ខេត្តរតនគីរី​ប្រឈម​នឹង​កង្វះ​ខាត​ទឹក និង​បង្គន់​អនាម័យ​ប្រើប្រាស់

បញ្ហាកង្វះខាត បង្គន់អនាម័យ និង ទឹកស្អាតប្រើប្រាស់ នៅប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ គឺជាបញ្ហាដ៏ចំបងមួយ  ដែលបញ្ហានេះ បានធ្វើឲ្យ ប៉ះពាល់ យ៉ាងខ្លាំង​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ​យើង​ពិសេស​កុមារ។

Toilet Mondol Kiri 1

រូបភាពពី គេហទំព័រ សុខភាពកម្ពុជា

ក្នុងចំណោម​រាជធានី ខេត្ត​ទាំងអស់​មានតែ​ខេត្ត​នៅភាគ​ឥសាន្ត​ទេ​ ដែលមាន​ការប្រឈម​ខ្លាំងជាងគេ​លើកង្វះ​ខាតទឹក និង​បង្គន់​អនាម័យ​នេះ។
យោង​តាម​ការអង្កេត​ពាក់កណ្តាល​ប្រជាសាស្ត្រ ឆ្នាំ២០១៣ បាន​បង្ហាញ​ថា ប្រជាជន​តាមជនបទ​នៅប្រទេសកម្ពុជា​ទទួលបាន​ការកែលម្អរ​អនាម័យ​ចំនួនតែ ៣៨,៥ ភាគរយ និង​មានទឹកស្អាត​ប្រើប្រាស់ ៥០ ភាគរយ។ ប៉ុន្តែ សម្រាប់​ខេត្តរតនៈ​គិរី ដែល​សំបូរ​ទៅដោយ​ជណជាតិ​ភាគតិច រស់នៅ​ ប្រជា ជន មានបង្គន់​អនាម័យ​ប្រើប្រាស់​មានត្រឹម​តែ ២៣ ភាគរយ និង​មាន​ទឹកស្អាត​ប្រើប្រាស់​ប្រមាណ ៣៨ ភាគរយ​ប៉ុណ្ណោះ។

ដោយសារ​កង្វះការ​អនុវត្ត​អនាម័យ និង​ទទួលទាន​ទឹក​មិនស្អាត ជាមូលហេតុ​ចម្បង​ធ្វើឲ្យមនុស្ស​ស្លាប់​ដោយសារ​ជំងឺរាគ។ យោងតាម​ការសិក្សា​ស្រាវជ្រាវ ការអង្កេត​ប្រជាសាស្ត្រ និង​សុខភាព​ឆ្នាំ២០១០ បានបង្ហាញថា កុមារ​អាយុ​ក្រោម ៥ឆ្នាំ ស្លាប់​ដោយសា​ជំងឺរាគ ចំនួន​១៧ភាគរយ។ កុមារ​រស់​ក្នុង​ខេត្តរតនៈ​គិរី និង​មណ្ឌល​គិរី ងាយទទួលរង​នូវជំងឺ​រាគ​នេះ​ច្រើន​ជាង ២៤ ភាគ​រយ បើធៀបទៅ​កុមាររស់​ខេត្តផ្សេងៗ។

