អាជ្ញាធរ​ខេត្ត​បន្ទាយ​មានជ័យ ស្នើឲ្យ​ភាគីថៃ​ជួយផ្តល់​ព័ត៌មាន ពីបញ្ហា​ជម្ងឺ​អេបូឡា

ស្របពេល​ដែលជំងឺ​អេបូឡា​កំពុងតែ​រាតត្បាត និង​សំលាប់​មនុស្ស​រាប់ពាន់​នាក់​នៅក្នុង​ប្រទេស​អាហ្រ្វិក​មួយចំនួន និង​ម្យ៉ាងទៀត​ព្រំដែន​នៃប្រទេស​ទាំងពីរ​ជាប់គ្នា​ទៀត នោះ​អាជ្ញាធរ​ខេត្ត​បន្ទាយ​មានជ័យ​បានធ្វើ​ការ​ស្នើសុំ​ទៅ​អាជ្ញាធរ​ខេត្ត​ស្រះកែវ នៃ​ប្រទេស​ថៃជួយ​ផ្តល់​ព័ត៌មាន​ទៅវិញ ទៅមក​អំពី​បញ្ហា​ជម្ងឺ​អេបូឡា

Ebola banteay mean chey 5 sept 2014

រូបភាពពី គេហទំព័រ សុខភាពកម្ពុជា

ការស្នើសុំ​របស់​អាជ្ញាធរ​ខេត្ត​បន្ទាយ​មានជ័យ​នេះបាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៤នេះ នៅក្នុងកិច្ច​ប្រជុំមួយ​នៅសាលា​ខេត្ត​បន្ទាយ​មានជ័យ ដើម្បី​រួមគ្នា​ដោះស្រាយ​បញ្ហា ប្រឈម​នៅ​តាមខ្សែ បន្ទាត់ព្រំដែន ក៏ដូចជា​ការទប់ស្កាត់​ពលករខ្មែរ​ឆ្លងដែន​ខុសច្បាប់ និង​បញ្ហា​គ្រឿងញៀន​ឆ្លងដែន​ខុសច្បាប់​ជាដើម ដោយមាន​​លោក គោ ស៊ុំសារឿត អភិបាល ខេត្ត​បន្ទាយ​មានជ័យ និង​លោក ឆៃផាត់ ហ៊ីរ៉ាន់យ៉ា​ឡេកហា អភិបាលរង​ខេត្ត ខេត្ត​ស្រះកែវ។

នៅក្នុង​​កិច្ច​​ប្រជុំ​នោះ ​លោក ឆៃផាត់ ហ៊ីរ៉ាន់យ៉ា​ឡេកហា អភិបាលរង​ខេត្តស្រះ​កែវ បាន​សំណូមពរ​ឱ្យអាជ្ញាធរ​ខេត្តបន្ទាយ​មានជ័យ ជួយ​ទប់ស្កាត់ ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់ និង​សហ​ប្រតិបត្តិ​ការគ្នា​ទប់ស្កាត់​បង្ក្រាប​គ្រឿង​ញៀន ឆ្លងដែន​ខុសច្បាប់​ និង​ទប់ស្កាត់​បង្ក្រាប​លើក្រុម​មេខ្យល់​នាំពលករ​ឆ្លងដែន​ធ្វើប័ណ្ណ​ឆ្លងដែន និង​លិខិត​ឆ្លងដែន​ក្លែងក្លាយ​ខុសច្បាប់​ផងដែរ ។ លោកក៏​បាន​សំណូម​ពរ ឱ្យមាន​ការដោះ​ស្រាយ​បញ្ហា ប្រឈមនានា​នៅតាម​ព្រំដែន​រវាង​ខេត្ត​ទាំង២ ធ្វើ​យ៉ាង​ណាឱ្យ​ការ​ដោះ​ស្រាយ​នោះ ឈរ​លើ​គោល​ការណ៍ តាម​សន្តិវិធី និងផ្តល់​ព័ត៌មាន​គ្នាទៅវិញ​ទៅមក អំពី​សកម្មភាព នៃការ​ប្រព្រឹត្ត​បទល្មើស​ឆ្លងដែន​ខុសច្បាប់ ។

ជាការ​ឆ្លើយត លោក គោស៊ុំ សារឿត អភិបាល​ខេត្ត​បន្ទាយ​មានជ័យ​បានលើក​ឡើងថា អាជ្ញាធរ​កម្ពុជា​តែងតែ​មានការ​លើក​ទឹកចិត្ត​ដល់​ពលក​រ​ខ្មែរ​ឱ្យ​ចូលទៅ​ធ្វើ​ការងារ​ក្នុង​ប្រទេស​ថៃ​តាម​ស្រប​ច្បាប់​ ក្នុងនោះ​រាជ​រដ្ឋាភិបាល​កម្ពុជា​ក៏បាន​សម្រួល​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ពលករ​ខ្មែរ​បំពេញ​បែបបទ​ស្របច្បាប់​ចូលទៅ​ធ្វើ​ការ​ងារ​ក្នុង​ប្រទេស​ថៃផង​ដែរ។

