ជំងឺថ្លើមប្រភេទB បញ្ហា និងវិធីសាស្រ្តបង្ការ

ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះ ជំងឺ​ថ្លើម​បាន​រីករាល​ដាល​ជាច្រើន​លើ​ប្រជាជន​កម្ពុជា ហើយវា​បានក្លាយ​ជាបន្ទុក​ដ៏ធ្ងន់ធ្ងរ​សម្រាប់​អ្នកឆ្លង​ជំងឺនេះ ដែល​ទាមទារ​ឲ្យមាន​ការពិនិត្យ​តាមដាន​ច្បាស់លាស់ មុនសម្រេច​ធ្វើការ​ព្យាបាល​ឲ្យបាន​ត្រឹមត្រូវ​ជាមួយ​គ្រូពេទ្យ​ជំនាញ។

រោគសញ្ញា​ជំងឺ​ថ្លើម​បេ និង​ដំណាក់កាល​ត្រូវ​ព្យាបាល

រូបភាព ពី​ internet

រូបភាព ពី​ internet

អ្នកឯកទេស​ផ្នែក​ជំងឺ​ថ្លើម ពោះវៀន លោក​វេជ្ជ​បណ្ឌិត​ ឆាយ គីម​ប៉ាវ​ ប្រធាន​ផ្នែក​ជំងឺ​ប្រព័ន្ឋ​រំលាយ​អាហារ នៃមន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ សូវៀត បានមាន​ប្រសាសន៍​ឲ្យ គេហទំព័រ សុខភាពកម្ពុជា ដឹងកាល​ពីពេល​ថ្មីៗនេះថា ជំងឺថ្លើម​ប្រភេទបេ គឺជាជំងឺ​រលាក​ថ្លើម ដែលបង្ក ដោយ​មេរោគ​រលាក​ថ្លើម​ប្រភេទ​បេ។ ជំងឺនេះ​ត្រូវបាន​បែងចែក​ជាដំណាក់​កាល​ខុសៗ​គ្នា នៅពេល​មេរោគ​នេះចូល​ក្នុង​រាងកាយ​មនុស្ស។ ដំណាក់​កាលឆ្លង​ដំបូង​ជំងឺ​នេះ ត្រូវចាត់​ថ្នាក់ជា​ជំងឺ​ស្រួចស្រាវ ដំណាក់​កាល​រុំារ៉ៃ ដំណាក់​កាល​វិវត្តន៍​ទៅ​ជាក្រិន​ថ្លើម និង​អាច​វិវត្តន៍​ដល់​មហារីក​ថ្លើម។

លោក​បន្តថា ប្រសិនជា​អ្នកណា​ម្នាក់​ឆ្លង​ជំងឺ​នេះ និងជា​ទៅវិញ​មុន​រយៈពេល​៦ខែ គេហៅ​ជំងឺ​ថ្លើម​ប្រភេទ​ស្រួចស្រាវ ប៉ុន្តែ​ប្រសិនជា​មិនជាសះ​ស្បើយ​លើស​រយៈពេល​៦ខែ គេហៅថា​ជំងឺ​រលាក​ថ្លើមរុំារ៉ៃ។ ប្រសិនជា​​ក្រោយ​រយៈពេល​៦ខែ ជំងឺនេះ​មិនជាសះ​ស្បើយ គឺមេរោគ​នេះនឹង​ស្ថិត​នៅក្នុង​ខ្លួន​យើង​រហូត។ ភាព​រុំារ៉ៃរ​បស់​ជំងឺ​នេះ​មាន​បួន​ប្រភេទ ទី១ មាន​មេរោគ​តែមិនប៉ះ​ថ្លើម​ គឺមិន​ចាំបាច់​ព្យាបាល ទី២ មាន​មេរោគ​ច្រើន​តែក៏មិន​ប៉ះដល់​សាច់​ថ្លើម មាន​មេរោគ​តិចល្មម​តែប៉ះ​ថ្លើម​ធ្វើឲ្យ​រលាក​ថ្លើម ករណីនេះ​គឺត្រូវ​ធ្វើការ​ព្យាបាល និងទី៤ អ្នកជំងឺ​ថ្លើម​អាចវិវត្តន៍​ទៅជា​សះ​ស្បើយ តែអាច​ប្រើ​ថ្នាំ
ខុស ឬ​ជំងឺ​លាប់​ទ្បើងវិញ គឺមាន​ភាព​សាហាវ និង​ទាមទារ​ធ្វើការ​ព្យាបាល​បន្ទាន់។

