សិប្បកម្ម​ផលិត​ប្រហិត​ត្រី​នៅ​ខេត្ត​ព្រះ​សីហនុ រងការចោទ​ថា​បាន បង្កប់​សារធាតុ​ពុល

ជាមួយ​នឹង​​​ព៌តមាន​​​លេច​ទ្បើង​​​ពីសិប្បកម្ម​​​ផលិត​​​ប្រហិត​​​ត្រី នៅ​ខេត្ត​​​ព្រះសីហនុ​​បង្កប់​​នូវ​ជាតិ​​ហ្វកម៉ុល ដែលធ្វើ​​ឲ្យប៉ះពាល់​​ដល់​​សុខភាព​​អ្នក​​បរិភោគ ប្រធាន​​​មន្ទីរ​​​ឧស្សា​ហកម្ម​ និង​​​សិប្បកម្ម​​​ខេត្ត​​នេះ បាន​​​បដិសេធ​​​ថា សិប្ប​កម្ម​​នេះ​​មិនមាន​​​ដាក់​​​បញ្ចូល​​ជាតិ​​ហ្វកម៉ុល​ ឬបារ៉ត និង​ប៉ូរ៉ាក់​ចូលក្នុង​ប្រហិត​ត្រីនេះទេ។

រូបភាព ពី​ សហការី

រូបភាព ពី​ សហការី

លោក ប្រាក់ ប្រាកដ ប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្ត​ព្រះសីហនុ បានមាន​ប្រសាសន៍​ប្រាប់​គេហទំព័រ​សុខភាព​កម្ពុជា ឲ្យដឹង​នៅរសៀល ថ្ងៃទី៤ កញ្ញា​កន្លងមក​ថា លោកបាន​ទទួល​ព៌តមាននេះ តាមរយៈ​សារ​ព៌តមាន ហើយលោក​បានយក​ផលិតផលនេះ​ទៅធ្វើ​តេស្ត នៅមន្ទីរ​ពិសោធន៍​របស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ហើយជា​លទ្ឋផល​យើងមិន​បានរក​ឃើញ​ផលិតផល​ប្រហិត​ត្រីនេះ​មាន​សារធាតុ ដែលធ្វើ​ឲ្យប៉ះ​ពាល់ដល់​សុខភាព​អ្នកទទួល​ទាននោះ​ទេ។

លោកបន្តថា “ខ្ញុំបាន​យក​ប្រហិត​ត្រីនៅ​សិប្បកម្មនេះ ទៅធ្វើ​តេស្ត​ចំនួន​ពីរដង តែនៅ​តែរក​មិនឃើញ​សារធាតុ ដែលធ្វើ​ឲ្យប៉ះពាល់​ដល់​សុខភាព​អ្នកបរិភោគនោះទេ”។ លោក សោម សាវ៉ាត អនុប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម បានមាន​ប្រសាសន៍​ឲ្យដឹង​ថា មន្ទីរ​ពិតជា​បានយក​ប្រហិត​ត្រីទាំង​នោះទៅ​ពិសោធន៍ ហើយមិន​បាន​រកឃើញ​សារធាតុ​ហាមឃាត់​ដាក់ក្នុង​ប្រហិត​ត្រីទាំង​នោះទេ។ សិប្បកម្ម​នេះបាន​ទទួល​វិញ្ញាបន​ប័ត្រ​បញ្ជាក់ពី​គុណភាព ពីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​ផងដែរ។

រូបភាព ពី​ សហការី

រូបភាព ពី​ សហការី

ការលើក​ទ្បើងនេះ​ធ្វើទ្បើង​បន្ទាប់ពី​មានគេហទំព័រ​ក្នុងស្រុក​មួយ បានសរសេរ​ពីបញ្ហនេះ ដោយចោទ​ប្រកាន់​សិប្បកម្មនេះ​ផលិត​ប្រហិត​ត្រីសមុទ្រ​ប្រើប្រាស់​សារធាតុ​គីមី រួមមានហ្វកមុល ដែលគេ​ហៅថា​បារ៉ត សម្រាប់​ដាក់លើ​សាកសព​មិនឲ្យ​ស្អុយ​រលូយ និងម្សៅ​បូរ៉ាក់ សម្រាប់​ដាក់សាច់​ត្រីឲ្យ​ស្រស់​ស្វិត​របស់​អ្នកស្រី ជា ផល្លា នៅតំបន់​ទំនប់​រលក​សង្កាត់​លេខ១ ក្រុងព្រះ​សីហនុ មានការ​រីកដុះដាល​សម្បើម​ណាស់ ទោះបី​ប្រជាពលរដ្ឋ​រិះគន់​យ៉ាងណា​ក្តី ក៏ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ធ្វើមិនដឹងមិនឮ ព្រមទាំង​មានការ​គាំទ្រ​យ៉ាងពេញ​ទំហឹង​ថែមទៀត។ ប្រការនេះ​ត្រូវបាន​គេសង្ស័យ​ថា អាចមាន​អំពើ​ពុករលួយ​បង់ខែ ឬ​ដាក់​ភាគហ៊ុន​ណាមួយ​រវាង​ថ្នាក់​ដឹកនាំ​ក្រសួង​ថ្មីមួយ​នេះ និង​ម្ចាស់​សិប្បកម្ម​កែច្នៃ​ប្រហិត​ត្រី​សមុទ្រ​មួយនេះ។

ទោះ​ជា​យ៉ាងណា​ប្រភព​ព៌តមាន​នោះ មិនបាន​ធ្វើការ​ដកស្រង់ ឬសម្ភាសន៍​មន្រ្តីជំនាញ ដើម្បី​អះអាង​ពីរឿងនេះ​នោះទេ។ លោក​ស្រីជា ផល្លា ជាម្ចាស់​សិប្បកម្ម​នេះ​មិន​លើក​ទូរស័ព្ទទេ ដោយមាន​ស្រ្តីម្នាក់​ជាអ្នក​លើក​ជំនួស និង​អះអាង​ជាជំនួយ​ការ​របស់​គាត់។

សូមតាមដានពត័មានលំអិតផ្សេងទៀត នៅលើគេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៤

Google Analytics Alternative