កង្វះអាហា​រូបត្ថម្ភ ធ្វើឲ្យ​កុមារ​កម្ពុជា​ស្លាប់ និង​ខាតបង់​សេដ្ឋកិច្ច​ជាង​៤០០​លាន​ដុល្លារ

យោងតាម​របាយការណ៍​របស់​មូលនិធិ​កុមារ​របស់​អង្គការ​សហ​ប្រជាជាតិ (Unicef) បានឲ្យដឹង​ថា បញ្ហាកង្វះ​អាហារូបត្ថម្ភ​បានធ្វើឲ្យ​កុមារ​កម្ពុជា ជាង​៦៤០០​ករ​ណី​ស្លាប់ ជារៀង​រាល់ឆ្នាំ។ ហើយ​បញ្ហានេះ​ក៏បាន​ធ្វើឲ្យ​ខាតបង់​ដល់សេដ្ឋកិច្ច​កម្ពុជា​ច្រើនជាង​៤០០​លានដុល្លារ​អាម៉េរិក​ផងដែរ។

រូបភាពពី គេហទំព័រ សុខភាពកម្ពុជា

រូបភាពពី គេហទំព័រ សុខភាពកម្ពុជា

របាយការណ៍​ដដែលនោះ រកឃើញថា កុមារ កម្ពុជា អាយុក្រោម​៦ឆ្នាំ ចំនួន​៤០​ភាគរយ មានបញ្ហា​ក្រិន ខណៈ​ដែលពួកគេ​ចំនួន ២៨ភាគរយ មានទម្ងន់​មិនគ្រប់ និង១១ភាគរយ​ទៀត មានភាព​ស្គមស្គាំង។ ជាងនេះ​ទៅទៀត បញ្ហា​កង្វះ​អាហារូបត្ថម្ភ ត្រូវបាន​គេចាត់​ទុកថា ជាមូលហេតុ​នៃករណី​មរណភាព​កុមារ​៤៥ភាគរយ ក្នុងចំណោម ករណី​ទាំងអស់។ អត្រាមរណភាព​កុមារ អាយុ​ក្រោម​៥ឆ្នាំ គឺមាន​៥៤នាក់ ក្នុង១,០០០​កំណើត​រស់។ ដោយឡែក មានតែ​កុមារ អាយុ៣-៥ឆ្នាំ ចំនួន​៣៣​ប៉ុណ្ណោះ ដែលចុះឈ្មោះ​ចូលរៀន ក្នុងកម្មវិធី​អប់រំ​កុមារ​តូច។ បញ្ហា​កង្វះ​អាហា​រូបត្ថម្ភ ក៏បានធ្វើឲ្យ​អត្រាត្រួតថ្នាក់​របស់កុមារ​នៅថ្នាក់​ទី១ មាន​ចំនួន​១០ភាគរយ។

របាយការណ៍​ក៏បានលើក​បង្ហាញ​ពីសារៈ​សំខាន់​នៃការថែទាំ​កុមារតូច​ដោយចាត់​ទុកថា​រៀងរាល់​ប្រាក់​១ដុល្លារ អាម៉េរិក​ដែលត្រូវ បានចំណាយ​លើការ​គាំពារ និង​អភិវឌ្ឍន៍ កុមារតូច​អត្ថប្រយោជន៍​ដែលទទួល​បានមកវិញ​អាចមាន​ច្រើនរហូត​ដល់៧ដុល្លារ​អាម៉េរិក។បើគិតពី​ការកើន​ឡើងនូវ​សមត្ថភាព​រៀនសូត្រ ផលិតភាព​ការងារ សុខុមាលភាព​ផ្លូវកាយ និង​ផ្លូវចិត្ដ និងការ ថយចុះ​នូវករណី​បទ ល្មើស​គឺមានន័យថា​កង្វះអាហារូបត្ថម្ភ​មិនអាច​​ស្ដារឡើង​វិញបាន​ឡើយ ហើយ​​ចាំបាច់​ត្រូវមាន​ការប្រើប្រាស់​ធនធានកាន់​តែច្រើន​ជាងមុន​ដើម្បីស្ដារ​ឡើងវិញនូវការបាត់​បង់ការអភិវឌ្ឍ ក្នុងឆ្នាំដំបូង។