លោក ឆាយ គឹមប៉ាវ បាន​បន្ត​ថា “អ្នកឆ្លង​ជំងឺ​ថ្លើម​ប្រភេទ​B​ទាំងអស់ មិនមែន​សុទ្ឋតែ​ត្រូវការ​ព្យាបាល​នោះទេ ព្រោះ​ក្នុងចំណោម​អ្នកឆ្លង​ជំងឺ​ថ្លើម​ប្រភេទ​B​១០០​នាក់ មានតែ​៤០នាក់​ប៉ុណ្ណោះ ដែល​ចាំបាច់​ត្រូវ​ធ្វើការ​ព្យាបាល”។ លោក​បន្ត​ថា “ជំងឺនេះ​មាន​រោគ​សញ្ញា​ជាច្រើន ដូចជា​អស់​កំលាំង លឿង​ស្បែក ឈឺ​ឆ្អល់ៗ​នៅឆ្អឹង​ជំនី​ខាងស្តាំ ក្តៅខ្លួន ស្រីវស្រាញជា​ដើម ”។

ការចម្លង

រូបភាព ពី​ internet

រូបភាព ពី​ internet

លោក​វេជ្ជបណ្ឌិត ឆាយ គឹមប៉ាវ បាន​បន្ត​ថា ជំងឺនេះ​ឆ្លង​ច្រើន​ជាងគេ​ គឺការ​​ចំលង​ពីម្តាយ​ទៅកូន បន្ទាប់មក​ឆ្លង​តាម​រយៈ​ការរួម​ភេទ និង​ឆ្លង​តាមរយៈ​ការប្រើ​ប្រាស់​សម្ភារៈ​រួមគ្នា ដែលមាន​ដាច់​រលាត់ ឬចេញ​ឈាម ប៉ុន្តែ​មេរោគនេះ​ក៏មិន​ងាយឆ្លង​នោះដែរ ព្រោះ​អ្នកមាន​មេរោគ​ថ្លើម​ប្រភេទ​បេនៅ​ក្នុងខ្លួន គឺមាន​ការ​ប្រែ​ប្រួល និង​ចំនួន​មេរោគ​តិច ឬ​ច្រើន​ខុសៗ​គ្នា​អាស្រ័យ​លើអ្នក​ជំងឺ​ម្នាក់ៗ។ មេរោគនេះ​មានច្រើន​ជាងគេ​នៅក្នុង​ឈាម ក្នុង​ទឹកកាម និង​អាចឆ្លង​តាមទឹក​មាត់​ប្រសិនជា​អ្នកនោះ​មានរបួស។

លោក​បន្តថា “ការបឺត​មាត់គ្នា​អាចឆ្លង​តិចបំផុត ព្រោះមេរោគ​នេះមាន​នៅ​ក្នុង​ទឹកមាត់​តិចបំផុត ប៉ុន្តែ​ប្រសិនជា​មិនមាន​ការរបួស ឬ​មេរោគ​របស់​ជំងឺនេះ​វាមិន​ឆ្លង​នោះទេ ”។ លោក​បន្ត​ថា “អ្នកជំនាញ​ក៏មិន​មាន​ភស្តុតាង​ច្បាស់​លាស់​ថា ជំងឺនេះ​អាច​ឆ្លង​តាម​រយៈ​ការ​ប្រើប្រាស់​សម្ភារៈ​រួមគ្នា​ធម្មតា​ៗ​នោះ​ដែរ លើក​លែងតែ​ការប៉ះ​ឈាម ឬមុខ​របួស ហើយ​សម្ភារៈ​ឬឧបករណ៍​នោះ​ត្រូវបាន​យកទៅ​ប្រើប្រាស់​លើអ្នក​ដទៃ​ទៀត ហើយ​បង្កឲ្យ​មាន​ការដាច់​រលាត់ ”។

