាត​ត្បាត​ជាច្រើន​លើក​នៅទ្វីប​អាហ្វ្រិក បន្ទាប់ពី​ការបង្ហាញ​ខ្លួនដំបូង​កាលពី​ឆ្នាំ​១៩៧៦។ យូរៗ ជំងឺ​គ្រុន​ឈាម​អេបូឡា ផ្ទុះឡើង​ម្ដង ហើយ​នៅឆ្នាំ​២០១៤ នេះ​ករណី ជំងឺ​អេបូឡា​កើតមាន​លើកដំបូង​នៅក្នុង​ទ្វីប​អាហ្វ្រិក កាលពី​ចុង​ខែ​មីនា។ ក្រសួង​សុខាភិបាល​វាយតម្លៃ​ថា ការបង្ក​ហានិភ័យ​ដល់​សុខភាព​សាធារណៈ​របស់​ជំងឺ​អេបូឡា ចំពោះ​ប្រទេស​កម្ពុជា​នៅមាន​កម្រិត​ទាប នៅ​ឡើយ​ ដោយសារ​តែការ​ចម្លង​របស់​ជំងឺនេះពីមនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត ឆ្លង​តាម​ការ​ប៉ះពាល់​ជាមួយ​ឈាម ឬ​វត្ថុរាវ​នៃរាងកាយ​អ្នក​ដែល​ឆ្លង​មេរោគ។ ម្យ៉ាងទៀត​ការធ្វើ​ដំណើរ​ទៅ​ទ្វីប​អាហ្វ្រិក ​ដែលជា​កន្លែង​ផ្ទុះ​ជំងឺ​អេបូឡា​នេះ ក៏មាន​តិចនៅ​ឡើយ​ក្នុងពេល​បច្ចុប្បន្ន​នេះ។

លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ ពន្យល់ថា របៀបឆ្លង​របស់​មេរោគ​វីរុស​អេបូឡា​ពីមនុស្ស ម្នាក់​ទៅ​មនុស្ស​ម្នាក់​បាន គឺតាម​រយៈការ​ប៉ះពាល់​ឈាម ទឹករងៃ ឬ​វត្ថុរាវ​ពីរាង​កាយ របស់​អ្នកជំងឺ។ លោក​វេជ្ជបណ្ឌិត មាន​ប្រសាសន៍​ថា ករណី​ជាច្រើនទៀត​ឆ្លង​នៅពេល​ធ្វើបុណ្យ​សព ពេល​ដែល​ប៉ះពាល់ ឬ ថើប​សព​អ្នក​ជំងឺ។ ក៏ប៉ុន្តែ​លោក​បញ្ជាក់ថា មេរោគ​គ្រុនឈាម អេបូឡា​មិនឆ្លង​តាមខ្យល់ ដោយ​ការក្អក ឬតាម​ចំណី​អាហារ និង​ទឹកទេ។

សូមតាមដានព័ត៌មានលំអិតអំពី Ebola នៅលើគេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៤

Google Analytics Alternative