ប្រធាន​សមាគម​ទន្ត​ពេទ្យ​កម្ពុជា និយាយ​ពីប្រការ​គួរធ្វើ មុនពេល​ដកធ្មេញ

ដោយសារកាលពី​ពេលថ្មីៗនេះ មានជន​រងគ្រោះម្នាក់ បានបាត់បង់​ជីវិត​បន្ទាប់ពី​ដកធ្មេញ និង​មិន​ទាន់​ទទួលបាន​ការធ្វើ​កោសល្យ​វិច្ច័យ​ច្បាស់​លាស់​ថាបណ្តាលមក​ពីមូលហេតុអ្វី និង​ដើម្បី​បញ្ចៀសហានិភ័យ​ដល់អាយុ​ជីវិតពី​ការដក​ធ្មេញ លោក ទៀង ឆ្នើម ប្រធាន​សមាគម​ទន្តពេទ្យ​កម្ពុជា​បានធ្វើការ​ពន្យល់​ និងបក​ស្រាយពី​បញ្ហានេះ។

រូបថត លោក ទៀង​ ឆ្នើម

លោកទន្តបណ្ឌិត ទៀង​ ឆ្នើម

លោក ទៀង ឆ្នើម បានមាន​ប្រសាសន៍​ឲ្យវេបសាយ​សុខភាពកម្ពុជា ដឹង​នៅព្រឹក​ថ្ងៃទី២ កញ្ញានេះ​ថា ករណីមាន​អ្នកដកធ្មេញ​ស្លាប់​នៅគ្លីនិក​មួយម្តុំ​អាងទឹក​អូរទ្បាំពិក យើង​មិនទាន់​មានការ​សន្និដ្ឋាន​បែបណា​នៅទ្បើយ​ទេ ដោយសារ​នោះជា​សមត្ថកិច្ច​របស់​សមត្ថកិច្ច​ជាអ្នក​ធ្វើកោសល្យ​វិច្ច័យ និង​ជាសមត្ថកិច្ច​របស់​តុលាការ​ ជាអ្នក​ធ្វើការ​ស៊ើប​អង្កេត​លើរឿង​នេះ ប៉ុន្តែ​តាមធម្មតា​ការដកធ្មេញ គឺមិន​ធ្វើឲ្យ​ប៉ះពាល់​ដល់អាយុ​ជីវិតនោះទេ ឬមិនមាន​មូលហេតុ​ធ្វើឲ្យស្លាប់ បណ្តាលមក​ពីការដក​ធ្មេញនោះដែរ ប្រសិនជាអ្នក​រងគ្រោះ​មិនមាន​ជំងឺតំណ​ពូជទេ។

លោកបន្តថា ករណីស្លាប់​បណ្តាលមក​ពីការដក​ធ្មេញ ជាករណី​កម្រ​បំផុត ប៉ុន្តែ​អាចកើត​មានទ្បើង​លើបីករណី ទី១ ប្រសិនជា​អ្នកដកធ្មេញ​មានជំងឺ​តំណូពូជ ឈាមក្រកក (ហេម៉ូហ្វីលៀ) អ្នកដកធ្មេញ​អាចហូរ​ឈាម​មិនឈប់ និង​អាចបណ្តាល​ឲ្យស្លាប់​បាន ប្រសិន​ជាមិនបាន​ទទួលការ​សង្រ្គោះ​ទាន់ពេល​វេលា។ ទី២ ករណី​ជំងឺ​ហើម​ក្រោម​ស្បែក ដែលជា​​ជំងឺមួយ​​ធ្វើឲ្យ​​អ្នករង​គ្រោះ​មានសភាព​ហើម​នៅបំពង់ក ធ្វើឲ្យ​ស្ទះផ្លូវ​ដង្ហើម និង​អាច​បណ្តាល​ឲ្យអ្នកជំងឺ​ស្លាប់បាន ប្រសិនជា​អ្នកជំងឺ​មិនទទួល​បានការ​សង្រ្គោះ ឬ​ប្រាប់ពី​ជំងឺ​និងអាការៈ​របស់ខ្លួន​ទៅគ្រូពេទ្យ ឬ​ទន្តពេទ្យ​ដែលខ្លួន​ធ្វើការ​ដកធ្មេញ​នោះ ប៉ុន្តែ​ករណី​បែបនេះ​មាន​១លើ​១០ម៉ឺនករណី ។ និងទី៣ អាចបណ្តាល​មកពី​ឧបករណ៍​ពេទ្យ​គ្មានអនាម័យ ឬ​អ្នកជំងឺ​គ្មាន អនាម័យ​ខ្លួនឯង ដែលធ្វើ​ឲ្យមាន​ហើម ឬ​ខ្ទុះក្រោយ​ពេលដក​ធ្មេញ​រហូត​ធ្វើឲ្យ​មេរោគ​ចូលពេញ​ក្នុងឈាម ក៏អាច​បណ្តាល​ឲ្យអ្នក​ដកធ្មេញ​ស្លាប់បាន។ ម្យ៉ាងទៀត ប្រជាជន​ខ្មែរ​និយម​ប្រើថ្នាំ​ផ្សះ​ច្រើន ជួលកាល​ថ្នាំផ្សះ​ដែលគ្រូពេទ្យ​ឲ្យអ្នក​រងគ្រោះ​បន្ទាប់​ពីដក​ធ្មេញ យកទៅ​ប្រើប្រាស់​មិនមាន​ប្រ​សិទ្ឋិភាព។

រូបភាព ពី Internet

រូបភាព ពី Internet

តើអ្នកដក​ធ្មេញ​ត្រូវ​ប្រាប់គ្រូពេទ្យ​បែបណា មុនសម្រេច​ចិត្តដកធ្មេញ ​ដើម្បីបញ្ចៀស​ហានិភ័យ​ខាងលើនេះ លោក ទៀង ឆ្នើម បាន​ពន្យល់​ថា អ្នក​ដក​ធ្មេញ​ទាំងទ្បាយ​ត្រូវជ្រើស​រើសគ្លីនិក​ធ្មេញ​ណា ដែលមាន​ការទទួលស្គាល់​ពីក្រសួង​សុខាភិបាល និង​ទទួលស្គាល់​ពីសមាគម​ទន្តពេទ្យ ឬគណៈ​ទន្តពេទ្យ​កម្ពុជា និង​ត្រូវប្រាប់ទៅ​ទន្ត​ពេទ្យ ឬ​ទន្តបណ្ឌិត​ពីអាការៈ​ឬជំងឺ​តំណពូជ​របស់​ខ្លួន ដើម្បី​គ្រូពេទ្យ​បានដឹង​ជាមុន ហើយគ្រូពេទ្យ​ត្រូវសួរ​អ្នកដក​ធ្មេញ ពីប្រវត្តិ​របស់អតិថិជន​របស់ខ្លួន និង​ត្រូវធ្វើ​រោគវិនិច្ច័យ​បែបណា ដើម្បីដឹង​ពីស្ថានភាព​រ​បស់​អតិថិជន​របស់ខ្លួន មុនសម្រេចចិត្ត​ដកធ្មេញ​ជូនអតិថិជន​របស់ខ្លួន ដើម្បី​បញ្ចៀសហានិភ័យ​ ដែលធ្វើឲ្យអតិថិជន​របស់ខ្លួន​រងគ្រោះ​ដល់អាយុ​ជីវិត។

សូមតាមដានពត័មានលំអិតផ្សេងទៀត នៅលើគេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៤

Google Analytics Alternative