ច្បាប់គ្រប់គ្រង​ថ្នាំជក់ មានទំនាស់​ផល​ប្រយោជន៍​​យ៉ាងចំរូង​ចំរាស់

ស្របពេល​ឧស្សាហកម្ម​ថ្នាំជក់ បាន​និង​កំពុង​ដើរតួនាទី​បំផ្លាញ​សុខមាលភាព​ប្រជាពលរដ្ឋ នៅលើ​ពិភពលោក​កាន់តែ​ច្រើន ការពង្រឹង​ការអនុវត្តន៍ អនុសញ្ញា​ស្តីពីការ​ត្រួលពិនិត្យ​ថ្នាំជក់​នៅមាន​កម្រិត​នៅទ្បើយ​នៅកម្ពុជា​ដែលធ្វើឲ្យ​ប្រជាជន​កម្ពុជា​ជិត១០ ០០០​នាក់​​បាន​ស្លាប់​​ដោយសារ​​ថ្នាំជក់​ជា​រៀង​​រាល់ឆ្នាំ។

រូបភាពពី គេហទំព័រ សុខភាពកម្ពុជា

រូបភាពពី គេហទំព័រ សុខភាពកម្ពុជា

លោកស្រី មាន សំអាន ប្រធាន​គណៈកម្មការទី៨ គឺគណៈកម្មការ​សុខាភិបាល​សង្គម​កិច្ច អតីត​យុទ្ធជន យុវនីតិ​សម្បទា ការងារ​​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​កិច្ចការនារី​នៃព្រឹទ្ធ​សភា បានមានប្រសាសន៍​ឲ្យវេបសាយសុខភាពកម្ពុជា​ដឹងនៅព្រឹកថ្ងៃទី១ កញ្ញានេះថា ច្បាប់ ឬ លិខិត​បទដ្ឋាន​គតិយុត្ត ដែលមាន​​លក្ខណៈ​​ទន់ខ្សោយ មាន​ទំនោរ​​ការពារ​​ផលប្រយោជន៍​ឧស្សាហកម្ម​​ថ្នាំជក់ និង​​ទុក្ខវេទនា​​របស់​​ប្រជា​ពលរដ្ឋ។ លោក​ស្រីបន្តថា ឧស្សាហកម្មថ្នាំជក់​ធំៗ​ភាគច្រើន គឺជាឧស្សាហកម្ម​ឆ្លងទ្វីប ដែលប្រើប្រាស់​យុទ្ធសាស្ត្រ ប្រហាក់​ប្រហែល​គ្នា ការបង្កើន​ប្រាក់ចំណូល​របស់ខ្លួន នៅក្នុងប្រទេស ដែលខ្លួន​កំពុង​ប្រតិបត្តិការ ទោះបីជាដឹងថា អតិថិជន​របស់ខ្លួន​៦លាននាក់​បានស្លាប់​ក្នុង១ឆ្នាំៗ បណ្តាលមក​ពីការប្រើប្រាស់​ផលិតផល​ថ្នាំជក់​ក៏ដោយ បានមាន​ប្រសាសន៍ថា គោលបំណង​របស់​ឧស្សាហកម្ម​ថ្នាំជក់ គឺធ្វើ​យ៉ាងណា លក់ផលិត​ផល​បារី ឲ្យបាន​កាន់តែច្រើន។ រីឯ​គោលបំណង​របស់ សុខភាព​សាធារណៈ គឺធ្វើ​យ៉ាងណា កាត់បន្ថយចំនួន​អ្នកស្លាប់ និង​ពិការភាព និងជំងឺ​ដែលបង្កឡើង ដោយការ​ប្រើប្រាស់ ផលិតផល​ថ្នាំជក់។