លោក​អភិបាល​ខេត្ត​ក៏បាន​លើកឡើង​ទៀតថា៖​ ក្នុង​រយៈពេល​ដែល​អាជ្ញាធរថៃ បានបញ្ជូន​ពលករ​ខ្មែរខុស​ច្បាប់ជាង ២១ម៉ឺន​នាក់ មិនបាន​ជូនដំណឹង​ដល់​អាជ្ញាធរ​កម្ពុជា គឺខាង​ភាគី​កម្ពុជា​នៅពេល​នោះ​ជួបការ​​លំបាក​មួយចំនួន ប៉ុន្តែ​បញ្ហា​ទាំងនោះ​ត្រូវបាន​ដោះស្រាយ ទាន់​ពេល​វេលា ។ ពាក់ព័ន្ធ​បញ្ហា​គ្រឿងញៀន លោក​អភិបាល​ខេត្ត​បន្ទាយ​មានជ័យ បានបញ្ជាក់​ថា​បញ្ហា​គ្រឿងញៀន​សមត្ថកិច្ច​ខេត្ត​បន្ទាយ​មានជ័យ​ក្នុងរយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ បាន​បង្ក្រាប​ជន​សង្ស័យ​គ្រឿង និង​ដកហូត​បាន​គ្រឿង​ញៀន​មួយ​ចំនួន​ធំ ។ បញ្ហានេះ​អាជ្ញាធរ​ខេត្ត​បន្ទាយ​មានជ័យ និង​ធ្វើការ​សហការ និង​អាជ្ញាធរ​ខេត្ត​ស្រះកែវ ដើម្បី​រួមគ្នា​បន្ត​ធ្វើការ​ទប់ស្កាត់ បង្ក្រាប​គ្រឿងញៀន​ឆ្លងដែន​ឱ្យមាន​ប្រសិទ្ធ​ភាព ។

ក្នុងឱកាស​នោះ​ឯកឧត្តម​អភិបាល​ខេត្ត​បន្ទាយ​មានជ័យ ក៏បាន​សំណូម​ពរដល់​អាជ្ញាធរ​ខេត្ត​ស្រះកែវ ជម្រុញ​ដល់ការ​បើកច្រក​ព្រំដែន​ត្រង់​បង្គោល​ព្រំដែន ៤៣ នៅស្រុក​អូរជ្រៅ​ឱ្យបាន​ឆាប់រហ័ស, ជម្រុញ​ឱ្យមាន​អ្នកវិនិយោគ​ថៃចូល​មក​បណ្តាក់​ទុន​នៅខេត្ត​បន្ទាយ​មានជ័យ, សម្រួល​ដល់ការ​ចេញចូល​ដឹកទំនិញ និង​ការចេញ​ចូល​របស់​ភ្ញៀវ​អន្តរជាតិ​តាមច្រក​អន្តរជាតិ​ប៉ោយប៉ែត និង​សំណូមពរ​ឱ្យ​អាជ្ញាធរ​ថៃដឹក​ពលករ​ខ្មែរ​បញ្ជូន​មកវិញ សូមយក​ទៅដាក់​នៅចំណុច​ផ្សារ​មង្គល ក្រុង​ប៉ោយប៉ែត ដើម្បី​បញ្ចៀស​ភាពរញ៉េ​រញ៉ៃ និង ក្រុង​ប៉ោយប៉ែត ដើម្បី​បញ្ចៀស​ភាពរញ៉េរញ៉ៃ និង ជួយផ្តល់​ពត៌មាន​ទៅវិញ​ទៅមក​ពីជំងឺ​អេបូឡា​ផងដែរ។

ក្នុងការ​ទប់ស្កាត់​ជំងឺ​អេបូឡា​នេះ ក្រសួង​សុខាភិបាល បានដាក់​ម៉ាស៊ីន​ស្កេន នៅតាម​ច្រកចេញ​ចូលព្រលាន​យន្តហោះ​ពោធិ​ចិនតុង ព្រលាន យន្តហោះ​ខេត្ត​សៀមរាប និង​ច្រកចេញ​ចូល​ប៉ោយប៉ែត​ជាប់ព្រំ​ប្រទល់​ប្រទេសថៃ។ ដោយដាក់​ភ្ងាក់ងារ​សុខាភិបាល​ក្នុងច្រកនីមួយៗ ពី៣​ទៅ​៤នាក់ ដើម្បី​ត្រួត​ពិនិត្យ​អ្នក​ដំណើរ​ចេញចូល​តាមច្រក​ខាង​លើ​នេះ។ការចុះ​ការដាក់​ម៉ាស៊ីន​ស្កេន​កំដៅ​រករោគ​សញ្ញា​ជំងឺ​អេបូឡា​នេះ ដើម្បី​ពង្រីក​ការងារ​ប្រព័ន្ធ​ការពារ​ដែលមាន​ស្រាប់ និងរៀបចំ​ប្រព័ន្ធ​តាមដាន និង​ឆ្លើយតប​គោរព​តាមនិតិ​ស្តង់ដា​សំដៅ​ការពារ​សុវត្តិភាព និង​សន្តិសុខ​ជួន​ប្រជា​ពលរដ្ឋ​យើង​កុំឲ្យ​ឆ្លងជំងឺ​ដ៏កាច​សាហាវ​នេះ។ រហូតមក​ដល់​ពេល​នេះ នៅកម្ពុជា​នៅ​មិន​ទាន់មាន​ករណី​សង្ស័យ ឬឆ្លង​ជំងឺ​អេបូឡា​នៅ​ឡើយ​ទេ។

សូមតាមដានព័ត៌មានលំអិតអំពី Ebola នៅលើគេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៤

Google Analytics Alternative