ដំណាក់កាល​ព្យាបាល
អ្នក​ឯកទេស​រូបនេះ​បាន​បន្តថា មេរោគ​ដែលចូល​ក្នុងខ្លួន​យើង វា​សម្ងំ​រយៈពេល​ពី២សប្តាហ៍ ទៅ​៦ខែ​ មុននឹង​ចេញ​រោគ​សញ្ញា ហើយក្នុង​រយៈពេល​ចេញ​រោគ​សញ្ញា ប្រសិនជា​អ្នកជំងឺ​ទទួល​ការព្យាបាល​ដោយ​ត្រឹមត្រូវ គឺអាច​ជាសះ​ស្បើយ​លើសពី​​៩០​ភាគរយ។ លោកបន្ត​ថា មុនឈាន​ដល់​ដំណាក់​កាល​ព្យាបាល គ្រូពេទ្យ​ឯកទេស​ពិនិត្យ​តាមដាន​លើកត្តា​ជាច្រើន ដូចជា​ការពិនិត្យ​មើល​តើអ្នកជំងឺ​មាន​រលាក​ថ្លើម​ឬទេ មាន​សម្លាក​ឬទេ បើខូច​សាច់​ថ្លើម​តើខូច​ក្នុង​កំរិត​ណា មានមេរោគ​ចំនួន​ប៉ុន្មាន ពោលគឺ​គ្រូពេទ្យ​ពិនិត្យ​តាមដាន​យ៉ាង​ល្អិតល្អន់ ព្រោះអ្នក​ឆ្លង​មេរោគ​នេះ មិនសុទ្ឋ​តែត្រូវ​ព្យាបាល​នោះទេ។
ការព្យា​បាល​ត្រូវ​ធ្វើទ្បើង​ដោយវិធី​ពីរបែប ទី១​ព្យាបាល​ដោយ​ថ្នាំគ្រាប់​ដែលអាច​ជាការ​ព្យាបាល​មួយ​ជីវិត និងទី២ អាចប្រើ​ប្រាស់ថ្នាំ​ចាក់​ក្នុង​រយៈពេល​ណាមួយ ប៉ុន្តែអាច​បញ្ឈប់​ក្នុងរយៈ​ពេល​ណាមួយ​ផងដែរ។

លោកវេជ្ជបណ្ឌិត ឆាយ គឹមប៉ាវ បានបន្ត​ថា រហូតមក​ទល់​ពេលនេះ មិនទាន់​មាន​ឳសថ​ណា​អាច​ព្យាបាល​ជំងឺ​ថ្លើម បានជា​សះស្បើយ​១០០​ភាគរយ​នោះទេ ប៉ុន្តែ​មានការ​លើក​ទ្បើង​ថា បើ​ព្យាបាល​មិនជា​តើព្យាបាល​ដើម្បី​អ្វី? ចម្លើយគឺ ទី១ ព្យាបាល​ដើម្បី​ទប់កុំ​ឲ្យជំងឺនេះ​វិវត្តន៍​ទៅជា​ជំងឺ​រុំារ៉ៃ ទី២ ការពារ​ជំងឺ​នេះ​កុំឲ្យ​មានការ​វិវត្តន៍​កាន់តែ​ធ្ងន់ធ្ងរ និង​ទី៣ ព្យាបាល​ដើម្បី​កុំឲ្យ​សាច់ថ្លើម​មាន​សម្លាក​កាន់តែច្រើន ដែលអាច​វិវត្តន៍​ទៅជា​មហារីក​ថ្លើម​ឬក្រិន​ថ្លើម។