លោកស្រី​បានបន្តថា “យុទ្ធសាស្ត្រ​ទីផ្សារ​ដ៏សំបូរ​បែប ឧស្សាហកម្ម​ថ្នាំជក់ បាន​និង​កំពុង​ប្រើប្រាស់ នូវយុទ្ធសាស្ត្រ​មួយទៀត គឺបង្កើន​ទំនាក់ទំនង ជាមួយអ្នក​ដែលពាក់ព័ន្ធ​នឹងការធ្វើច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​នានា ដើម្បីធ្វើ​យ៉ាងណា ឲ្យមាន​ការពន្យារ​ពេល នៃការ​អនុម័ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត ឬធ្វើឲ្យចុះខ្សោយ​ដល់ច្បាប់ និង​លិខិត​បទដ្ឋាន គតិយុត្ត​ទាំងនោះ”។ លោកស្រី​បន្ថែមថា “ច្បាប់ ឬលិខិតបទដ្ឋាន គតិយុត្ត ដែលមាន​លក្ខណៈ​ទន់ខ្សោយ មានទំនោរ​ការពារ ផល​ប្រយោជន៍ ឧស្សាហកម្ម​ថ្នាំជក់ និង​ទុក្ខវេទនា​របស់​ប្រជាពលរដ្ឋ ដែលបង្កឡើង​ដោយការ​ប្រើប្រាស់​ផលិតផល​ថ្នាំជក់”។

រូបភាពពី គេហទំព័រ សុខភាពកម្ពុជា

រូបភាពពី គេហទំព័រ សុខភាពកម្ពុជា

អនុរដ្ឋលេខាធិការ​ក្រសួងសុខា​ភិបាល លោកស្រី អ៊ុំ សាម៉ុល បានមាន​ប្រសាសន៍​ថា ជាការពិតណាស់​រដ្ឋាភិបាល​នៃប្រទេស​នីមួយៗ តែងតែ​ធ្វើអ្វីៗ​គ្រប់បែបយ៉ាង ដើម្បីលើក​កម្ពស់​សុខុមាលភាព​ប្រជាពលរដ្ឋ។ តែឧស្សាហកម្ម​ថ្នាំជក់នីមួយៗ​ជាក្រឹត្យក្រម គឺធ្វើយ៉ាងណា​ឲ្យផលិតផល​របស់ខ្លួន លក់កាន់​តែដាច់។ បើផលិត​ផល​ថ្នាំជក់ លក់កាន់​តែដាច់មាន​ន័យថា មានមនុស្ស​កាន់តែច្រើន នឹង​ធ្លាក់ខ្លួនឈឺ ពិការ​ឬស្លាប់។ ដូចនេះ​រដ្ឋាភិបាល និង​ឧស្សាហកម្ម​ថ្នាំជក់ មានទំនាស់​ផលប្រយោជន៍​ជាមូលដ្ឋាន ក្នុងការលើក​កម្ពស់សុខុមាលភាព​របស់​ប្រជាជន។ អនុសញ្ញា​ស្តីពីការ​ត្រួតពិនិត្យ​ថ្នាំជក់ របស់​អង្គការ​សុខភាព​ពិភពលោក ក្នុងនាម​ជាប្រទេស​ហត្ថលេខី ក្រសួង​សុខាភិបាល​បានដាក់ចេញ​នូវវិធានការ ជាបន្តបន្ទាប់​ចំពោះការ​ទប់ស្កាត់​និងកាត់​បន្ថយការ​ប្រើប្រាស់​ថ្នាំជក់។

លោកស្រី​​បានឲ្យដឹងទៀតថាៈ” ខ្ញុំសូម​ធានាថា ការផ្តួចផ្តើម​ការតាក់តែង​ច្បាប់ស្តីពី ការត្រួតពិនិត្យ​ថ្នាំជក់នឹង​ទប់ស្កាត់​ឲ្យបាននូវ ការជ្រៀតជ្រែក​របស់​ឧស្សាហកម្ម​ថ្នាំជក់ ក្នុងទិសដៅ​ធ្វើយ៉ាងណា​ឲ្យច្បាប់​នេះ មានប្រសិទ្ធ​ភាពពេញលេញ​ក្នុងការការពារ​ផលប្រយោជន៍​សុខភាព​សាធារណៈ”។

សូមតាមដានពត័មានលំអិតផ្សេងទៀត នៅលើគេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៤

Google Analytics Alternative