នាយករដ្ឋមន្រ្តី​ស្វាគមន៍​សិស្ស​ឆ្នើម​ទាំង​១១​រូប នៅ​វិមាន​សន្តិភាព

ជាការ​​យកចិត្ត​​ទុកដាក់ និង​​ផ្តល់ការ​​លើក​ទឹក​​ចិត្ត​​ចំពោះ​​សិស្ស​ឆ្នើ ប្រមុខ​រាជ​រដ្ឋាភិបាល សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី នៃព្រះរាជា​ណាចក្រ​កម្ពុជា បានផ្តល់​កិត្តិយស​អនុញ្ញាតិ​ឲ្យសិស្ស​ឆ្នើម​ដែល​ទទួល​បាន​ជ័យ​លាភី​និទ្ទេស A ចំនួន​១១រូប សម្រាប់​ការប្រឡង សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ នៅទូទាំង​ប្រទេស​ក្នុងឆ្នាំ​២០១៤ ចូលជួប​ដោយ​ផ្ទាល់​ជាមួយ​សម្តេច​នៅវិមាន​​សន្តិភាព​នៃទីស្តី​ការ​គណរដ្ឋ​មន្រ្តី នៅ​រសៀល​ថ្ងៃទី​៥ កញ្ញា​នេះ។

hun sen and 11 students 1

សិស្ស១១នាក់ ជួប សម្តេច ហ៊ុន សែន

តាមការ​ឲ្យដឹងពី លោក ហ៊ុន ម៉ានី សមាជិក​សភា និង​ជាកូន​ប្រុសម្នាក់​របស់​សម្តេច​នាយក​រដ្ឋមន្រ្តី នៅក្នុង​ពិធីជួប​មុខគ្នា​និងប្រគល់​សៀវភៅ​រវាង​សិស្សឆ្នើម​ទាំង១១​នាក់ និង​លោក ពុយ គា ជាអ្នក​ឆ្លើយឆ្លង​ព័ត៌មាន​ក្យូដូ​ប្រចាំ​នៅប្រទេស​កម្ពុជា និង​ជាទី​ប្រឹក្សា សាកល​វិទ្យាល័យ​អាមេរិកកាំង​ភ្នំពេញ ក៏ដូចជា​ថ្នាក់​ដឹកនាំ​ នៅព្រឹក​ថ្ងៃទី៥ ខែកញ្ញានេះ ថា សម្តេច នាយករដ្ឋមន្រ្តី លោកបាន​ពេញចិត្ត​យ៉ាងខ្លាំង​ចំពោះជ័យ​លាភី​ដែលប្អូនៗ​ទទួលបាន​នៅពេល​នេះ និង​បាន​អនុញ្ញាត​ឲ្យខ្ញុំ​មកអញ្ជើញ​ប្អូនៗ​ទាំង​១១​នាក់ ទៅចូលរួម​ជួប​ជាមួយ​សម្តេច​ដោយផ្ទាល់​នៅល្ងាច​នេះ​នាវិមាន​សន្តិភាព។

hun sen and 11 students

សិស្ស១១នាក់ ជួប សម្តេច ហ៊ុន សែន

លោកបាន​បញ្ចាក់ថា ការជួប​នេះមិនមាន​អ្វីជា​ពិសេស​ក្រៅពី​ការយក​ចិត្ត​ទុកដាក់ និង​កោត​សរសើរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ពីសំណាក់​ប្អូនៗ​ទាំងអស់ និង​មាន​ប្រសាសន៍​សំណេះ​សំណាល​ជាមួយ​ប្អូនៗ​ ជាសិស្ស​ឆ្នើម ព្រមទាំង​ផ្តល់​អនុសាសន៍​មួយចំនួន​បន្ថែម​ សម្រាប់​ជាទុន​ក្នុងការ​សិក្សា​ទៅមុខ​ទៀត ព្រោះអ្នក​ទាំងអស់​គ្នា​ជាធនធាន​ដ៏សំខាន់​របស់​ប្រទេស​ជាតិ ដែល​សម្តេច​តែងតែ​យកចិត្ត​ទុកដាក់​យ៉ាងខ្លាំង​ចំពោះ​វិស័យ​អប់រំ ក៏ដូចជា​ការពង្រឹង​ពង្រីក​នូវធនធាន​មនុស្ស​នៅ​កម្ពុជា។

រូបភាព ពី​ សហការី

រូបភាព ពី​ សហការី

ជាមួយ​គ្នានោះ សម្តេច​នាយក​រដ្ឋមន្រ្តី​ក៏បាន​រៀបចំ​ឲ្យសិស្ស​ឆ្នើម​ទាំងអស់ ធ្វើ​ទស្សន​កិច្ច គ្រប់ទី​កន្លែង​នៅវិមាន​សន្តិភាព​នៃទីស្តីការ​គណៈ​រដ្ឋមន្រ្តី​របស់​យើង​ទាំងមូល ដែលជា​កន្លែង​ដ៏សំខាន់​បំផុត និងឲ្យ​ប្អូនៗ​បាន​មើល​ឃើញ​ថា តើ​ប្រទេស​កម្ពុជា​យើង​បាន​វិវត្តន៍​ដល់​ដំណាក់​កាលណា​ហើយ កន្លែងនេះ ធ្លាប់​ធ្វើជា​ម្ចាស់ផ្ទះ ជាប្រធាន​អាស៊ាន​នៅឆ្នាំ​២០១២ ដែលថ្នាក់​ដឹកនាំ​អន្តរជាតិគេ​បានទទួល​ស្គាល់ជា​ស្នាដៃ​របស់​ខ្មែរយើង ។ ហើយ​ទស្សនកិច្ច​នេះផងដែរ​ក៏ចង់​ឲ្យអ្នក​ទាំងអស់​គ្នាយល់ និង បានឃើញ​ថាសមិទ្ធិផល​ទាំងនោះ​ចេញពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់យើង​ទាំងអស់​គ្នា ពិសេស​ដើម្បី​ឲ្យប្អូនៗ​ទាំងអស់​គ្នា​ខិតខំ​រៀនសូត្រ​បន្តទៀត ព្រោះប្អូនៗ​ជាសក្តានុពល​ ដែលអាច​ចូលទៅ​ធ្វើការ​នៅទីនោះ​នាពេល​អនាគត​ទាំងអស់គ្នា។

សូមបញ្ជាក់ថា ក្នុងពិធី​ជួបមុខគ្នា​នៅព្រឹកមិញ​នេះដែរ សិស្ស​ឆ្នើម​ទាំង​១១រូប ក៏បាន​ទទួលនូវ​សៀវភៅ​មួយឈុត មាន​១០ក្បាល ជាស្នាដៃ​និពន្ធ និងបោះពុម្ព​ដោយ​លោក ពុយ គា ព្រមទាំង​កាដូ​អនុស្សាវរីយ៍​ពីមីក្រូ​ហិរញ្ញវត្ថុ វីហ្សិន​ក្វាន់ និងលោក ផៃ វណ្ណៈ ជូនប្អូនៗ​ដោយផ្ទាល់ ហើយ សកលវិទ្យា​អាមេរិកាំង​ភ្នំពេញ បើកទ្វារ​ចំហរចាំ​ទទួលប្អូន​មកធ្វើ​តេស ដើម្បី​ទទួល​បានអាហារ​រូបករណ៍​ចូលរៀន​នៅទីនេះ​រយៈពេល​៤ឆ្នាំ​ផងដែរ៕

សូមតាមដានពត័មានលំអិតផ្សេងទៀត នៅលើគេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៤

Google Analytics Alternative