មន្ទីរពេទ្យ​រុស្ស៊ី ដាក់ឲ្យ​ដំណើរការ អាគារ​ឯកទេស ព្យាបាល​ជំងឺ

ដោយសារមើលឃើញ​ពីតម្រូវការ​របស់​ប្រជាពលរដ្ឋ មានការ​កើនទ្បើង និង​មានបំណង​អភិវឌ្ឈន៍​មន្ទីរពេទ្យ​ឲ្យមានភាព​ទំនើប​ថ្នាក់តំបន់ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត ហៅពេទ្យ​រុស្ស៊ី បានដាក់ឲ្យ​ដំណើរការ​នូវសេវា​ព្យាបាល​ជំងឺឯកទេស​គ្រប់ផ្នែក​នៅក្នុង​បរិវេណ​មន្ទីរពេទ្យ​របស់ខ្លួន។

រូបភាពពី គេហទំព័រ សុខភាពកម្ពុជា

រូបភាពពី គេហទំព័រ សុខភាពកម្ពុជា

លោកសាស្រ្តាចារ្យ ងី ម៉េង នាយក​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរសូវៀត​បានមាន​ប្រសាសន៍ ប្រាប់​អ្នកសារ​ព័ត៌មាន​គេហព័រ សុខភាពកម្ពុជា ឲ្យដឹង បន្ទាប់ពី​ពិធីសម្ភោធ​ដាក់ឲ្យ​ដំណើរ​ការអាគារ​មន្ទីរពេទ្យ សម្រាប់​ព្យាបាល​ជំងឺលើ​គ្រប់ឯកទេស នៅព្រឹក​ថ្ងៃទី១ កញ្ញា​នេះ ថា អាគារនេះ​ត្រូវបាន​ជុសជុល​រយៈពេល​៦ខែ និង​ចំណាយ​អស់ទឹកប្រាក់​ជាង៥០ ០០០​ដុល្លារ មុនបើក​ពិធីសម្ភោធ​នៅថ្ងៃនេះ។ លោកបន្តថា អាគារនេះ​ជាទីតាំង​ប្រមូលផ្តុំ​គ្រប់​ឯកទេស​ទាំងអស់ មានទាំង​ជំងឺទូទៅ ជំងឺបេះដូង ក្រពះ សសៃប្រាសាទ កុមារ ជំងឺថ្លើម តម្រងនោម ផ្នែកវះកាត់ ផ្នែកជំងឺឆ្អឹង​ជាដើម។

លោកបន្តថា “យើងមាន​គ្រូពេទ្យឯកទេស​ទាំងអស់ និងព្យាបាល​អ្នកជំងឺ​ដោយមិនមាន​ការរើសអើង​ទ្បើយ គឺធ្វើយ៉ាងណា​ឲ្យសេវា​របស់យើង​មានលក្ខណៈ​ល្អប្រសើរ​ទ្បើង”។ លោកបន្តថា “មន្ទីរពេទ្យ​សូមទទួល​យកយោបល់ មតិកែលម្អ​របស់​អ្នកជំងឺ និង​ក្រុមគ្រួសារ​អ្នកជំងឺ​តាមរយៈ​ប្រអប់​សំបុត្រ ពីចំណុចខ្វះខាត​របស់យើង ដើម្បីយើង​អាចកែ​លម្អសេវា​កាន់តែប្រសើរ​ទ្បើង”។

លោក​វេជ្ជបណ្ឌិត ងី ម៉េង បានបន្តថា ថវិការ​ដែលយក​មកប្រើប្រាស់​លើការជុសជុល​អាគារនេះ គឺបានមក​ពីការបង់វិភាគទាន​របស់​អ្នកជំងឺ ហើយ​យើងយក​ថវិកា​ទាំងនោះ​មកប្រើប្រាស់ ដើម្បីអភិវឌ្ឈន៍​មន្ទីរពេទ្យ​ឲ្យមានភាព​កាន់តែ​ប្រសើរទ្បើង ក្នុងការផ្តល់​សេវាកាន់​តែមាន​គុណភាព ប្រសិទ្ឋិភាព​ជូនដល់​ប្រជាពលរដ្ឋ​កម្ពុជាយើង។

រូបភាពពី គេហទំព័រ សុខភាពកម្ពុជា

រូបភាពពី គេហទំព័រ សុខភាពកម្ពុជា

លោកសាស្រ្តាចារ្យ ស៊ា ហួង អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានមាន​ប្រសាសន៍ថា នេះជាការកែលំអរ​អាគារ​មន្ទីរពេទ្យ ដែលមាន​ស្រាប់ ដើម្បី​បង្កើតជា​កន្លែង​ពិនិត្យជំងឺ​ក្រៅរួមមួយ ដែលមានគ្រប់​ឯកទេស និង​មានលក្ខណៈ​វិទ្យាសាស្រ្ត​ប្រហាក់ប្រហែល​បណ្តាប្រទេស​នៅក្នុងតំបន់​ផងដែរ។ លោក​បន្តថា នេះជា​ការខិតខំប្រឹង​ប្រែង​របស់​ថ្នាក់ដឹកនាំ​មន្ទីរពេទ្យ និង​បុគ្គលិក​គ្រប់ជាន់​ថ្នាក់​ដែលតែងតែ​ដុតដៃដុត​ជើង និង​ការសន្សំប្រាក់​ដើម្បីបង្កើត​ផ្នែកនេះ​ទ្បើង ដើម្បី​បំរើ​ប្រជាជន​កម្ពុជា​យើង​ឲ្យបាន​សមស្រប​ទៅតាម​បច្ចេកទេស និងជំនាញ។

លោកបន្តថា “នេះគឺជា​​ការអភិវឌ្ឈន៍​​ទាំងផ្នែក​​បច្ចេកទេស ទាំងផ្នែក​​ធនធាន​​មនុស្ស ដើម្បីឈាន​​​ទៅដល់​​និយាម​អន្តរជាតិ ហើយមន្ទីរពេទ្យ​បានខិតខំ​ណាស់ ដើម្បី​មាន​លក្ខណៈ​ស្តង់ដា​អន្តរជាតិ”។ លោក​បន្តថា “មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត មើលជំងឺ​គ្រប់​សមាសភាព​ប្រជាជន​ទាំងអស់ មានលុយ​ក៏អញ្ជើញ​មក មិនមាន​លុយក៏​អញ្ជើញមក ព្រោះយើង​មើល​ទាំងអស់ មិនមាន​ការរើស​អើងទេ”។

សូមតាមដានពត័មានលំអិតផ្សេងទៀត នៅលើគេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៤

Google Analytics Alternative