សន្និសីទ គីមី និងជីវិត ថា ខ្មែរប្រើសារធាតុគីមី ក្នុងអាហារ

សន្និសីទស្ដីពី “គីមី និងជីវិត” នេះ មានបំណង​ប្រមូល​ផ្តុំ​អ្នកវិទ្យាសាស្ត្រ​មានវិជ្ជាជីវៈ គីមី ទាំង​ស្ថាប័នរដ្ឋ និងឯកជន ដើម្បីជជែក​ពិភាក្សាលើ​ការស្រាវជ្រាវ​អភិវឌ្ឍវិទ្យា​សាស្ត្រ ក្នុងពេលដែល​ប្រទេសកម្ពុជា កំពុងតែ​ដុះដាល​ខ្លាំងនៃការ​អភិវឌ្ឍ​ហេដ្ឋារចនា​សម្ព័ន្ធ​លំនៅឋាន បុរី ផ្លូវ​សាធារណៈ និងចំណី​អាហារ ជាដើម។

រូបភាពពី សហការី

រូបភាពពី សហការី

កាលពីថ្ងៃ​ទី២៨ និងទី២៩ ខែសីហា សមាគមគីមី​កម្ពុជា និង​រាជបណ្ឌិត្យ​សភាកម្ពុជា បានរៀបចំ​សន្និសីទ​រយៈពេល ២ថ្ងៃ ស្ដីពី “គីមី និងជីវិត” ដើម្បីចែក​រំលែក​ព័ត៌មាន​ថ្មីៗនៃ​លទ្ធផល​សិក្សា​ស្រាវជ្រាវ អំពីសារធាតុ​គីមី​នៅក្នុង​ចំណី​អាហារ និង​ក្នុងទឹក។ អ្នកជំនាញ​ផ្នែកស្រាវជ្រាវ​គីមីជាតិ និងអន្តរជាតិ ប្រមាណ ២៥០នាក់ ប្រជុំគ្នា​នៅក្នុង​សន្និសីទ​ស្ដីពី “គីមី និងជីវិត” ពីការរក​ឃើញថ្មីៗនូវ​សារធាតុគីមី​ក្នុងចំណី​អាហារ ដែលផ្សារភ្ជាប់​នឹងជីវិត។

រូបភាពពី សហការី

រូបភាពពី សហការី

លោកស្រី​បណ្ឌិត ខ្លូត ធីតា ប្រធាន​រាជបណ្ឌិត្យ​សភាកម្ពុជា ថ្លែងនៅក្នុង​សន្និសីទ​ស្ដីពី “គីមី និងជីវិត” ថា បញ្ហា​បរិស្ថាន សុខភាព សុវត្ថិភាព និង​អនាម័យ ជាពិសេស​កាក​សំណល់​រឹង និងរាវ និងបណ្ដា​សារធាតុគីមី​ដែលមាន​គ្រោះថ្នាក់ និងប៉ះពាល់​សុខភាព​សាធារណៈ ស្ថិតជាបញ្ហា​ចម្បង​ដែលត្រូវ​រកវិធី​ការពារ។ ប្រការនេះ ទាមទារឲ្យ​អ្នកវិទ្យាសាស្ត្រ​ស្រាវជ្រាវ​ឥតឈប់ឈរ និង​ច្បាស់លាស់ ដើម្បី​ត្រួតពិនិត្យ និង​គ្រប់គ្រង​បញ្ហា​បរិស្ថាន ធានា​នូវ​បរិយា​កាស​មួយ​​ដែលមាន​សុវត្ថិភាព និង​អនាម័យ​ដល់ជីវិត​មនុស្ស សត្វ និងរុក្ខជាតិ ដែលរស់​នៅលើ​ផែនដី។

សណ្តែកបណ្តុះ

រូបភាពពី សហការី

ចំណែក អនុប្រធាន​វិទ្យាស្ថាន​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា នៃរាជបណ្ឌិត្យ​សភាកម្ពុជា លោកស្រី​បណ្ឌិត សៀង ហ៊ុយ ក៏បានប្រាប់​ក្រុមអ្នកសារ​ព័ត៌មាន នៅថ្ងៃ​ទី២៨ ខែសីហា ផងដែរ ថា ថ្វីត្បិត​តែថ្មីៗ​នេះមាន​ព័ត៌មានផ្សាយ​ពីទឹកស៊ុប ផលិតរួចច្រកកាន ដឹកពីប្រទេស​វៀតណាម មកលក់ឲ្យ​ហាងគុយទាវ​នានា​ក្នុងប្រទេស​កម្ពុជា ក៏សមាគម​គីមីកម្ពុជា មិនមាន​សិទ្ធិក្នុងការ​ពិសោធដែរ វាជា​កាតព្វកិច្ច​របស់ក្រសួង​ពាណិជ្ជកម្ម និងកាំកុងត្រូល។ លោកស្រី​កត់សម្គាល់ថា សារធាតុគីមី​ដាក់ឲ្យ​សណ្តែក​បណ្តុះ​ពន្លឿន​ការរីកធំ គឺវា​ឆាប់រលួយ មិនអាចទុក​បានយូរថ្ងៃ ដោយសារតែ​គីមីបំប៉ន។

សូមអានបន្ថែម ទឹកស៊ុបប៊ីដុងនាំចូលមកកម្ពុជា អាចប៉ះពាល់សុខភាព

លោក ប៉ែន បញ្ញា និស្សិតសាកល​​វិទ្យាល័យ​​ភូមិន្ទភ្នំពេញ បានធ្វើបទបង្ហាញ ពាក់ព័ន្ធ​ការប្រើប្រាស់​សារធាតុគីមី​ក្នុងចំណី​អាហារ​នេះដែរ។ លោកបាន អោយដឹង ថា មានការ​រកឃើញ​បរិមាណ​ប៉ូលីក្លរួប៊ីផេនីល (Polychlorinated Biphenyls = PCB) និង ឌីក្លរួឌីផេនីល​ទ្រីក្លរួអេតាន (Dichlorodiphenyltrichloroethane = DDT) មាននៅក្នុង​ដីល្បប់​បឹង​កប់ស្រូវ ដែលកើតចេញ​ពីការបង្ហូរទឹក​ស្អុយមាន​សារធាតុគីមី និងការ​បោះចោល​គ្រឿងបន្លាស់​អគ្គិសនី​ទៅក្នុង​ទឹកបឹង ដែលប៉ះពាល់​ដល់អ្នករស់​នៅទីនោះ បង្កឲ្យកើត​ជំងឺផ្សេងៗ។

ក្រៅពីនោះ កញ្ញា ឆាយ គន្ធា និស្សិតសាកល​វិទ្យាល័យភូមិន្ទភ្នំពេញ ដែរ បង្ហាញថា មានលោហៈ​ធ្ងន់ ដូចជា ដែក ស័ង្កសី និងទង់ដែង ស្ថិតនៅក្នុង​ផ្ទៃទឹក​បឹងជើងឯក និងបឹង​កប់ស្រូវ ដែលពលរដ្ឋ​ប្រើប្រាស់ទឹកនោះ​ទៅអាចឲ្យ​កើតជំងឺថ្លើម ក្រពះ ពោះវៀន ឬក៏ឈានទៅ​រកមហារីក។

សូមតាមដានពត័មានលំអិតផ្សេងទៀត នៅលើគេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ សុខភាពកម្ពុជា
ចេញផ្សាយ ៖ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៤

Google Analytics Alternative