កម្ពុជា​នឹង​មាន​​មជ្ឈ​​មណ្ឌល​​ផ្លាស់​ប្តូរ​​ក្បាល​ឆ្អឹង នៅខែ​តុលា​

ដោយមើល​​ឃើញច្បាស់​​ពីតម្រូវការ និង​​ចំនួន​​អ្នកជំងឺ​​មានបញ្ហា​​បាក់ឆ្អឹង កាន់តែ​​មានការ​កើន​ទ្បើង​​នៅកម្ពុជា មន្ទីរពេទ្យ​​មិត្តភាព​​ខ្មែរ សូវៀត ​នឹងដាក់​ឲ្យដំណើរ​​ការ​មជ្ឈ​មណ្ឌល​​វះកាត់​ផ្លាស់​ប្តូរ​ក្បាល​ឆ្អឹង​បាក់ នៅក្នុង​​ខែតុលា​ ២០១៤​​ខាងមុខនេះ។

រូបភាពពី គេហទំព័រ សុខភាពកម្ពុជា

រូបភាពពី គេហទំព័រ សុខភាពកម្ពុជា

លោកសាស្រ្តា​ចារ្យ ងី ម៉េង នាយក​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ សូវៀត ហៅពេទ្យ​រុស្ស៊ី បានមាន​ប្រសាសន៍ ឲ្យ​វេបសាយ​សុខភាពកម្ពុជា ដឹង កាលពី ពេលថ្មីៗនេះថា នៅខែ​តុលា​ខាង​មុខនេះ មន្ទីរពេទ្យ​នឹងដាក់​ឲ្យដំណើរ​ការ​មជ្ឈ​មណ្ឌល​សម្រាប់​ផ្លាស់ប្តូរ​ក្បាល​ឆ្អឹង​សម្រាប់ មនុស្ស​ចាស់​ដែលដួល​បាក់ឆ្អឹង​មិនអាច​ធ្វើចលនា​បានឲ្យ​អាចដើរ​បាន​ទ្បើងវិញ តាមរយៈការ​ឆ្អឹងសប្ប​និម្មិត​ជំនួស​វិញ។ មជ្ឈ​មណ្ឌលនេះ​នឹងធ្វើការ​ផ្លាស់ប្តូរ​ក្បាលឆ្អឹង​ត្រគាក ដែលបាក់ ឬសឹក​រេចរិល​ទាំងមនុស្ស​ពេញ វ័យ និង​មនុស្ស​ចាស់។ អ្នកបាក់​ឆ្អឹង​ត្រគាក​ភាគច្រើន​មនុស្ស​ចាស់ ដោយសារ​ឆ្អឹង​របស់​ពួកគាត់​មានភាព​ផុយស្រួយ​នៅពេល​អាយុ​កាន់​តែច្រើន។

លោក​បន្តថា “យើងជួប​អ្នកជំងឺ​បែបនេះ​ច្រើន ព្រោះនៅ​ពេលមនុស្ស​វ័យកាន់​តែចាស់​បានធ្វើ​ឲ្យឆ្អឹង​យើងកាន់​តែស្រួយ ប៉ុន្តែ​សេវា​ផ្លាស់ប្តូរ​ក្បាលឆ្អឹង​បែបនេះ​ត្រូវចំណាយ​ប្រាក់ច្រើន តែយើង​នឹងធ្វើ​យ៉ាងណា​ឲ្យសេវា​នេះមាន​តំលៃ​សមរម្យ​អាចទទួល​យកបាន ដើម្បីកុំ​ឲ្យពួកគាត់​ទៅស្រុក​គេដែល​មានការ​ចំណាយ​កាន់តែ​ច្រើន”។ លោក​បន្តថា “យើងមាន​ធនធាន​មនុស្ស​សម្រាប់​ការងា​រ​នេះ និង​មានជំនួយ​ពីអង្គការ​សប្បុរស​នៅក្រៅ​ប្រទេស ដើម្បីជួយ​ឲ្យមជ្ឈ​មណ្ឌលនេះ​ដំណើរ​ការ​បាន​ល្អ”។ មជ្ឈ​មណ្ឌល​នេះ​​បាន​ចំណាយ​ទឹកប្រាក់​រៀបចំ និង​បំពាក់​សម្ភារៈ​ឧបករណ៍​ទំនើបៗ​អស់ជាង​១០០.០០០​ដុល្លារ​អាមេរិក។

មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ សូវៀត​ កាលពី​ពេលថ្មីៗ​នេះក៏បាន​សម្ភោធ​ដាក់ឲ្យ​ដំណើរការ​នូវអាគារ​សម្រាប់​ពិនិត្យ​ព្យាបាល​ជំងឺក្រៅ​សម្រាប់​ជំងឺគ្រប់​ឯកទេស​ផងដែរ ដែលការ​ជុសជុល និង​បំពាក់​សម្ភារៈ​ថ្មីនេះ​បាន​ចំណាយ​អស់ទឹក​ប្រាក់ជាង​៥០០០០​ដុល្លារ​សហរដ្ឋ​អាមេរិក។

សូមអាន​ព័ត៌មាន​ពិស្តារ៖ មន្ទីរពេទ្យរុស្ស៊ី ដាក់ឲ្យ​ដំណើរការ អាគារ​ឯកទេស ព្យាបាល​ជំងឺ

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៤

Google Analytics Alternative