កម្ពុជា បញ្ជូនពលករទៅធ្វើការនៅកូរ៉េជាង៦ពាន់នាក់ ៨ខែនេះ

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ បានមានប្រសាសន៍ប្រាប់វេបសាយ សុខភាពកម្ពុជា កាលពីថ្ងៃទី០៣ខែកញ្ញា ឲ្យដឹងថា នៅក្នុង​រយៈពេល​៨ខែ ឆ្នាំ២០១៤នេះ កម្ពុជា​បានបញ្ជួន​ពលករ​ទៅធ្វើការ​នៅប្រទេសកូរ៉េ​បាន៦១១៤នាក់​ហើយ​ដែល​ធ្វើឲ្យ​ចំនួនពលករ​ធ្វើការ​នៅប្រទេស​កូរ៉េ​កើនឡើង​ដល់ជាង​៣៤០០០​នាក់។

រូបភាពពី សហការី

រូបភាពពី សហការី

លោកបណ្ឌិត អ៊ិត សំហេង បានបន្ត​ថា​កាលពី​ឆ្នាំ២០១៣ មានពលករ​កម្ពុជា​ចំនួន​៧០០០នាក់​បានបញ្ជួន​ទៅធ្វើការ​នៅកូរ៉េ។ដូចនេះ​នៅឆ្នាំ២០១៤នេះ ចំនួន​ពលករ​កម្ពុជា​ទៅធ្វើ​នៅកូរ៉េ​អាចមាន​ចំនួន​ប្រហាក់ប្រហែល​នឹងឆ្នាំ២០១៣​ដែរ ហើយកាល​ឆ្នាំ២០១២​បានបញ្ជួន​ចំនួន​៨១០០០​នាក់ច្រើន​ជាងឆ្នាំ​២០១៣ និង២០១៤។

ពលករ​កម្ពុជា ទៅធ្វើការ​នៅប្រទេស​កូរ៉េមាន​នៅក្នុង​វិស័យ​ឧស្សាហកម្ម នេសាទ កសិកម្ម និង​សំណង់។ ។ពលករ​ដែលទើប​នឹងទៅដល់​ប្រទេស​កូរ៉េ​ដំបូង ទទួលបាន ប្រាក់ខែ​ ចំនួន​១០០០​ដុល្លា ក្នុង១ខែ និង ឆ្នាំបន្ទាប់​ទទួលបាន​ប្រាក់ខែ​ចាប់ពី ១២០០​ដុល្លា​ឡើងទៅ​ក្នុង១ខែ។

លោករដ្ឋមន្ត្រី​​បានមាន​ប្រសាសន៍​បន្តថានៅក្នុង​អាស៊ាន​ទាំង ១០ មានតែ​ប្រទេស ៤ ប៉ុណ្ណោះ​មិនបាន​បញ្ជូន​ពលករ​ទៅធ្វើការ​នៅប្រទេស​កូរ៉េ រួមមាន ព្រុយណេ, ម៉ាឡេស៊ី, សាំងហ្គាពួ និង ឡាវ ។ កូរ៉េ​ខាងត្បូង​បានអនុញ្ញាត​ឲ្យប្រទេស ១៥ មាន​សិទ្ធិ​បញ្ជូន ពលករ​ទៅធ្វើការ​នៅទីនោះ​តាមរយៈ​ក្រសួង​ការងារ​ប្រទេស​កូរ៉េ ។ពលករ​កម្ពុជា​ត្រូវបាន ប្រទេសកូរ៉​ផ្តល់​ចំណាត់​ថ្នាក់​លេខ១​ ក្នុងចំណោម​ប្រទេស ទាំង១៥​លើការ​អនុវត្ត​ការងារ​បានល្អ។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រទេស​កម្ពុជា​បានបញ្ជូន​ពលករ​ទៅធ្វើការ​នៅតាម​បណ្តា​ប្រទេស​មួយចំនួន រួមមាន​កូរ៉េ, ថៃ, សឹង្ហបូរី, ជប៉ុន និង​មាឡេស៊ី។ពាក់ព័ន្ធ​នឹងការ​ជ្រើសរើស​ពលករ ​លោករដ្ឋមន្ត្រី​បានពន្យល់​ឲ្យដឹងថា​ការជ្រើសរើស​ពលករ​ទៅធ្វើការ​នៅប្រទេស​កូរ៉េមាន​ភាពយុត្តិធម៌​ជាទីបំផុត ព្រោះភាគី​កូរ៉េ​ជាអ្នករៀប​ចំនិង​ជ្រើសរើស​ដោយខ្លួនគេ​តែម្តង សូម្បីតែ​ការប្រលង​ក៏គេយក​ទៅកែនៅ​ប្រទេសគេ​ ហើយលទ្ធ​ផលប្រលង​ចេញដោយ​ប្រព័ន្ធ​កុំព្យូទ័រ​ដែរ។ចំណែក​ភាគី​កម្ពុជា​គ្រាន់តែ​ជាអ្នក​ជួយផ្សព្វ​ផ្សាយ ស្តីពី​ការជ្រើស​រើសពលករ​ដល់​ប្រជាពលរដ្ឋ​បានដឹង​តែប៉ុណ្ណោះ។ដូចនេះ​រាល់​ពាក្យ​ចចាម​អារាម​ខាងលើនេះ​មិនមែន​ជាការ​ពិតនោះ​ទេ។

លោករដ្ឋមន្ត្រី​បានបន្តថា​ «សូមមាន​ការប្រុង​ប្រយ័ត្ន​កុំឲ្យចាញ់បោក​គេ ហើយសូម​កុំសូក​ប៉ាន់ឲ្យ​សោះ វាអត់​ប្រយោជន៍​ទេ បើឃើញ​មានករណី​នេះ សូមរាយការណ៍​មកក្រសួង ដើម្បីឲ្យ​ក្រសួង​មានវិធាន​ការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​ជនបោក​ប្រាស់​ទាំងនោះ»។ព្រោះថា​បច្ចប្បន្ននេះ​មានជន​ខិលខូច​មួយចំនួន​ដើរបោក​ប្រាស់គេ ដើម្បីតែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន ដោយពួកគេ អះអាងថា អាចជួយ​សំរួល​បែបបទ និងនីតិវិធី គ្រប់យ៉ាង​អាចទៅ​ធ្វើការ​នៅកូរ៉េ​បាន​ដោយ​តំលៃ​ណាមួយ។

ប្រទេសកម្ពុជា បានបញ្ជូន​ពលករ​ទៅធ្វើការ នៅប្រទេស​កូរ៉េ ក្នុងឆ្នាំ​២០០៧ហើយ គិតរហូត​មកដល់​ឆ្នាំ២០១៤នេះ​មានពលករ​កម្ពុជា​ចំនួន​ជាង​៣៤០០០​នាក់ ដែល​កំពុង​បំរើ​ការងារ​នៅ​ប្រទេស​កូរ៉េ ។ ដោយសារ​តែប្រាក់ខែ​នៅប្រទេស​កូរ៉េខ្ពស់​បានធ្វើ​ឲ្យយុវជន​មួយចំនួន​ងាកមក​រៀនភាសា​កូរ៉េយ៉ាង​ច្រើន​ហើយសាលា​ដែលបង្រៀន​ភាសាកូរ៉េ​ក៏រីក​លូតលាស់​ច្រើនផង​ដែរ។

សូមតាមដានពត័មានលំអិតផ្សេងទៀត នៅលើគេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៤

Google Analytics Alternative