របាយណ៍ដដែល​នោះបានឲ្យ​ដឹងទៀត​ថានៅក្នុង​ឆ្នាំដំបូងៗ​នៃជីវិត​ខួរក្បាល​លូតលាស់​ក្នុងល្បឿន​គិតជា​ការភ្ផាប់​ជាមួយនឹង​ប្រព័ន្ធ​ប្រសាទ​ថ្មីៗ​ចំនួន ៧០០ ក្នុងមួយ​វិនាទី។ ត្រឹមអាយុ​៣ឆ្នាំ ខួរក្បាល​របស់​កុមារ សកម្ម​ជាងខួរក្បាល​របស់​មនុស្ស​ពេញវ័យ​២ដង។ ដូច្នេះ​ប្រសិនបើ​ពុំមាន​អាហារូបត្ថម្ភ​គ្រប់គ្រាន់​នោះទេ កោសិកា​ប្រសាទ​ខួរក្បាល​របស់​ទារក ឬ កុមារ​ពុំមាន​ឥន្ធនៈ​ដើម្បី​លូតលាស់​ឡើយ ហើយប្រសិនបើ​កុមារជួប​ប្រទះនឹង​អំពើ​ហិង្សា ការធ្វេស​ប្រហែស ឬការ​អត់ឃ្លាត អូសបន្លាយ​ពេលយូរ​នោះសារ​ធាតុពុល ដែលនាំ​ឲ្យមាន​ភាពតានតឹង​ត្រូវបាន​ផលិត​ក្នុងខួរក្បាល​ហើយការ​អភិវឌ្ឍ​ផ្នែកបញ្ញា​ស្មារតី​ត្រូវទទួល​រងការ​កំហិត។

រីឯ​ក្រសួងអប់រំ​យុវជន​និងកីឡា​ រួមនឹង​អង្គការដៃគូ​នឹងអនុវត្ដ​នូវកម្មវិធីមួយ​ដើម្បីផ្ដល់​ការគាំទ្រ​ពហុវិស័យ​រួមគ្នាដល់​កុមារដែលរៀន​នៅតាម​សាលាមត្ដេយ្យ ដូចជា​ការផ្ដល់​នូវអាហារ​បន្ថែម ដែលមាន ជីវជាតិ ការពិនិត្យ សុខភាព និងការ​បញ្ផូន និងការ​ទម្លាក់ព្រូន។ កម្មវិធីនេះ​ក៏មានការ​ផ្ដល់ការ​អប់រំ​តាម សហគមន៍ ដែលផ្ដោត​គោលដៅ​លើមាតា បិតា ដែលមាន​កូនអាយុ​ក្រោម​៦ឆ្នាំ។

សូមបញ្ជាក់​ថានៅថ្ងៃ​ទី១​ខែកញ្ញានេះ​ មានពិធី​ប្រកាស​ផ្សព្វផ្សាយ​ជាផ្លូវការ​នៃគោល​នយោបាយ​ជាតិ និង​ផែនការ​សកម្មភាពជាតិ​ស្ដីពី​ការគាំពារ និង​អភិវឌ្ឍន៍ កុមារតូច​ ក្រោមអធិបតីភាព​សម្ដេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយក រដ្ឋមន្ដ្រីកម្ពុជា និងជាប្រធាន​កិត្ដិយស​គណៈកម្មា​ធិការជាតិ​គាំពារ និង​អភិវឌ្ឍន៍​កុមារតូច។

កម្ពុជា គឺជាប្រទេសមួយ​ដំបូងគេ​ក្នុងចំណោម​ប្រទេស​នៅតំបន់​អាស៊ាន​ដែល បានរៀបចំ​គោល​នយោបាយ និងផែនការ​សកម្មភាពជាតិ​ស្ដីពីការ​គាំពារ និងអភិ​វឌ្ឍន៍ កុមារតូច​ដែលក្ដោប​រួមលើគ្រប់​តម្រូវការ​ទាំងអស់​របស់កុមារ​តូច​បែបនេះ​ឡើង។

សូមតាមដានពត័មានលំអិតផ្សេងទៀត នៅលើគេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៤

Google Analytics Alternative