ដំណាក់កាល​ការពារ
រហូតមក​ទល់​ពេលនេះ ជំងឺថ្លើម អ្នក​វិទ្យា​សាស្រ្ត​បាន​រកឃើញ​វ៉ាក់សាំង​សម្រាប់​ការពារ​អ្នកមិន​ទាន់ឆ្លង កុំឲ្យ​ឆ្លងជំងឺ​នេះ​បាន បើទោះជា​មិនទាន់​មានឳសថ​ណា​អាច​ព្យាបាល​ជាសះ​ស្បើយ​១០០​ភាគរយ​ក៏ដោយ។ លោកវេជ្ជបណ្ឌិត ឆាយ គឹមប៉ាវ បានមាន​ប្រសាសន៍​ថា អ្នកឆ្លង​មេរោគ​ថ្លើម​ប្រសិនជា​មានប្រព័ន្ឋ​អង្គបដិ​ប​ក្ខ​ប្រាណ (អង់ទីគ័រ) ក្រោយពេល​ជាសះស្បើយ គឺមិន​ឆ្លងជំងឺ​នេះទៀត​នោះទេ ហើយគេ​អាចចាក់​វ៉ាក់សាំង​ឲ្យទារក​ក្រោយ​ប្រសូត្រ​រយៈពេល​១២ម៉ោង ដើម្បី​ការពារ​ទារក​ពីការឆ្លេង​មេរោគនេះ។ លោកបន្តថា​ប្រជាជន​កម្ពុជា​គួរទៅ​ពិនិត្យ​ឈាម​គ្រប់ៗ​គ្នា ដើម្បី​ការពារ​ខ្លួនពីការ​ឆ្លងមេរោគ​រលាក​ថ្លើម​គ្រប់​ប្រភេទ តាមរយៈ​ការចាក់​វ៉ាក់សាំង​ការពារ​ខ្លួន ដើម្បី​ការពារ​ខ្លួនពី​ការឆ្លង​ជំងឺនេះ។ លោក​បន្តថា ប្រសិនជា​ការឆ្លង​ជំងឺ​ត្រូវ​ចម្លង​ពីម្តាយ​ទៅកូន ច្រើនតែ​ជាករណី​វិវត្តន៍​រុំារ៉ៃ និង​៩០​ទៅ៩៥​ភាគរយ គឺមិនជា​សះ​ស្បើយ។

លោកបន្តថា “អ្នក​ឆ្លង​ជំងឺនេះ អាចជា​សះស្បើយ​រហូត​ដល់​៩០​ភាគរយ ប្រសិនជា​ទទួលការ​ព្យាបាល​ដោយ​ត្រឹមត្រូវ និង​អ្នក​ជំងឺ​អាចជា​ដោយ​ឯកឯង។អ្នកឆ្លង​ជំងឺ​ថ្លើម មិនងាយ​ឈានទៅ​វិវត្តន៍​ទៅជា​ធ្ងន់ធ្ងរ​នោះទេ ព្រោះជំងឺ​នេះអាច​វិវត្តន៍​ទៅដល់​ដំណាក់កាល​ក្រិន​ថ្លើម ឬ​មហារីក​ថ្លើម នៅរយៈ​ពេល២០​ឆ្នាំ​ក្រោយពេល​ឆ្លង​មេរោគ​នេះ ប៉ុន្តែ​ប្រសិនជា​អ្នកជំងឺ​បានទទួល​ការពិគ្រោះ​តាមដាន និង​ព្យាបាល​បាន​ត្រឹមត្រូវ វាមិនងាយ​វិវត្តន៍​ដល់ដំណាក់កាល​ក្រិនថ្លើម​នោះទេ ”។

អ្នកងាយរងគ្រោះដោយសារជំងឺនេះ
ការខូច​សាច់ថ្លើម​អាចបណ្តាល​មកពី​ជាតិពុល ដូចជា​សុរា ការប្រើ​ប្រាស់ថ្នាំ​មិនបាន​ត្រឹមត្រូវ។ លោក​វេជ្ជបណ្ឌិត ឆាយ គឹមប៉ាវ បាន​បន្ត​ថា ទោះជាមិន​ឈឺជំងឺ​ថ្លើម​ក៏យើង​ត្រូវ​តមស្រា​ដែរ ព្រោះក្នុង​ចំណោម​មូលហេតុ​នៃជំងឺ​​ក្រិន​ថ្លើម ស្រាក៏​ជាមូលហេតុ​មួយដែរ។ អ្វីដែល​កាន់តែ​គ្រោះថ្នាក់​ថែមទៀតនោះ​ គឺអ្នកផឹក​ស្រាច្រើន ប្រើប្រាស់​ថ្នាំខុស​វេជ្ជបញ្ជា ពិសេស​អ្នកមាន​ជំងឺធាត់ គឺងាយ​វិវត្តន៍​ទៅជា​ជំងឺថ្លើម​ធ្ងន់ធ្ងរ ជាងអ្នក​ជំងឺ​ធម្មតា។

សូមតាមដានពត័មានលំអិតផ្សេងទៀត នៅលើគេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៤

Google Analytics Alternative