Toilet Mondol kiri 2

រូបភាពពី គេហទំព័រ សុខភាពកម្ពុជា

ដើម្បី​ដោះស្រាយ​បញ្ហានេះ​ អង្គការ​ភ្លែន​កម្ពុជា​បា​ន​ដាក់​ចេញ​ផែនការ​ស្តីពី​គម្រោង​រយៈពេល​បីឆ្នាំ​ដោយសម្រេច​ផ្តល់ជូន​នូវការប្រើ​ប្រាស់​ទឹកស្អាត និង​ប្រតិបត្តិ​ការអនាម័យ​ដល់បងប្អូន​ជនជាតិ​ភាគតិច​ប្រមាណ​ជាបីពាន់​គ្រួសារ ដែលមាន​សមាជិក​សរុប​១៤៥០០​នាក់។ គម្រោង​របស់​អង្គការ​ភ្លែនកម្ពុជា​នេះ បានចាប់​ផ្តើមអនុវត្ត​ពីខែសីហា ឆ្នាំ២០១៤ រហូតដល់​ខែសីហា ឆ្នាំ២០១៧ ដែលមាន​តំបន់គោលដៅ​ចំនួន ៣៤ ភូមិ និង​សាលាបឋម​សិក្សា​ចំនួន​២៩ សាលា និង ៦ឃុំ ក្នុងស្រុក​វើនស៉ៃ និង​ស្រុកអណ្តូង​មាស​ ខេត្តរតន​គីរី។

លោក ប្រាយ អិន បិកកិត ប្រធាន​ស្តីទី​អង្គការ​ភ្លែនអន្តរជាតិ​កម្ពុជា ថ្លែងនៅក្នុង​ពិធីសិក្ខា​សាលា​ផ្សព្វផ្សាយ​គម្រោង​លើកម្ពស់​ការទទួល​ទាន ទឹកស្អាត និង​អនាម័យ នៅខេត្ត​រតនគីរី​កាលពីថ្ងៃ​ទី០២កញ្ញា ថា “ការទទួលបាន​ទឹកស្អាត និង​អនាម័យ​ វាមិន​ត្រឹមតែ​ជាយន្តការ ការអភិវឌ្ឍន៍មួយ​ប៉ុណ្ណោះទេ ប៉ុន្តែ​ដើម្បី​បំពេញ​បាននូវ​សិទ្ធិ​រស់រាន​មានជីវិត ជាពិសេស​សម្រាប់​កុមារ។ ការទទួល​បានសិទ្ធិ​ដំបូងគេ​ដ៏សំខាន់​មួយនេះ នឹង​បើកទ្វារ​ឲ្យក្មេង​ជំនាន់​ក្រោយ សម្រេច​បាននូវ​សិទ្ធិ​ដទៃៗ ផ្សេងៗ​ទៀត ដែលអាច​ធ្វើឲ្យ​ពួកគេ​ក្លាយជា​ធ​នធាន​មិនអាច​ខ្វះបាន ដើម្បីបន្ត​ការអភិវឌ្ឍន៍​ក្នុងខេត្ត​ដ៏ស្រស់មួយនេះ ក៏ដូចជា​ក្នុងប្រទេស​ទាំងមូល”។

លោក ហង់ ហីប៊ុណ្ណា មន្ត្រី​ឯកទេស​ផ្នែកទឹកស្អាត​និង​អនាម័យ អង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា​ក៏បាន​ឲ្យដឹង​ដែរថា៖ “យើងមិន​រំពឹងទេ​ថា គ្មាន​ឧបសគ្គ​នោះ ប៉ុន្តែ​ផ្អែកលើ​បទពិសោធន៍​ជាងមួយ ទសវត្ស​កន្លង​មកនោះ យើងជឿ​ជាក់យ៉ាងមុត​មាំ​ថា យើងនឹង​ព្យាយាម​សម្រេច​ឲ្យបាន នូវអ្វី​ដែលបាន​គ្រោងទុក​ក្នុងកម្មវិធីនេះ ដែលអាចជា​ទន់សន្សំ​សុខភាព និងការបង្ការ ជំងឺផ្សេងៗ ដែលបង្ករ​ឡើងដោយការ​ខ្វះអនាម័យ និង​ការប្រើប្រាស់​ទឹកមិនស្អាត»។ លោកមាន​ជំនឿ​ជឿជាក់​ថា កម្មវិធីនេះ នឹងជួយឲ្យ​កុមារ ជាពិសេស​កុមារី មករៀន​បានជាប់លាប់ និង​កាត់បន្ថយ​ការបោះបង់​ការសិក្សា”។

សូមតាមដានពត័មានលំអិតផ្សេងទៀត នៅលើគេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៤

Google Analytics Alternative