មន្ត្រីកាំកុងត្រូ​ខេត្ត​បន្ទាយ​មានជ័យ ដកហូត​ទំនិញ​ខូច​គុណភាព​

ការប្រើប្រាស់​ទំនិញ និង​ម្ហូប​អាហារ ដែល​ហួស​កាល​កំណត់​ប្រើប្រាស់ ឬ​គ្មាន​ស្លាក​សញ្ញា​ច្បាស់​លាស់​នោះ វា​បាន​បណ្តាល​​ឲ្យ​ប៉ះ​ពាល់​​យ៉ាង​ខ្លាំង ដល់​សុខភាព​​របស់​​ប្រជា​ពលរដ្ឋ​​ដែល​ជាអ្នក​​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ហើយ​មាន​​ករណី​ខ្លះ​​អាច​ឈាន​​ដល់​គ្រោះ​​ថ្នាក់​អាយុ​​ជីវិត​​ទៀត​ផង។

រូបភាពពី គេហទំព័រ សុខភាពកម្ពុជា

រូបភាពពី គេហទំព័រ សុខភាពកម្ពុជា

ដើម្បី​ទប់ស្កាត់​​បញ្ហា​នេះ​​មាន​តែ​មន្ត្រី​ជំនាញ​ធ្វើការ​ត្រួត​ពិនិត្យ​មុខ​ទំនិញ​​នៅ​តាម​ទីផ្សា​នានា​ ដើម្បី​ធានា​​ពីគុណភាព​​ដើម្បី​​ឲ្យ​ប្រជា​ពលរដ្ឋ​​យកទៅ​​ប្រើប្រាស់​​មិន​ប៉ះពាល់​​ដល់​សុខភាព និង​កាត់​​បន្ថយ​​ភាព​ក្រីក្រ​​តាមយៈ​​មិនចំណាយ​​ទៅលើ​ការ​ព្យា​បាល​ជំងឺ​​ផ្សេងៗ​​ដែល​បណ្តាល​មកពី​ការ​​ប្រើ​ប្រាស់​​ទំនិញ​​តាម​ទីផ្សារ​នេះ។

ជាក់ស្តែង​ កាលពី​​ថ្ងៃ​ទី០១ ខែកញ្ញា ឆ្នាំ២០១៤ មន្រ្តី​​កាំកុងត្រូល​សាខា​ខេត្ត​បន្ទាយ​មានជ័យ ដោយមាន​ការចូលរួម​សហការ​ពីនគរបាល​ប្រឆាំង​បទល្មើស​​សេដ្ឋកិច្ច​ខេត្ត ដឹកនាំ​កម្លាំង​ដោយ​លោក សាន វិជ្ជាសា​រ៉ាវុធ អនុប្រធាន​កាំកុងត្រូល​សាខា​ខេត្ត បានចុះ​ត្រួតពិនិត្យ​ទំនិញ ម្ហូបអាហារ​ដាក់តាំង​លក់នៅ​ផ្សារ និង​ផ្ទះលក់​គ្រឿងទេស​នៅក្នុង​ស្រុកស្វាយ​ចេក បានសរុប​ចំនួន​៣២​កន្លែង ។

លោក សាន វិជ្ជាសារ៉ាវុធ បានមាន​ប្រសាសន៍​ថាការ​ចុះត្រួត​ពិនិត្យ​ទំនិញដាក់​តាំង​លក់​របស់​អាជីវករ នៅស្រុក​ស្វាយចេក សមត្ថកិច្ច ធ្វើ​ឡើង​ដោយ​អនុវត្ត​តាមតួនាទី​ភាកិច្ច ប្រកប​ដោយ​ស្មារតី​ទទួលខុស​ត្រូវខ្ពស់ អនុឡោម​តាមគោល​ការច្បាប់ ដើម្បីធ្វើការ​ទប់ស្កាត់​ទំនិញ​ចរាចរណ៍​នៅលើ​ទីផ្សារ​ក្នុងខេត្ត​បន្ទាយ​មានជ័យ ដែលអាច​មានតាំង​លក់គ្មាន​សុវត្ថិភាព ដែលជា​បញ្ហា​ប្រឈម​គ្រោះថ្នាក់​ដល់ប្រជា​ពលរដ្ឋ ។

រូបភាពពី គេហទំព័រ សុខភាពកម្ពុជា

រូបភាពពី គេហទំព័រ សុខភាពកម្ពុជា

លោកអនុប្រធាន​កាំកុង​ត្រូល បានបញ្ជាក់ថា​បើកាលណា​ប្រជាពលរដ្ឋ​ទិញទំនិញ​គ្មានសុវត្ថិភាព​យកទៅ​បរិភោគ ជាហេតុ​បង្កឲ្យ​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ និង​ធ្វើឲ្យ​ខាតបង់​ថវិកា​ក្នុងក្រុម​គ្រួសារ និង​ថវិកា​ជាតិ​ផងដែរ ។ លោកបាន​បន្តថា​ក្នុងការ​ចុះពិនិត្យ​ទំនិញ​នៅស្រុក​ស្វាយចេក​នោះ មន្ត្រីយើង​បានត្រួត​ពិនិត្យ និង​រកឃើញ ហើយដកហូត​ទំនិញ​ដាក់តាំង​លក់ហួស​កាលកំណត់​ប្រើប្រាស់ គ្មាន​ស្លាក​សញ្ញា​វេចខ្ចប់ និង​ទំនិញ​ខូចគុណភាព​សរុប​ចំនួន​៤មុខ រួមមាន ប្រភេទ​ត្រីខ​កំប៉ុង ចម្រុះ​ចំនួន​៨៤​កំប៉ុង ម៉្សៅ​ទឹកដោះ​គោ​កូនក្មេង​ចំនួន​២កំប៉ុង​ធំ ទឹកក្រូច​ចម្រុះ​៣២​​ដប និង​​តំណាប់​​កន្ទួត ៤៦៨​ថង់តូច ។ ទំនិញ​ទាំងនោះ ត្រូវបាន​​សមត្ថកិច្ច​​យកមក​​រក្សាទុក នៅស្នាក់កាំងកុង​ត្រូល​ខេត្ត ដើម្បី​រង់ចាំ​ទុកដុត​កម្ទេច​ចោល ។

លោក សាន វិជ្ជាសារ៉ាវុធ បានបន្ត​ឲ្យដឹង​ថា នាឱកាស​ចុះត្រួត​ពិនិត្យ​ទំនិញនោះ​ដែរ មន្រ្តីជំនាញ​ក៏ធ្វើការ​អប់រំ ហើយឲ្យ​អាជីវករ​ខាងលើ ផ្តិតមេដៃ​ជាការព្រមាន​​ឲ្យបញ្ឈប់​​ការដាក់​តាំង​លក់​ទំនិញ​គ្មាន​​សុវត្ថិភាព​​តទៅ​ទៀត ប្រសិន​​ថ្ងៃក្រោយ សមត្ថកិច្ច​រកឃើញ នៅតែ​ដាក់តាំង​លក់​ទំនិញ ហាម​ឃាត់​ទៀត​នោះ សមត្ថកិច្ច​​នឹង​អនុវត្ត​ទៅតាម​ផ្លូវច្បាប់។

សូមតាមដានពត័មានលំអិតផ្សេងទៀត នៅលើគេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៤

Google Analytics Alternative